ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានហេតុការណ៍ឆេះរោងចក្រផលិតថ្មលីចូមដ៏ល្បី ដែលជាកម្មសិទ្ធិក្រុមហ៊ុន Arisel ស្ថិតនៅទីក្រុងវ៉ាសង ខេត្តខាយ៉ងគី ប្រទេសកូរ៉េខាងត្បូង ។ ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលកម្មករជាង១០០នាក់កំពុងធ្វើការនៅខាងក្នុង ហើយជំហានដំបូង អាជ្ញាធរបានរកឃើញមនុស្សស្លា.ប់ យ៉ាងហោចណាស់ ២២នាក់ ។

អ្នកឃើញហេតុការណ៍និយាយថា មុនពេលកើតហេតុ គេបានឮសំឡេងផ្ទុះខ្លាំងៗនៅជាន់ទី២ របស់រោងចក្រ ដែលជាជាន់សម្រាប់ការត្រួតពិនិត្យ និងវេចខ្ចប់ថ្មដាក់ឡាំង ។ ការពន្លត់ភ្លើងធ្វើឡើងយ៉ាងលំបាក ដោយសារភ្នាក់ងារសង្គ្រោះបន្ទាន់ពុំអាចប្រើប្រាស់ទឹកពន្លត់ភ្លើង ហើយពួកគេពុំអាចចូលទៅកាន់ចំណុចកើតហេតុបានទេ ពីព្រោះបារម្ភខ្លាចកើតហេតុការណ៍ផ្ទុះម្តងទៀត ទើបប្រើប្រាស់ខ្សាច់ពន្លត់ភ្លើងជំនួស ។
សារព័ត៌មានកូរ៉េខាងត្បូងរាយការណ៍ថា កម្មករធ្វើការក្នុងរោងចក្រចំនួន៧៨នាក់រួចផុតពីគ្រោះថ្នាក់ ប៉ុន្តែមានកម្មករម្នាក់ទៀតបាត់ខ្លួន ។ មេដឹកនាំកូរ៉េខាងត្បូងបានចេញបញ្ជាបន្ទាន់មួយឱ្យអាជ្ញាធរបន្ថែមកម្លាំង និងឧបករណ៍ដើម្បីស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ព្រមទាំងបានដាស់តឿនឱ្យភ្នាក់ងារសង្គ្រោះថែទាំសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារអណ្តាតភ្លើងឆេះរាលដាលយ៉ាងឆាប់រហ័ស ។
លោក គីម ជិនយ៉ង ភ្នាក់ងារពន្លត់អគ្គិភ័យក្នុងតំបន់និយាយថា អ្នកស្លាប់ក្នុងហេតុការណ៍នេះស្មើចំនួន២២នាក់ ក្នុងនោះមានជនជាតិចិន១៨នាក់, ឡាវម្នាក់ និងកូរ៉េខាងត្បូង២នាក់ រីឯអ្នកស្លាប់ម្នាក់ទៀតពុំស្គាល់អត្តសញ្ញាណ ។ ក្រៅពីនេះ មានមនុស្សរងរបួស៨នាក់ ក្នុងនោះ រងរបួសធ្ងន់ធ្ងរ២នាក់ ។ សាកសពទាំង២២នាក់ស្ថិតនៅអគារជាន់ទី២ ដែលជាកន្លែងទុកថ្មចំនួន៣៥.០០០ដុំ ដើម្បីរង់ចាំការត្រួតពិនិត្យ និងវេចខ្ចប់ដាក់ឡាំង ។
លោកបន្តថា ភ្លើងចាប់ផ្តើមឆេះក្រោយពីថ្មក្នុងរោងចក្រនេះបានផ្ទុះជាបន្តបន្ទាប់ ប៉ុន្តែអាជ្ញាធរពុំទាន់ច្បាស់ថា តើនេះជាមូលហេតុចម្បងដែលបណ្តាលឱ្យភ្លើងឆេះដែរឬទេ ហើយអាជ្ញាធរពុំទាន់ដឹងថា ហេតុអ្វីបានជាថ្មទាំងនេះផ្ទុះជាប់ៗគ្នាបែបនេះ?
ចំណែកលោក គីម សេហូ សាស្ត្រាចារ្យផ្នែកបង្ការអគ្គិភ័យ និងគ្រោះមហន្តរាយប្រចាំសាកលវិទ្យាល័យ Daecheon និយាយថា ថ្មលីចូមមានហានិភ័យឆាប់ផ្ទុះ បើវាខូចខាត ឬក្តៅខ្លាំង ។ ករណីមានហេតុការណ៍ភ្លើងឆេះ ភ្លើងនឹងរាលដាលយ៉ាងឆាប់រហ័ស ហើយកម្មកររត់ចេញពីរោងចក្រមិនទាន់ទេ ។ 
ម្យ៉ាងទៀត ភ្លើងឆេះថ្មលីចូមមានប្រតិកម្មខ្លាំងជាមួយទឹក ទើបភ្នាក់ងារពន្លត់អគ្គិភ័យត្រូវប្រើប្រាស់ម្សៅគីមីពន្លត់ភ្លើង និងចំណាយពេលយូរ ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។ បើទោះជាភ្លើងរលត់វិញក្តី ប៉ុន្តែវានឹងឆាបឆេះម្តងទៀត និងពុំផ្តល់សញ្ញាជាមុនឡើយ ប្រសិនបើវាមានប្រតិកម្មជាមួយគីមី ៕










