នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ មានការបង្ហោះវីដេអូមួយ ដែលគេឃើញមានប៉ូលិសជាប់កិច្ចសន្យាម្នាក់ បំពេញភារកិច្ចខុសតួនាទី ដោយបានព្យាមយាមឃាត់នារីម្នាក់ឱ្យឈប់ផាកពិន័យ តែបែរជាធ្វើឱ្យនារីម្នាក់នោះដួល ហើយថែមទាំងមិនជួយលើកម៉ូតូវិញទៀត។
ជុំវិញករណីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅ និងផ្អាកការងារបណ្តោះអាសន្ន ទៅលើមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា០២នាក់ ដែលឈរជើងនៅគោលដៅស្តុបណតប្រ៊ីឌ ផ្លូវ២០០៤ ដោយរងចាំសុំគោលការណ៍និងបទបបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យសម្រេច។
គួរបញ្ជាក់ថា មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា គ្រាន់តែជាអ្នកជួយសម្រួលចរាចរណ៍តែប៉ុណ្ណោះ ដោយពួកគាត់មិនមានសិទ្ធិឃាត់យានយន្ត ដែលការធ្វើបែបនេះ ធ្វើលើសពីតួនាទីរបស់ពួកគាត់៕










