ប្រទេសចិន ៖ ពាក្យថា «ទីក្រុង» គឺតែងតែមានទីតាំងស្ថិតនៅបរិវេណធំទូលំទូលាយ និងបង្កលក្ខណៈងាយស្រួលដល់អ្នករស់នៅគ្រប់បែបយ៉ាង ប៉ុន្តែទីក្រុងមួយរបស់ចិនឈ្មោះ «Yanjin» គ្មានចំណុចទាំងអស់នេះទេ ។ ទីក្រុង Yanjin ត្រូវបានសាងសង់ឡើងនៅតាមចន្លោះជ្រលងភ្នំខ្ពស់ៗ និងចង្អៀតខ្លាំង ទើបធ្វើឱ្យទីក្រុងនេះជាប់ចំណាត់ថ្នាក់ជាទីក្រុងតូចចង្អៀតបំផុតនៅលើពិភពលោក ។
Yanjin គឺជាទីក្រុងលាតសន្ធឹងនៅតាមបណ្តោយទន្លេណានស៊ី និងត្រូវបានគេសាងសង់ឡើងនៅកន្លែងដ៏តូចចង្អៀតស្ថិតនៅចន្លោះជួរភ្នំខ្ពស់ៗរបស់ខេត្តយូណាន ។ តាមរយៈការពិនិត្យមើលរូបភាពរបស់ទីក្រុង គឺទីតាំងនេះពុំសាកសមនឹងបង្កើតជាទីក្រុង និងមានមនុស្សរស់នៅនោះទេ ប៉ុន្តែវាសាកសមជាតំបន់ដាច់ស្រយាល ។
លំនៅឋានក្នុងទីក្រុងត្រូវបានសាងសង់ឡើងបែបសាមញ្ញៗ, មានអគារខ្ពស់ៗជាច្រើននៅតាមមាត់ទន្លេ និងមានពលរដ្ឋរស់នៅសរុបចំនួន៤៥ម៉ឺននាក់ ។ រីឯមូលហេតុធ្វើឱ្យ Yanjin ជាប់ចំណាត់ថ្នាក់ជាទីក្រុងតូចចង្អៀតបំផុតលើពិភពលោក គឺដោយសារចំណុចចង្អៀតបំផុតរបស់ទីក្រុងនេះ មានប្រវែងត្រឹមតែ៣០ម៉ែត្រប៉ុណ្ណោះ ខណៈចំណុចធំទូលាយរបស់ទីក្រុង មានប្រវែង៣០០ម៉ែត្រ ។
ចំពោះការធ្វើដំណើររបស់ពលរដ្ឋរស់នៅក្នុងទីក្រុងវិញ គឺពួកគេនឹងប្រើប្រាស់ផ្លូវធំនៅសងខាងទន្លេ ដែលលាតសន្ធឹងស្របគ្នាជាមួយទីក្រុងមានប្រវែងវែងជាច្រើនគីឡូម៉ែត្រ ។ ការធ្វើដំណើរចេញ-ចូលទីក្រុងទៅកាន់ទីក្រុងផ្សេង គឺពួកគេនឹងប្រើប្រាស់ផ្លូវតែ១ខ្សែប៉ុណ្ណោះ ហើយបើទោះជាទីក្រុងនេះស្ថិតនៅសងខាងទន្លេក្តី ប៉ុន្តែក្នុងទីក្រុងពុំមានស្ពានច្រើនកន្លែងសម្រាប់ឱ្យពលរដ្ឋឆ្លងកាត់ទេ ។
ក្រៅពីទីក្រុងមានសភាពតូចចង្អៀតហើយ អ្វីដែលធ្វើឱ្យប្លែកភ្នែកបំផុតនោះ គឺអាផាតមិន ឬអគារជាច្រើនកន្លែងនៅតាមមាត់ទន្លេណានស៊ី គឺបានសាងសង់ឡើងនៅលើបង្គោលខ្ពស់ ដើម្បីការពារទឹកជំនន់ដោយសារកម្រិតទឹកទន្លេឡើងខ្ពស់ ។ ហេតុនេះ អ្នកដែលបានឃើញរូបអគារទាំងនេះហើយនឹងមានអារម្មណ៍ភ័យខ្លាច និងគិតថា អគារទាំងនេះគ្មានសុវត្ថិភាព ។
ទីក្រុងនេះមានពលរដ្ឋរស់នៅរាប់រយឆ្នាំមកហើយ ហើយបើទោះជាវាមានសភាពតូចចង្អៀតក្តី ប៉ុន្តែពលរដ្ឋនៅទីនេះពុំចង់ផ្លាស់ប្តូរទីលំនៅចេញពីទីក្រុងទេ ។ ហេតុនេះ ពេលចំនួនពលរដ្ឋកើនឡើងកាន់តែច្រើន វាធ្វើឱ្យដីធ្លីក្នុងតំបន់មានកំណត់ និងពុំគ្រប់គ្រាន់សម្រាប់ពលរដ្ឋរស់នៅ ។
វិធីដោះស្រាយល្អបំផុត គឺពួកគេបានសម្រេចចិត្តសាងសង់អគារឱ្យកាន់តែខ្ពស់ជាងមុន ដើម្បីទប់ទល់នឹងកំណើនពលរដ្ឋក្នុងទីក្រុង ៕










