ជាការពិតណាស់ប្រិយមិត្តភាគច្រើនប្រហែលជាគិតថា សំណង់ដែលធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រគឺជាសំណង់ប្រាសាទពីរ៉ាមីតនៅអេហ្ស៊ីប ឬមហាកំពែងនៅចិន ឬវិមានក្រឹមឡាំងនៅរុស្ស៊ីហើយ ប៉ុន្តែវាមិនដូចអ្វីដែលអ្នកគិតនោះទេ ព្រោះមានសំណង់មួយទៀត ដែលធ្លាប់បានគេចាត់ទុកថាធំជាងសំណង់បុរាណទាំងនេះទ្វេដង។ ដូច្នេះហើយ តើសំណង់ដែលធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្របង្កើតឡើងដោយមនុស្ស គឺជាអ្វីហើយមានទីតាំងនៅឯណា?
យោងតាមបុរាណវិទូ Martin Jones សំណង់ដែលធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រពិភពលោកនោះគឺ Fresh Kills Landfill (ហ្វ្រេសឃីលស៍ លែនដ៍ហ្វីល) ដែលជាកោះសម្រាប់ចាក់សំរាមដ៏ធំបំផុតនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ក្រោយពីបើកឱ្យប្រើប្រាស់នៅក្នុងឆ្នាំ ១៩៤៨ មកកន្លែងចាក់សំរាមនេះក៏ក្លាយជាគម្រោងមួយដែលមានទំហំធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត។ នៅទីបំផុត វាក៏បានវ៉ាដាច់មហាកំពែងចិន ហើយបានក្លាយទៅជាសំណង់សាងសង់ដោយស្នាដៃមនុស្សដែលមានទំហំធំបំផុតនៅលើពិភពលោក។ 
Fresh Kills Landfill មានផ្ទៃដីប្រមាណ ១២ គីឡូម៉ែត្រ។ ពេលបើកឱ្យដំណើរការការចាក់សំរាម មានទូកដឹកសំរាមចំនួន ២០ គ្រឿង ដោយក្នុងមួយគ្រឿងៗអាចផ្ទុកសំរាមបាន ៦៥០ តោន ដែលយកមកចាក់ចោលនៅទីនេះជារៀងរាល់ថ្ងៃ។ ប៉ុន្តែដោយសារតែសម្ពាធរបស់ប្រជាជននៅក្នុងមូលដ្ឋាន ទើបកន្លែងចាក់សំរាមមួយនេះត្រូវបិទ លែងឱ្យប្រើការនៅក្នុងឆ្នាំ ២០០១។ មិនយូរប៉ុន្មាន កន្លែងនេះក៏ត្រូវបើកឱ្យប្រើម្តងទៀត ដើម្បីចាត់ការជាមួយគំនរសំណល់បាក់បែកជាច្រើនពីអគារពាណិជ្ជកម្មពិភពលោក (World Trade Center) ក្រោយមកក៏បានបិទជាស្ថាពរទៅវិញ។
បើយោងទៅតាមច្បាប់ថ្មី បានបញ្ញត្តិថានឹងគ្មានការបើកឱ្យប្រើប្រាស់ម្តងទៀតទេ គឺហាមមិនឱ្យមានកន្លែងចាក់សំរាមក្នុងក្រុងញូវយ៉ក។ បច្ចុប្បន្ន កន្លែងខាងលើត្រូវបានឈូសឱ្យរាបស្មើ ហើយកែលម្អបរិវេណជុំវិញឱ្យក្លាយជាសួនឧទ្យាន និងជាកន្លែងឱ្យសត្វព្រៃស្នាក់អាស្រ័យ។ ប្រសិនបើ Fresh Kills Landfill នៅតែបន្តបើកឱ្យប្រើតាមគម្រោងការដែលបានរៀបចំទុកនោះ វានឹងក្លាយជាតំបន់ដ៏ខ្ពស់បំផុតនៅជាយសមុទ្រភាគខាងកើតរបស់សហរដ្ឋអាមេរិក។ តែទោះបីជាយ៉ាងណាក៏ដោយ នៅអំឡុងពេលដែលគេប្រើវាច្រើនបំផុត វាក៏មានកម្ពស់ខ្ពស់ជាងរូបសំណាក «ទេពីសេរីភាព» ដល់ទៅ ២៤ ម៉ែត្រឯណោះ៕










