ប្រទេសចិន ៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានត្រួតពិនិត្យផ្លែឈើចិនបានប្រកាសផ្អាកនាំចូលទុរេនវៀតណាម ដែលបញ្ជូនពីរោងចក្រចំនួន១៥កន្លែង និងចម្ការផ្លែឈើ១៨កន្លែង ក្រោយពីរកឃើញទុរេនវៀតណាមចំនួន៧៧កុងតឺន័រ ផ្ទុកសារធាតុ Cadmium លើសស្តង់ដារ ។ ការប្រកាសផ្អាកនាំចូលទុរេនវៀតណាមនេះ គឺដើម្បីទប់ស្កាត់ផលប៉ះពាល់សុខភាពអ្នកបរិភោគ ។
សារព័ត៌មានវៀតណាមរាយការណ៍ថា នាយកដ្ឋានត្រួតពិនិត្យផ្លែឈើចិនបានបញ្ជូនឯកសារទៅស្ថានទូតវៀតណាមនៅប្រទេសចិនថា ចិនបានត្រួតពិនិត្យឃើញទុរេនវៀតណាម ដែលនាំចូលមកចិនចំនួន៧៧កុងតឺន័រ លាយឡំសារធាតុ Cadmium ។ ហេតុនេះ ចិនសម្រេចចិត្តផ្អាកការនាំចូលទុរេនពីរោងចក្រ និងចម្ការផ្លែឈើវៀតណាម ចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ តទៅ ។
នាយកដ្ឋានត្រួតពិនិត្យផ្លែឈើចិនបញ្ជាក់ថា ក្រៅពីនេះ ចិនក៏បានរកឃើញទិន្នផលកសិកម្មវៀតណាមមួយចំនួន ដែលពុំទទួលបានការបញ្ជាក់គុណភាពពីរោងចក្រផ្លែឈើវៀតណាម ចំនួន៣៣កន្លែង និងចម្ការផ្លែឈើវៀតណាមប្រមាណ៤០កន្លែងទៀត ។ ហេតុនេះ ប្រទេសចិនត្រូវតែអនុវត្តតាមច្បាប់សុវត្ថិភាពចំណីអាហារ ដើម្បីកុំឱ្យប៉ះពាល់សុខភាពពលរដ្ឋចិន ។
មន្ត្រីសមាគមបន្លែ និងផ្លែឈើវៀតណាមលើកឡើងថា បានប្រកាសទៅកសិករអំពីការផ្អាកការនាំចូលទុរេនរបស់ចិន ហើយពួកគេនឹងទទួលខុសត្រូវបញ្ហានេះ ដោយការចុះត្រួតពិនិត្យក្នុងតំបន់ និងដាស់តឿនកសិករដើម្បីដោះស្រាយបញ្ហានេះយ៉ាងឆាប់រហ័ស ។ រីឯមូលហេតុធ្វើឱ្យទុរេនវៀតណាមផ្ទុកសារធាតុ Cadmium គឺបណ្តាលមកពីការប្រើប្រាស់ជី, ផ្ទៃដី, ការប្រើប្រាស់ទឹក ឬនៅពេលប្រមូលផល កសិករវៀតណាមបានយកទុរេនទៅត្រាំក្នុងទឹកគីមី ។
កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានត្រួតពិនិត្យផ្លែឈើចិនធ្លាប់បានជូនដំណឹងម្តងហើយថា ពួកគេបានរកឃើញសារធាតុលោហៈក្នុងទុរេនវៀតណាមចំនួន៣០កុងតឺន័រ ដែលបាននាំចេញទៅលក់ឱ្យចិន ។ វាហួសពីស្តង់ដារដែលកំណត់ដោយច្បាប់សុវត្ថិភាពចំណីអាហារចិន ហើយចិនក៏បានបញ្ជូនទុរេនចំនួន៣០កុងតឺន័រនេះត្រឡប់មកឱ្យវៀតណាមវិញ ។
ក្រសួងពាណិជ្ជកម្មវៀតណាមបញ្ជាក់ថា វៀតណាមក្លាយជាប្រទេសនាំចេញទុរេនទៅចិន ស្ថិតក្នុងលំដាប់ទី២ បន្ទាប់ពីថៃ ហើយក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៤ វៀតណាមបាននាំចេញទុរេនទៅចិន កើនឡើងរហូតដល់ដល់៩១% ។ កំណើនការនាំចេញទុរេនវៀតណាមទៅចិន គឺដោយសារ ៖ ទុរេនវៀតណាមផ្តល់ទិន្នផលឆាប់រហ័ស, វៀតណាមនៅជិតចិន និងតម្លៃទុរេនវៀតណាមទាបជាងគូប្រជែង ។
អ្វីដែលជាក្តីបារម្ភរបស់សារព័ត៌មាន KBN NEWS យើងគឺថា តើទុរេនទាំងអស់នោះទំនងអាចនឹងបង្វែរទិសដៅចែកចាយលក់បន្តមកដល់ទីផ្សាកម្ពុជាយើងដែរឬទេ? ខណៈដែលប្រទេសយើងមានព្រំប្រទល់ជាប់គ្នាទាំងទឹកនិងគោក ដែលជាមូលហេតុបង្កជាភាពងាយស្រួល និងលទ្ធភាពលក់ផលិតផលកសិផលមកដល់ទីផ្សារកម្ពុជាយើងបានយ៉ាងងាយ ។ អ្វីជាក្តីបារម្ភ គឺប្រជាជនខ្មែរយើងមិនទទួលបានព័ត៌មានពិតពីប្រភពនៃកសិផលទាំងអស់នោះឡើយ ដោយគ្រប់អ្នកលក់សុទ្ធតែអះអាងថា ជាទុរេនកំពត ឬក៏ជារបស់ប្រទេសយើងនោះឯង ៕










