ព្រឹទ្ធាចារ្យ បោរាណាចារ្យ ប៊ិន វិន បានកើតនៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៣៦ នៅភូមិចាន់ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលជាមរតកមនុស្សរស់ បានទទួលមរណភាព នៅថ្ងៃសោរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០២ៈ២៧នាទីទៀបភ្លឺ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។
ព្រឹទ្ធាចារ្យ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យទទួលស្គាល់ថា ជាមរតកមនុស្សរស់ម្នាក់ នៅក្នុងចំណោមព្រឹទ្ធាចារ្យចំនួន៩រូប កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។
ព្រឹទ្ធាចារ្យ បោរាណាចារ្យ ប៊ិន វិន ត្រូវបានគេទទួលស្គាល់ថា ជាអ្នកដែលចេះដឹងមានជំនាញច្បាស់លាស់ ខាងភ្លេងអារក្ស យីកេ ល្ខោន អាយ៉ៃ អាចារ្យកិច្ចពិធីចូលម្លប់ និងចេញម្លប់ អាចារ្យពេលាការ អាចារ្យមង្គលការ និងចៅមហា។
ការបាត់បង់នេះ គឺជាការបាត់បង់ស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់នូវមរតកមនុស្ស រស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តពេញមួយជីវិត ក្នុងការរួមចំណែកលើកស្ទួយវិស័យ វប្បធម៌ ក្បួនតម្រា និងទំនៀមទម្លាប់ប្រពៃណីអាពាណ៍ពិពាហ៍ខ្មែរពីបុរាណ៕










