ពាក្យ “ឧកញ៉ា” ជ គោរម្យងារ នៃមន្ត្រីដែលមានបណ្ដាសក្ត័ថ្នាក់ខ្ពស់ ក្នុងជួររាជការ ឬនាហ្មឺនមន្ត្រីធ្វើការថ្វាយហ្លួងប្រចាំព្រះរាជវាំង នាសម័យបុរាណ ដែលងារ “ឧកញ៉ា ឬលោកឧកញ៉ា” សុទ្ធតែទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យពីព្រះមហាក្សត្រ។
នាសម័យបុរាណ អ្នកដែលទទួលបានងារជា “ឧកញ៉ា” មិនមានច្រើនប៉ុន្មាននោះទេ តែក្នុងចំណោមនោះមាន២នាក់ ដែបន្សល់កេរ្តិ៍ឈ្មោះល្អមកដល់បច្ចុប្បន្ន។
ទី១គឺ ឧកញ៉ាសុត្តន្តប្រីជាឥន្ត ត្រូវបានគេទទួលស្គាល់ថា ជាអ្នកខ្លាំងផ្នែកអក្សរសាស្ត្រ និងព្រះធម៌មួយរូប ដោយឧកញ៉ាធ្លាប់ត្រូវបានរាជការក្រុងភ្នំពេញ ប្រោសអោយជួយតែងសព្វវចនាធិប្បាយខែ្មរ នៅទីសាលាបាលី។
លើសពីនេះទៅទៀត ឧកញ៉ា ក៏ជាអ្នកបោះពុម្ពសៀវភៅជាច្រើនទៀត ដែលបន្សល់ដល់កូនខ្មែរជំនាន់ក្រោយបានសិក្សា ដោយក្នុងនោះរួមមានសៀវភៅ៖
• គតិលោក (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ)
• និរាសនគរវត្ត ពាក្យកាព្យ (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ)
• រឿងអំបែងបែក (ជាសាស្ត្រាស្លឹករឹត)
• បឋមសម្ពោធិ (ជាក្រាំង)
• លោក នីតិបករណ៍ (ពាក្យកាព្យ)
• សុភាសិតច្បាប់ស្រី (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត្យ)
• ក្បួនមេកាព្យ
• ស្នាដៃដទៃច្រើនទៀតបូករួមមាន ៤៤ មុខ
ដោយឡែកឧកញ៉ា ម្នាក់ទៀត ឧកញ៉ាឃ្លាំង មឿង គឺជាមេទ័ពដ៏ឆ្នើមរបស់ស្តេចអង្គចន្ទរាជា ក្នុងសម័យលង្វែក ដោយបានដាក់ប្រស្នាមេឃបែបយុទ្ធសាស្ត្រថា ទៅស្លាប់ ដើម្បីកេណ្ឌទ័ពខ្មោចឱ្យមកជួយច្បាំង។
កាលនោះ ទ័ពសៀមចូលដល់បាត់ដំបង ទ័ពខ្មោចឧកញ៉ាឃ្លាំង មឿងបានចេញទៅសម្ដែងឫទ្ធិ ធ្វើឱ្យទ័ពសៀមវិលមុខ ចុកពោះ ចុះក្អួតដួល ធ្វើឱ្យទ័ពព្រះអង្គចន្ទរាជា ចូលទៅកាប់សម្លាប់អស់ ពួកកងទ័ព សៀមទប់ទល់មិនបានក៏ដកថយទៅវិញ។
ការលះបង់ពលីជីវិតដ៏ធំធេងនេះ ធ្វើឱ្យឧកញ៉ាឃ្លាំង មឿង ត្រូវបានចារទុក នៅក្នុងសៀវភៅប្រវត្តិសាស្ត្ររហូតមកដល់ពេលបច្ចុប្បន្ន៕










