ប្រទេសវៀតណាម ៖ ស្ថាប័ន NielsenIQ នៅប្រទេសវៀតណាមបានបង្ហាញពីលទ្ធផលស្ទង់មតិថ្មីមួយថា នៅឆមាសទី១ ឆ្នាំ២០២៤ អតិថិជនវៀតណាមបានទិញទំនិញតាមអនឡាញជាមធ្យម ស្មើប្រមាណ៤លើកក្នុង១ខែ និងកើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ។ ដូចគ្នានេះ ចំនួនទិញទំនិញនៅតាមផ្សារទំនើបនានារបស់ពលរដ្ឋវៀតណាម ក៏បានកើនឡើងទ្វេដងផងដែរ ។
លទ្ធផលការស្ទង់មតិនេះបញ្ជាក់ទៀតថា ការពេញនិយមទិញទំនិញផ្សេងៗតាមអនឡាញនាពេលបច្ចុប្បន្ន មិនមែនមកពីទំនិញទាំងនេះមានតម្លៃថោកតែម្យ៉ាងនោះទេ ប៉ុន្តែវាបណ្តាលមកពីកត្តាសំខាន់ៗចំនួន២ រួមមាន ៖ ពលរដ្ឋវៀតណាមទិញទំនិញអនឡាញយកមកស្តុកទុកសម្រាប់តម្រូវការក្នុងគ្រួសារ ស្មើនឹង២៥% និងតម្រូវការទិញទំនិញចាំបាច់បន្ទាន់ ស្មើនឹង២១% ។
កាលពីប៉ុន្មានឆ្នាំមុន ពលរដ្ឋវៀតណាមបានប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ទិញទំនិញពុំចាំបាច់តែប៉ុណ្ណោះ ដូចជា៖ សម្ភារៈអេឡិចត្រូនិក, ផលិតផលប្រេន និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ។ ប៉ុន្តែបច្ចុប្បន្ន ពលរដ្ឋវៀតណាមបានទិញសម្ភារៈប្រើប្រាស់ចាំបាច់ក្នុងគ្រួសារតាមអនឡាញកាន់តែច្រើនជាងមុន ហើយបើគិតជាមធ្យម គឺពួកគេទិញទំនិញអនឡាញប្រមាណ៦ប្រភេទ ។ រីឯទំនិញលក់ដាច់បំផុតក្នុងអនឡាញ រួមមាន ៖ ម្ហូបអាហារ, ភេសជ្ជៈ និងគ្រឿងសម្អាង ខណៈទំនិញសំខាន់ៗបន្ទាប់ពីនេះ រួមមាន ៖ ផលិតផលប្រេន, សម្ភារៈកីឡា, សម្ភារៈថែទាំផ្ទះ និងបច្ចេកវិទ្យា ។
កម្មវិធីលក់ទំនិញតាមអនឡាញដែលទទួលបានការពេញនិយមបំផុតពីពលរដ្ឋវៀតណាមនៅឆ្នាំ២០២៤ មានចំនួន៥ គឺ ៖ Shopee, Lazada, Tiki, Sendo និង TikTok Shop ។ រីឯប្រាក់ចំណូលរបស់ការលក់រាយទំនិញនៅឆមាសទី១ ឆ្នាំ២០២៤ គឺស្មើនឹង២.៧៩០លានដុល្លារអាមេរិក កើនឡើង៧៨,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។
យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិវៀតណាមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសវៀតណាម នៅតែរក្សាអត្រាកំណើនខ្ពស់ជាងទីផ្សារលក់រាយទូទៅ ។ ជាក់ស្តែង ចំនួនការលក់រាយរបស់ទំនិញ និងប្រាក់ចំណូលផ្នែកសេវាកម្មនៅឆមាសទី១ ឆ្នាំ២០២៤ បានកើនឡើង៥,៧% ក្រោយពីរដ្ឋាភិបាលវៀតណាមបានចាត់វិធានការទប់ស្កាត់កុំឱ្យទំនិញប្រើប្រាស់ឡើងថ្លៃ ដើម្បីជួយដោះស្រាយការចំណាយខ្ពស់ក្នុងជីវភាពរស់នៅរបស់ពលរដ្ឋ ៕










