ប្រទេសស្កុតឡេន ៖ ពេលអ្នកណាម្នាក់ប្រាប់ថា ពួកគេនឹងធ្វើដំណើរតាមយន្តហោះទៅទីក្រុង ឬទៅប្រទេសណាមួយ គឺមនុស្សភាគច្រើនតែងតែគិតថា អ្នកនោះនឹងជិះយន្តហោះផ្លូវឆ្ងាយរាប់រយគីឡូម៉ែត្រ និងចំណាយពេលធ្វើដំណើរយ៉ាងហោចណាស់ជាង១ម៉ោង ទើបទៅដល់គោលដៅ ។ ប៉ុន្តែជើងហោះហើរនេះបែរជាចំណាយពេលហោះហើរត្រឹមតែ១២០វិនាទីប៉ុណ្ណោះ ឬអ្នកដំណើរពុំទាន់បានអង្គុយស្រួលបួលផង ស្រាប់តែយន្តហោះទៅដល់គោលដៅបាត់ ។
ការធ្វើដំណើររយៈពេលខ្លីតាមយន្តហោះនេះ គឺជាការធ្វើដំណើររវាងកោះ Westray ជាមួយកោះ Papa Westray ដែលស្ថិតនៅភាគខាងជើងប្រទេសស្កុតឡេន
ហើយកោះទាំងពីរនេះស្ថិតនៅឆ្ងាយពីគ្នាត្រឹមតែ២.៧គីឡូម៉ែត្រប៉ុណ្ណោះ ។
ពលរដ្ឋរស់នៅលើកោះអាចជ្រើសរើសការធ្វើដំណើររវាងកោះ Westray ជាមួយកោះ Papa Westray ចំនួន២វិធី គឺវិធីទី១ ពួកគេអាចជិះនាវាឆ្លងពីកោះមួយទៅកាន់កោះមួយទៀត ប៉ុន្តែការធ្វើដំណើរតាមនាវាភាគច្រើនជួបនឹងបញ្ហាទឹករលកខ្លាំង និងមានគ្រោះថ្នាក់ ។ រីឯវិធីទី២ ពួកគេអាចជិះយន្តហោះទំហំតូចពីកោះមួយទៅកោះមួយ ដោយចំណាយពេលតែពី៩០វិនាទី ទៅ១២០វិនាទីប៉ុណ្ណោះ ។
ហេតុនេះ វិធីធ្វើដំណើរទី២ ទទួលបានការពេញនិយមយ៉ាងខ្លាំង ដោយសារវាមានសុវត្ថិភាពជាងការជិះនាវាឆ្លងកាត់ទឹករលកធំៗ ថែមទាំងចំណាយពេលខ្លីបំផុត ។ លើសពីនេះ បើថ្ងៃណាមានអាកាសធាតុល្អ ការជិះយន្តហោះពីកោះមួយទៅកោះមួយទៀត ចំណាយពេលត្រឹមតែ៥៣វិនាទីប៉ុណ្ណោះ ។
ក្រុមហ៊ុនអាកាសចរណ៍ Loganair បានផ្តល់សេវាកម្មដឹកអ្នកដំណើរតាមយន្តហោះពីកោះ Westray ទៅកាន់កោះ Papa Westray តាំងពីឆ្នាំ១៩៦៧ មកម៉្លេះ ។ តាំងពីពេលនោះមក ជើងហោះហើររបស់ក្រុមហ៊ុននេះបានក្លាយជាជើងហោះហើរពាណិជ្ជកម្មចម្ងាយខ្លីបំផុតនៅលើពិភពលោក ។
ការធ្វើដំណើរតាមយន្តហោះរយៈពេលខ្លី ទើបធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍បានប្រើប្រាស់យន្តហោះតូចៗ ដែលមានកៅអីអង្គុយត្រឹមតែ៨ និងគ្មានសេវាអ្វីលើយន្តហោះទេ ។ ដូច្នេះ ទើបមានមនុស្សខ្លះរិះគន់ថា វាជាការហោះហើរបំផ្លាញបរិស្ថានយ៉ាងខ្លាំង ។
ទោះយ៉ាងណា រដ្ឋាភិបាលស្កុតឡេនបានគាំទ្រជើងហោះហើរនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋរស់នៅលើកោះទាំងពីរ ហើយពួកគេនឹងពុំភ័យខ្លាចដូចការជិះនាវា ។ ម្យ៉ាងទៀត ពលរដ្ឋរស់នៅលើកោះ Westray ស្មើប្រមាណតែ៦០០នាក់ ខណៈពលរដ្ឋរស់នៅលើកោះ Papa Westray ស្មើត្រឹមតែ៩០នាក់ប៉ុណ្ណោះ ។
ចំណែកសំបុត្រយន្តហោះសម្រាប់ភ្ញៀវទេសចរវិញ គឺមានតម្លៃចាប់ពីជាង២២ដុល្លារ ទៅជាង៥២ដុល្លារអាមេរិក ហើយការធ្វើដំណើរទៅមករវាងកោះទាំងពីរនេះនឹងមមាញឹកខ្លាំងនៅរដូវក្តៅ ៕










