បរទេស៖ Nike ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ស្បែកជើង និងសម្លៀកបំពាក់កីឡាដ៏ធំបំផុតមួយរបស់ពិភពលោក បច្ចុប្បន្នកំពុងជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
យោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការលក់របស់ក្រុមហ៊ុន Nike ចាប់តាំងពីឆ្នាំមុនរហូតមកដល់ពេលនេះគឺបានកើនឡើងត្រឹមតែ ១% ប៉ុណ្ណោះ ដែលនេះបានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងឧបសគ្គជាច្រើន។
បន្ទាប់ពី Nike បានប្រកាសពីកំណើនយឺត ភាគហ៊ុនរបស់ក្រុមហ៊ុននេះក៏បានធ្លាក់ចុះបន្តទៀតរហូតដល់ ១២% ដូច្នេះបច្ចុប្បន្នក្រុមហ៊ុនគឺកំពុងប្រឈមមុខនឹងការថយចុះនៃការប្រើប្រាស់ទំនិញរបស់ខ្លួនធ្ងន់ធ្ងរបំផុត។ បើយោងតាមរបាយការណ៍ ក្រុមហ៊ុនក៏បានព្យាករណ៍ដែរថា ការលក់នឹងធ្លាក់ចុះបន្ថែមទៀតរហូតដល់ ១០% នៅត្រីមាសចុងក្រោយនៃឆ្នាំនេះ ដោយសារម៉ាកយីហោរបស់ខ្លួនដើរយឺត និងការប្រកួតប្រជែងដ៏តឹងរឹងពីម៉ាកយីហោផ្សេងទៀតដូចជា Hoka ក៏ដូចជាប្រឈមមុខនឹងបញ្ហានៅក្នុងទីផ្សារអនឡាញផងដែរ។ 
Hoka ដែលជាម៉ាកយីហោបារាំងបានបង្កើតស្បែកជើងរត់សម្រាប់អ្នករត់ម៉ារ៉ាតុងអាជីព មិនយូរប៉ុន្មានក៏បានក្លាយជាក្រុមហ៊ុនដ៏ពេញនិយមមួយ។ ក្រុមហ៊ុននេះបច្ចុប្បន្នគឺកំពុងរីកចម្រើនខ្លាំងដោយការសង្កត់ធ្ងន់លើភាពសុខស្រួលជាងរចនាប័ទ្មបុរាណ។ បើយោងតាមអតីតបុគ្គលិកម្នាក់បាននិយាយថា មូលហេតុដែលការលក់របស់ក្រុមហ៊ុន Nike ចាញ់គូប្រជែង គឺដោយសារក្រុមហ៊ុនមិនអើពើចំពោះប្រភេទស្បែកជើងដែលកំពុងដំណើរការនោះទេ។
ទន្ទឹមនឹងនេះ Nike ក៏ផ្លាស់ប្តូរយុទ្ធសាស្រ្តចែកចាយរបស់ខ្លួន ដោយបានកាត់បន្ថយចំនួនអ្នកលក់រាយតាមបែបប្រពៃណីដែលលក់ទំនិញរបស់ខ្លួន ខណៈក្រុមហ៊ុនផ្លាស់ប្តូរនេះគឺដើម្បីពង្រីកបណ្តាញលក់ដោយផ្ទាល់តាមរយៈបណ្តាញរបស់ខ្លួន ជាពិសេសតាមអ៊ីនធឺណិត។ ក្រុមហ៊ុន Nike និយាយថា ខ្លួនអាចរកប្រាក់ចំនេញបានទ្វេដងក្នុងការលក់តាមរយៈគេហទំព័រ និងហាងផ្ទាល់របស់ខ្លួន តាមដែលអាចធ្វើបានតាមរយៈដៃគូលក់ដុំ។ Nike ក៏បានបន្តទៀតថា ខ្លួននឹងផ្តោតលើធនធាន ទីផ្សារ និងផលិតផលឈានមុខគេប៉ុណ្ណោះ ដូចជា Dick’s Sporting Goods និង Foot Locker ។ ទោះជាយ៉ាងណា ការផ្លាស់ប្តូរនេះគឺមិនបានជួយឱ្យការលក់របស់ក្រុមហ៊ុនប្រសើរឡើងនោះទេ ថែមទាំងបានប៉ះពាល់ដល់ការលក់របស់ Nike ទៀតផង៕










