នៅលើផែនដីយើងគឺមានផ្សិតច្រើនប្រភេទណាស់ ដោយផ្សិតខ្លះអាចយកទៅបរិភោគបាន ហើយខ្លះទៀតគឺមិនអាចបរិភោគបាននោះទេ ខណៈប្រភេទខ្លះក៏មានជាតិពុលទៀតផង។ លើសពីនេះផ្សិតគឺមានរូបរាងប្លែកៗផ្សេងៗគ្នា ដែលមនុស្សមួយចំនួនប្រហែលជាមិនសូវស្គាល់គ្រប់ប្រភេទនៃផ្សិតនោះទេ។ ទោះជាយ៉ាងណាថ្ងៃនេះ KBN News នឹងនាំប្រិយមិត្តមកស្គាល់ផ្សិតចម្លែកមួយប្រភេទដែលមានរូបរាងដូចដៃជើងមនុស្ស។

Dead Man’s Fingers គឺជាផ្សិតម្យ៉ាងដែលមានរូបរាងដូចម្រាមដៃនិងម្រាមជើងមនុស្សដែលបានស្លា.ប់។ វាច្រើនដុះរីកលូតលាស់នៅរដូវក្តៅរហូតដល់ចុងរដូវស្លឹកឈើជ្រុះ និងដើមរដូវរងា ដោយភាគច្រើនត្រូវបានគេរកឃើញនៅអឺរ៉ុបដីគោកដូចជាអង់គ្លេស អៀឡង់ និងតំបន់ជាច្រើនទៀតនៃអាមេរិកខាងជើង។ Dead Man’s Fingers ជាទូទៅមានពណ៌ខ្មៅ ស បៃតង ខៀវ និងប្រផេះងងឹត ហើយមិនត្រូវបានគេយកទៅបរិភោគទេ ដោយសាររូបរាងដ៏គួរឱ្យខ្លាចរបស់វា ហើយវាក៏ជាផ្សិតមួយប្រភេទដែលគេចាត់ទុកថាមានជាតិពុលគ្រោះថ្នាក់បំផុតក្នុងពិភពលោកផងដែរ។ 
ដូច្នេះនេះជាមូលហេតុដែលធ្វើឱ្យផ្សិតនេះមានច្រើនពាសពេញព្រៃនៅអាមេរិក និងអឺរ៉ុប។ ប្រសិនបើអ្នកដើរក្នុងព្រៃស្ងាត់ៗនោះប្រហែលជាភ្ញាក់ផ្អើលនឹងផ្សិតមួយប្រភេទនេះហើយ ដោយសារវាមានរូបរាងដូចទៅនឹងម្រាមដៃម្រាមជើងខ្មោចបេះដាក់តែម្តង។ ពួកវាជាផ្សិតដែលដុះពេញមួយឆ្នាំនៅតាមគល់ឈើ ភាគច្រើនជាដើមប៊ីច ប៉ុន្តែពេលខ្លះក៏វាដុះនៅលើឈើខ្លឹមដែលជាឈើកប់នៅលើដីផ្សេងទៀតដែរ។ ជាទូទៅរូបរាងផ្លែរបស់ផ្សិតនេះច្រើនលេចចេញជាដុំម្រាមដៃពីរ បី ទៅប្រាំហើយវាថែមទាំងកោងពត់ដូចម្រាមដៃជើងខ្មោចបេះដាក់តែម្តង៕












