ជឿថាប្រិយមិត្តភាគច្រើនប្រាកដជាបានដឹងហើយថា ភ្នំដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោកនោះគឺជាភ្នំអេវឺរែស (Everest) ដែលមានកម្ពស់ ៨,៨៤៨ ម៉ែត្រស្ថិតនៅជួរភ្នំហិម៉ាល័យ។ ដោយសារភ្នំនេះនៅក្នុងប្រទេសនេប៉ាល់ និងទីបេ វាក៏ត្រូវបានគេចាត់ទុកជាភ្នំខ្ពស់បំផុតប្រចាំទ្វីបអាស៊ីផងដែរ។ ដូច្នេះហើយ តើមានភ្នំណាទៀតដែលជាប់ឈ្មោះជាភ្នំខ្ពស់បំផុត ប្រចាំទ្វីបនីមួយៗលើផែនដីយើង?
១.ទ្វីបអឺរ៉ុប៖ ភ្នំដែលត្រូវបានគេទទួលស្គាល់ថាជាភ្នំខ្ពស់ជាងគេប្រចាំទ្វីបអឺរ៉ុបនោះ គឺភ្នំអ៊ែលប្រឺស (Elbrus) ដែលមានកម្ពស់ ៥,៦៤២ ម៉ែត្រ។ វាមានទីតាំងស្ថិតនៅជួរភ្នំកាកាសឺស (Caucasus) ក្នុងតំបន់ភាគខាងត្បូងប្រទេសរុស្ស៉ី ក្បែរព្រំប្រទល់ប្រទេសហ្សកហ្ស៊ី។
២.ទ្វីបអាហ្វ្រិក៖ សម្រាប់ទ្វីបអាហ្វ្រិកវិញភ្នំដែលខ្ពស់ជាងគេគឺភ្នំកាលីម៉ាន់ចារ៉ូ (Kilimanjaro) នៅក្នុងប្រទេសតង់សានី គឺជាភ្នំខ្ពស់ជាងគេប្រចាំទ្វីបអាហ្រិ្វក ជាមួយកម្ពស់ ៥,៨៩៥ ម៉ែត្រ។ កាលីម៉ាន់ចារ៉ូ មានមាត់ភ្នំចំនួន ៣ រួមមានគីបូ (Kibo) ដែលនៅខ្ពស់ជាងគេ បន្ទាប់មកគឺម៉ាវែនហ្ស៉ី (Mawenzi) ដែលស្ថិតនៅកម្ពស់ ៥,១៤៩ ម៉ែត្រ និងស្ស៉ីរ៉ា (Shira) ដែលនៅទាបជាងកម្ពស់ ៤,០០៥ ម៉ែត្រ។ ភ្នំនេះគឺជាភ្នំដាច់តែឯង ដែលមិនស្ថិតនៅជួរភ្នំណាមួយឡើយ។
៣.ទ្វីបអូស្រ្តាលី៖ ភ្នំខ្ពស់ជាងគេប្រចាំទ្វីបអូស្រ្តាលី គឺភ្នំកូសៀស្កូ (Kosciuszko) នៅរដ្ឋញូសោតវែល (New South Wales) ដែលវាស្ថិតនៅជួរភ្នំស្នូវី (Snowy) ហើយមានកម្ពស់ ២,២២៨ ម៉ែត្រ។ ភ្នំកូសៀស្កូ គឺជាភ្នំទាបជាងគេបង្អស់ ក្នុងចំណោមភ្នំខ្ពស់ៗបំផុតប្រចាំទ្វីបទាំង ៧។
៤.ទ្វីបអង់តាក់ទិច៖ នៅទ្វីបទឹកកកនៃប៉ូលខាងត្បូងនេះ ក៏មានភ្នំខ្ពស់ជាងគេប្រចាំទីនោះផងដែរ គឺភ្នំឈ្មោះវីនសុន (Vinson) ដែលស្ថិតនៅជួរភ្នំអ៊ែលស្វស្ស (Ellsworth) និងមានកម្ពស់ ៤,៨៩២ ម៉ែត្រ។
៥.ទ្វីបអាមេរិកខាងត្បូង៖ ភ្នំអាកុងកាហ្កា (Aconcagua) ដែលស្ថិតនៅជួរភ្នំអង់ (Andes) ក្នុងខេត្តមែនដូហ្សា (Mendoza) នៃប្រទេសអាហ្សង់ទីន គឺជាភ្នំខ្ពស់ជាងគេប្រចាំទ្វីបអាមេរិកខាងត្បូង ជាមួយកម្ពស់ ៦,៩៦០ ម៉ែត្រ។ វាក៏ជាប់ឈ្មោះជាភ្នំខ្ពស់ជាងគេ នៅក្រៅទ្វីបអាស៊ី និងខ្ពស់ជាងគេបង្អស់ នៅតំបន់អាមេរិកទាំងមូលផងដែរ។.jpg)
៦.ទ្វីបអាមេរិកខាងជើង៖ ភ្នំដែលខ្ពស់ជាងគេប្រចាំទ្វីបអាមេរិកខាងជើង គឺមានឈ្មោះថា ដេណាលី (Denali)។ កាលពីចន្លោះឆ្នាំ ១៩១៧-២០១៥ សហរដ្ឋអាមេរិកធ្លាប់បានហៅវាថាជា ភ្នំម៉ាកឃីនឡេ (McKinlay)។ ភ្នំនេះ ស្ថិតនៅជួរភ្នំអាឡាស្កា (Alaska) ក្នុងរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក ដោយមានកម្ពស់ ៦,១៩០ ម៉ែត្រ។
៧.ទ្វីបអាស៊ី៖ ភ្នំដែលខ្ពស់ជាងគេប្រចាំទ្វីបអាស៊ីយើងវិញ គឺភ្នំអេវឺរ៉េស (Everest) ជាមួយកម្ពស់ ៨,៨៤៨ ម៉ែត្រ ហើយក៏ជាប់ចំណាត់ថ្នាក់ជាភ្នំខ្ពស់ជាងគេបំផុតនៅលើពិភពលោកទាំងមូលផងដែរ។ ភ្នំនេះស្ថិតនៅជួរភ្នំហិមាល័យ (Himalaya) ដោយផ្នែកម្ខាងនៃភ្នំអេវឺរ៉េស គឺនៅក្នុងទឹកដីប្រទេសនេប៉ាល់ និងម្ខាងទៀតនៅក្នុងតំបន់ទីបេនៃប្រទេសចិន៕










