បរទេស៖ ការលក់ជាសកលរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor បានធ្លាក់ចុះ ៤.១% មកនៅត្រឹម ៨១២,១៩១ គ្រឿងក្នុងខែឧសភា ដែលជាការធ្លាក់ចុះ ៤ ខែជាប់ៗគ្នា។
ក្រុមហ៊ុន Toyota Motor បាននិយាយកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ថាទិន្នផលនៅក្រៅប្រទេសជប៉ុនបានថយចុះ ៧% មកនៅត្រឹម ៥៥៦,៨៧៧ គ្រឿង ក្នុងនោះទិន្នផលនៅក្នុងប្រទេសចិនក៏បានថយចុះ ២១.៧% ផងដែរ ដោយសារតែសង្គ្រាមតម្លៃដែលកំពុងបន្តជាមួយម៉ាកក្នុងស្រុកនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោក។
បើយោងតាមរបាយការណ៍ ទិន្នផលនៅអឺរ៉ុបក៏បានកត់ត្រាការថយចុះគួរឱ្យកត់សម្គាល់ផងដែរគឺ ៥.៣% ខណៈពេលដែលទិន្នផលនៅអាមេរិកខាងជើងកើនឡើងបន្តិច ០.៨% ។ ហេតុនេះការលក់ជាសកលក៏បានកើនឡើងបន្តិចផងដែរដល់ ៨៤០.៦៨១ គ្រឿង ប្រមាណ ០.៣% ដោយសារការកើនឡើង ២.៤% នៃការលក់នៅខាងក្រៅប្រទេសជប៉ុនដល់ ៧៣៨.៦១០ គ្រឿង។ យោងតាមក្រុមហ៊ុន អាជីវកម្មនៅអាមេរិកខាងជើង និងអឺរ៉ុប ម៉ូដែលដូចជា Land Cruiser និង Yaris Cross គឺមានការកើនឡើង ខណៈដែលម៉ូដែនេះស្រាប់តែមានការធ្លាក់ចុះនៅក្នុងប្រទេសចិនវិញ។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសជប៉ុន ផលិតកម្មគឺបានកើនឡើង ២.៨% ដល់ ២៥៥,៣១៤ គ្រឿង ប៉ុន្តែការលក់បានថយចុះ ១២.៧% មកនៅត្រឹម ១០២,០៧១ គ្រឿង ដោយសាររថយន្ត Prius កូនកាត់បានបញ្ឈប់ការផលិត ហើយត្រូវប្រមូលមកវិញនាពេលថ្មីៗនេះ នៅពេលដែលរោងចក្ររបស់ក្រុមហ៊ុនមានដំណើរការ ២ ថ្ងៃបន្ថែមទៀតបើធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុន Toyota បាននិយាយថា ការផ្អាកនេះត្រូវបានដាក់ក្នុងខែមេសា ហើយត្រូវបានដកចេញនៅពាក់កណ្តាលខែមិថុនា។
បច្ចុប្បន្នក្រុមហ៊ុនជប៉ុនមានរោងចក្រប្រហែល ៥៥ នៅទូទាំងពិភពលោក ដែលក្នុងនោះមានរោងចក្រចំនួន ១៦ នៅក្នុងប្រទេសកំណើតរបស់ខ្លួន។ ចំនួននេះរាប់បញ្ចូលទាំងទីតាំងសម្រាប់ផលិតគ្រឿងបន្លាស់ ក៏ដូចជាការផ្គុំរថយន្តដែលបានបញ្ចប់។ នៅឆ្នាំ ២០២៤ នេះក្រុមហ៊ុន Toyota គ្រោងនឹងផលិតរថយន្តប្រហែល ១០.៣ លានគ្រឿងនៅទូទាំងពិភពលោកក្នុងគោលបំណងបង្កើតកំណត់ត្រាសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា នេះបើយោងតាម Nikkei Asia។
មហិច្ឆតានេះមួយផ្នែកគឺបានមកពីការលក់ជាវិជ្ជមាននៃខ្សែកូនកាត់ ដូច្នេះហើយ Toyota គ្រោងនឹងផលិតរថយន្តចំនួន ៣.៤ លានគ្រឿងនៅក្នុងប្រទេសជប៉ុន និង ៦.៩ លានគ្រឿងនៅក្រៅប្រទេស ដែលចំនួននេះរួមមានរថយន្តទំនើប Lexus ផងដែរ៕










