បរទេស៖ ទោះបីជាបច្ចុប្បន្នតំបន់មួយចំនួនក្នុងប្រទេសថៃ វៀតណាម ឥណ្ឌា និងចិនកំពុងប្រឈមនឹងគ្រោះទឹកជំនន់ធ្ងន់ធ្ងរក៏ដោយ ក៏រដ្ឋធានីធំៗដូចជា ប៉ារីស ហ្សាកាតា សេអ៊ូល ប៉េកាំង និងទីក្រុងចំនួន ២០ ផ្សេងទៀតដែលមានប្រជាជនរស់នៅច្រើនបំផុតលើពិភពលោកប្រមាណ ៣០០ លាននាក់បានកត់ត្រាការកើនឡើងកម្តៅ ៥២% នៅក្នុងចំនួនថ្ងៃក្តៅលើសពី ៣៥ អង្សាសេក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ។
យោងតាម CNN ដែលបានចុះផ្សាយកាលពីថ្ងៃ៣០ មិថុនា ឆ្នាំ២០២៤ ថារដ្ឋធានីជាច្រើននៅជុំវិញពិភពលោកនៅតែបន្តជួបប្រទះនឹងការឡើងកម្តៅខ្លាំងទៅៗ ដែលនេះគឺជានិន្នាការដ៏គ្រោះថ្នាក់មួយ ដែលបង្កឡើងដោយសីតុណ្ហភាពកើនឡើងនៅទូទាំងអាស៊ី និងអឺរ៉ុប ចំពេលមានវិបត្តិអាកាសធាតុកាន់តែអាក្រក់។
លោក Tucker Landesman អ្នកស្រាវជ្រាវនៅវិទ្យាស្ថានអន្តរជាតិសម្រាប់បរិស្ថាន និងការអភិវឌ្ឍន៍ (IIED) បាននិយាយថា “ការប្រែប្រួលអាកាសធាតុមិនគ្រាន់តែជាការគំរាមកំហែងនាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែកំពុងកើតឡើងយ៉ាងឆាប់រហ័ស និងកាន់តែអាក្រក់ទៅៗ” ។ មូលហេតុដែលរដ្ឋធានី និងទីក្រុងជាច្រើន ប្រឈមមុខនឹងរយៈពេលវែងនៃសីតុណ្ហភាពខ្ពស់ គឺដោយសារតែរដ្ឋាភិបាលមិនបានបំពេញតាមគោលដៅអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នគ្រប់គ្រាន់។
កំដៅគឺពិតមានគ្រោះថ្នាក់ខ្លាំងណាស់ ជាពិសេសកុមារ មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះ ដែលពួកគេអាចមានហានិភ័យខ្ពស់ក្នុងការឡើងកំដៅ។ លើសពីនេះទៀត កម្មករក្រៅម៉ោង និងក្រៅផ្លូវការអាចត្រូវឈប់ធ្វើការ ឬជ្រើសរើសរវាងការស្នាក់នៅផ្ទះ និងគ្មានប្រាក់ចំណូល ឬធ្វើការក្នុងស្ថានភាពគ្រោះថ្នាក់។
យោងតាម CNN នៅទ្វីបអឺរ៉ុប ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន រហូតដល់ទីក្រុងប៉ារីស ប្រទេសបារាំង និងទីក្រុងគែរ ប្រទេសអេហ្ស៊ីប ការស្រាវជ្រាវបានរកឃើញថា រៀងរាល់ទសវត្សរ៍កន្លងទៅ ការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបណ្តាលមកពីមនុស្សកើនឡើងយ៉ាងខ្លាំង ធ្វើឱ្យរដ្ឋធានីធំៗទាំងនេះប្រឈមមុខនឹងកម្តៅខ្លាំងឥតឈប់ឈរ ដែលគំរាមកំហែងដល់សុខភាពមនុស្ស សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។ រីឯនៅទ្វីបអាស៊ីវិញ ទីក្រុងញូវដែលី ជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីជាទីក្រុងក្តៅបំផុតដោយកត់ត្រា ៤,២២២ ថ្ងៃលើសពី ៣៥ ដឺក្រេក្នុងរយៈពេល ៣ ទសវត្សរ៍ចុងក្រោយនេះ ច្រើនជាងទីក្រុងផ្សេងទៀតដែលបានវិភាគ។
នៅចុងខែឧសភា ឆ្នាំ ២០២៤ តំបន់មួយក្នុងទីក្រុង New Delhi បានឡើងដល់ ៤៩.៩ អង្សាសេ ដែលជាសីតុណ្ហភាពខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុង ដោយដាក់សម្ពាធលើបណ្តាញថាមពល និងប្រព័ន្ធផ្គត់ផ្គង់ថាមពលរបស់ប្រទេសឥណ្ឌា។ លើសពីនេះរដ្ឋធានីហ្សាកាតារបស់ប្រទេសឥណ្ឌូនេស៊ី ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងទីក្រុងប៉េកាំង ប្រទេសចិន ក៏ជួបប្រទះនឹងការកើនឡើងខ្ពស់ផងដែរ ដោយបានកត់ត្រាការកើនឡើងយ៉ាងខ្លាំងនៃចំនួនថ្ងៃក្តៅលើសពី ៣៥ អង្សាសេក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។
ហេតុនេះគិតត្រឹមថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋធានីធំៗរួមទាំងទីក្រុងជាច្រើនជុំវិញពិភពលោកគឺនៅតែបន្តជួបប្រទះនឹងរលកកម្តៅរយៈពេលយូរ។ ជាការពិតណាស់កំដៅខ្លាំងគឺបានបំផ្លាញសេដ្ឋកិច្ច បំផ្លាញដំណាំ សម្លាប់សត្វពាហនៈ និងកាត់បន្ថយផលិតភាពការងារ ជាពិសេសនៅកន្លែងដែលគ្មានម៉ាស៊ីនត្រជាក់ ព្រោះកម្មករត្រូវផ្អាកបន្ថែមទៀតដើម្បីសម្រាក និងផឹកទឹក។
កំដៅខ្លាំងក៏បានដាក់សម្ពាធលើហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវហាយវេ បណ្តាញថាមពល និងផ្លូវដែក ដែលបណ្តាលឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ការដាច់ចរន្តអគ្គិសនី និងការផ្ទុះជំងឺ។ យោងតាមការសិក្សាឆ្នាំ ២០២២ ដោយមហាវិទ្យាល័យ Dartmouth កំដៅខ្លាំងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់រាប់ពាន់លានដុល្លារចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ ហើយប្រទេសក្រីក្រគឺបានទទួលរងនូវផលវិបាកធ្ងន់ធ្ងរបំផុត៕










