វៀតណាម៖ យោងតាម Vnexpress ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា VinFast គឺបានក្លាយជាក្រុមហ៊ុនដែលលក់រថយន្តអគ្គិសនីច្រើនជាងគេទីពីរនៅអាស៊ីអាគ្នេយ៍ក្នុងត្រីមាសទីមួយឆ្នាំ២០២៤ បន្ទាប់ពីក្រុមហ៊ុនចិន BYD។
បើតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint បាននិយាយថា “ប្រទេសវៀតណាមបានឃើញកំណើនគួរឱ្យចាប់អារម្មណ៍ ដោយការលក់រថយន្តអគ្គិសនីគឺបានកើនឡើងរហូតដល់ជាង ៤០០% ឯណោះ ដោយរួមចំណែកជិត ១៧% នៃការលក់ក្នុងតំបន់”។ 
យោងតាមរបាយការណ៍ នៅក្នុងត្រីមាសទី ១ ការលក់រថយន្តអគ្គិសនីនៅអាស៊ីអាគ្នេយ៍គឺបានកើនឡើងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ទន្ទឹមនឹងនោះ ការលក់រថយន្តម៉ាស៊ីនចំហេះខាងក្នុងក៏បានថយចុះ ៧% ផងដែរ។ ដូច្នេះក្រុមហ៊ុនចិន BYD បានឈរចំណាត់ថ្នាក់ទីមួយ និងក្រុមហ៊ុនវៀតណាម VinFast ឈរនៅចំណាត់ថ្នាក់ទីពីរ នៃការលក់រថយន្តអគ្គិសនីច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍នៅត្រីមាសទីមួយនៃឆ្នាំនេះ។
យោងតាមអ្នកវិភាគ Counterpoint លោក Abhik Mukherjee បាននិយាយថា “ដោយសារតែក្រុមហ៊ុនផលិតរថយន្តជប៉ុន និងកូរ៉េ ដែលជាប្រទេសគ្រប់គ្រងការលក់រថយន្ត មានភាពយឺតយ៉ាវក្នុងការផ្លាស់ប្តូរទៅរករថយន្តអគ្គិសនី ក្រុមហ៊ុនផលិតឧបករណ៍ដើមរបស់ចិន (OEM) និងវៀតណាម ក៏បានលោតចូលដើម្បីបំពេញចន្លោះទាំងនេះតែម្តង”។ លោក Mukherjee បានបន្តទៀតថា “អាស៊ីអាគ្នេយ៍កំពុងក្លាយជាតំបន់ពង្រីកដ៏សំខាន់សម្រាប់ OEMs របស់ចិន និងវៀតណាម” ។
នៅក្នុងប្រទេសវៀតណាម ការលក់ VinFast បានជាប់ចំណាត់ថ្នាក់កំពូលនៅក្នុងទីផ្សាររបស់ខ្លួនក្នុងត្រីមាសទីមួយ ជាមួយនឹងរថយន្តប្រហែល ៨,២០០ គ្រឿង ដែលស្មើនឹងម៉ាកយីហោលក់ដាច់បំផុតនៅក្នុងទីផ្សារវៀតណាមដូចជា Hyundai , Toyota , និង Ford ។ នៅថ្ងៃទី ១៧ ខែមេសា ក្រុមហ៊ុនរថយន្តវៀតណាមក៏បានប្រកាសផងដែរថា ការលក់រថយន្តទូទាំងពិភពលោករបស់ខ្លួនគឺបានឈានដល់ ៩,៦៨៩ គ្រឿងហើយក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ កើនឡើង ៤៤៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ទោះជាយ៉ាងណាក្រុមហ៊ុនមិនបានប្រកាសអំពីទិន្នន័យជាក់លាក់សម្រាប់ទីផ្សារនីមួយៗនោះទេ៕











