ប្រទេសឥណ្ឌា៖ យោងតាមសារព័ត៌មានបរទេសថ្មីៗនេះបានឱ្យដឹងថា មានបក្សីរាប់រយក្បាលបានធ្លាក់ពីលើមេឃនៅក្នុងប្រទេសឥណ្ឌាដោយសារឥទ្ធិពលកម្តៅ។ នេះបើតាមរបាយការណ៍ បច្ចុប្បន្នសីតុណ្ហភាពនៅភាគខាងជើងប្រទេសឥណ្ឌាបានកើនឡើងដល់ជិត ៥០ អង្សាសេ ដែលបង្កើតបានជារលកកម្តៅដ៏វែងបំផុតមួយក្នុងកំណត់ត្រា។ ដូច្នេះមូលហេតុដែលបក្សីរាប់រយក្បាលធ្លាក់ពីលើមេឃគឺដោយសារកំដៅខ្លាំងពេក។
លើសពីនេះប្រទេសឥណ្ឌាក៏បានកត់ត្រាករណីសង្ស័យជាង ៤០.០០០ ករណីនៃជំងឺដាច់សរសៃឈាមខួរក្បាលក្នុងរដូវក្តៅផងដែរ ខណៈរលកកម្ដៅបានអូសបន្លាយរយៈពេលយ៉ាងយូរដោយបានសម្លាប់មនុស្សជាង ១០០ នាក់គិតចាប់ពីថ្ងៃទី ១ ខែមីនាដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៤។ ប្រឈមមុខនឹងស្ថានភាពបែបនេះ ក្រសួងសុខាភិបាលឥណ្ឌាបានស្នើឱ្យភ្នាក់ងារពាក់ព័ន្ធ “យកចិត្តទុកដាក់ជាបន្ទាន់” ចំពោះអ្នកជំងឺ។ ទន្ទឹមនឹងនេះ មន្ទីរពេទ្យក្នុងរដ្ឋធានីញូវដែលីដែលកំពុងប្រឈមនឹងការខ្វះខាតទឹក ក៏បានទទួលការណែនាំបន្ថែមគ្រែមន្ទីរពេទ្យដើម្បីផ្ទុកអ្នកជំងឺបន្ថែមទៀតផងដែរ។
ក្នុងអំឡុងពេលនៃរលកកំដៅដែលកំពុងបន្ត សត្វបក្សីជាច្រើនក្បាលក៏បានធ្លាក់ពីលើមេឃជាបន្តបន្ទាប់ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាគ្រោះធម្មជាតិ។ លោក Kartick Satyanarayan មន្ត្រីក្រសួងសុខាភិបាលបាននិយាយថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ លោកបានទទួលការហៅសង្គ្រោះបន្ទាន់ច្រើនជាង ៣៥-៤០ ដងជារៀងរាល់ថ្ងៃនៅក្នុង និងជុំវិញរដ្ឋធានីជាតិនៃតំបន់ Delhi ។ ការហៅទូរស័ព្ទភាគច្រើនក៏មានការស្នើសុំជួយសង្គ្រោះសត្វស្លាបផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ផ្ទុយពីកំដៅខ្លាំង តំបន់ខ្លះទៀតនៃភាគឦសានប្រទេសឥណ្ឌា ក៏កំពុងជួបបញ្ហាគ្រោះទឹកជំនន់ ដោយសារភ្លៀងធ្លាក់ខ្លាំងផងដែរ។ មន្ត្រីបាននិយាយថា ទឹកជំនន់ និងការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរ បានកើតឡើងនៅភាគឦសាននៃរដ្ឋ Assam ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ នាក់កាលពីយប់ថ្ងៃទី ១៨ ខែមិថុនា។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ប្រជាជនរាប់ពាន់លាននាក់នៅទូទាំងអាស៊ីកំពុងជួបបញ្ហាជាមួយនឹងកំដៅខ្លាំង។ អ្នកវិទ្យាសាស្ត្របាននិយាយថា អាកាសធាតុកាន់តែអាក្រក់ទៅៗ ដោយសារការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស៕










