ថ្មីៗនេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គម Tik Tok ដោយគណនីមួយដែលមានឈ្មោះថា Dalin បានបង្ហាញវីដេអូខ្លីមួយ តែបង្កប់នូវអត្ថន័យជ្រាលជ្រៅពីទឹកចិត្តម្តាយថ្លៃ ហ៊ានពុះពារជំនះគ្រប់ឧបសគ្គ មិនគិតថាខ្លួនឯងលំបាក គឺដើម្បីតែកូនៗនិងក្រុមគ្រួសារ។ 
តាមរយៈវីដេអូគឺបានបង្ហាញពីសកម្មភាពរបស់ស្រ្តីវ័យចំណាស់ម្នាក់ ទំនងជាកំពុងស្ថិតនៅរមនីយដ្ឋានកោះដាច់ ដោយសង្កេតឃើញថាស្រ្តីរូបនេះគឺជាអ្នកលក់ចំណីអាហារនិងបានធ្វើការដើរលក់ទាំងខ្លួនទទឹកជោគ ក្នុងទឹកតែម្តង។ ខណៈនៅក្បែរខ្លួនស្រ្តីវ័យចំណាស់នេះគឺមានបន្ទះស្នោរធំល្មមមួយ សម្រាប់បន្តុបឥវ៉ាន់ដែលគាត់លក់ មានដូចជាសាច់គោអាំងនិងគ្រឿងក្លែមមួយចំនួនទៀត ស្របពេលក៏មានចង្ក្រានសម្រាប់អាំងសាច់ អាំងបណ្តើរ ដើរលក់បណ្តើរ ក្នុងទឹកតែម្នាក់ឯង យ៉ាងគួរឲ្យអាសូរ។
ជាមួយគ្នានោះ មហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិផ្តល់កម្លាំងចិត្ត និងកោតសរសើរព្រោងព្រាងពីទឹកចិត្តអ្នកម្តាយរូបនេះ ដោយអ្នកខ្លះបានលើកឡើងថា «ផ្ទះគាត់នៅក្រោយផ្ទះខ្ញុំនៅកោះដាច់ ផ្ទះតូច មានកូនស្រីសសៃប្រសាទទៀត»។ អ្នកខ្លះថា«មិនដឹងគាត់ត្រជាក់ រងា ប៉ុនណាទេ សូមសសើរការតស៊ូររបស់គាត់ ដើម្បីកូន ដើម្បីជីវភាព»។ អ្នកខ្លះថា«នេះហើយជីវិត នគ្រប់រូបគួរតែគិត អាណិតណាស់ម្តាយយើងម្តាយគេ»។ ខណៈអ្នកខ្លះទៀតថា«ជីវិតអ្នកក្ររស់ដើម្បីអាហារបីពេល ហើយកុំមើលងាយអ្នកអោយសោះ»។
ឆ្លងតាមវីដេអូនេះ គឺជាសារអប់រំខ្លីមួយ ដែលបានឆ្លុះបញ្ចាំងពីទឹកចិត្តដ៏ធំធេងរបស់ម្តាយថ្លៃ ហ៊ានពុះពារជំនះ ទ្រាំស៊ូលំបាកគ្រប់បែបយ៉ាង ក៏មិនហ៊ានមាត់សូម្បីតែមួយមាត់ នេះក៏ដើម្បីតែផ្គត់ផ្គង់ជីវភាពគ្រួសារ និងឲ្យកូនៗខ្លួនបានរស់ស្រួល។ ដូច្នេះ កូនៗគ្រប់ៗរូបគឺគួរតែតបស្នងទៅកាន់គាត់វិញឲ្យសមនឹងអ្វីដែលគាត់បានលះបង់ចំពោះយើង។ កូនៗត្រូវខិតខំសិក្សារៀនសូត្រ និងធ្វើជាទំពាំងល្អ ដើម្បីដឹកនាំក្រុមគ្រួសារ និងសង្គមជាតិនាពេលខាងមុខ៕










