ភាពយន្តថៃរឿង«ចៅយាយ» ដែលបានចាក់បញ្ចាំងជាផ្លូវការក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៨ ខែមិថុនានេះ គឺឃើញថាសន្ទុះនៃការគាំទ្ររឿងនេះក្នុងចំណោមជនជាតិខ្មែរបានកើនឡើងយ៉ាងច្រើនផុសផុល ខណៈកុនស្នាដៃនិពន្ធរបស់ខ្មែរមួយគឺរឿង«ម៉ែក្មេកខ្ញុំខ្មោច» ដែលបានចាក់បញ្ចាំងកាលពីថ្ងៃទី១៣ ខែមិថុនានេះដែរ ប៉ុន្តែចំនួនអ្នកទស្សនារឿងនេះហាក់មានការធ្លាក់ចុះ។
ខ្សែភាពយន្តថៃរឿង«ចៅយាយ» ទើបតែបានចាក់បញ្ចាំងថ្មីៗក្តៅៗនៅគ្រប់រោងកុនទាំងអស់នៃប្រទេសកម្ពុជា កាលពីថ្ងៃទី១៨ ខែមិថុនានេះ គឺឃើញថារឿងនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជននិងចូលរួមទស្សនារឿងនេះពេញៗ Hall តែម្តង។ រឿង«ចៅយាយ» ដែលសាច់រឿងឆ្លុះបញ្ចាំងពីដំណើរជីវិតតួអង្គចៅនិងយាយ បង្កប់ដោយមនសញ្ចេតនាខ្ពស់និងភាពកម្សត់លាយឡំជាមួយគ្នាផងនោះ គឺបានធ្វើឲ្យអ្នកទស្សនារឿងនេះកាន់ជក់ចិត្តឡើងប្រៀបដូចទៅនឹងជីវិតពិត។
យ៉ាងណាមិញ បន្ទាប់ពីការបញ្ចេញរឿងកុនថៃថ្មីហាក់មានសន្ទុះនៃការគាំទ្រច្រើនបែបនេះ ក៏បានបណ្តាលឲ្យមានមតិលើកឡើងព្រោងព្រាត ប្រៀបធៀបរវាងកុនខ្មែរដែលមិនសូវទទួលបានចំណាប់អារម្មណ៍។ ជាមួយគ្នានោះ គេក៏បានធ្វើការលើកឡើងពីរឿង «ម៉ែក្មេកខ្ញុំខ្មោច» ក្រោមស្នាដៃនិពន្ធរបស់ខ្មែរ ដែលទើបតែបានចាក់បញ្ចាំងជាផ្លូវការ កាលពីថ្ងៃទី១៣ ខែមិថុនានេះ។ «ម៉ែក្មេកខ្ញុំខ្មោច» ជាសាច់រឿងបែបរន្ធត់ព្រឺព្រួច បែបកំប្លែង រៀបរាប់ពីដំណើរនៃការរើសកូនប្រសារប្រុសរបស់ម៉ែក្មេកដែលត្រូវជាខ្មោច។
យោងតាមសារបង្ហោះដោយគេហទំព័រអ្នកវិភាពឯករាជ្យបានលើកឡើងថា«ក្នុងអំឡុងពេលគ្រប់គ្នាកំពុងពពាក់ពពូនទៅគាំទ្រកុនលោកយាយ! ខណៈកុនខ្មែរមួយនេះកំពុងប្រឈមមុខនៃការគ្មានអ្នកមើល (ធ្លាក់ Show) ។ ខ្ញុំអត់បង្ខំថាអ្នកត្រូវតែហូបអាហារខុសរសជាតិដែលខ្លួនចង់ញ៉ាំឡើយ តែប្រសិនជាអាច! សូមជ្រើសយកមនសិកាជាតិជាធំ ព្រោះយើងសុទ្ធតែជាផ្នែកអាចជួយសិល្ប:ទី៧ របស់យើងបាន!»។ អ្នកខ្លះថា«ត្រឹមត្រូវបើខ្មែរមិនគាំទ្រកុនខ្មែរឲ្យបរទេសណាមកគាំទ្រកុនខ្មែរនោះ បើខ្មែរមិនគាំទ្រកុនខ្មែរនោះ កុនខ្មែរនិងមិនអាចរីកចម្រើនបានទេ»។ អ្នកខ្លះទៀតថា«ខ្ញុំអត់ទៅមើលរឿងថៃទេ ហើយរឿងខ្មែរមួយចំនួន ដែលមើលទៅមិនល្អមើល ក៏ខ្ញុំអត់មើលដែរ។ តែរឿងល្អៗ ដូចជារឿង ទឹកចិត្តម្តាយសម័យថ្មី រឿង ស្តេចកន រឿងស្បែកគង់ ….. សាច់រឿងល្អ គុណភាពកុន អ៊េម»។
ខណៈអ្នកមួយចំនួនទៀតក៏បានលើកឡើងថា«តាមយោបល់ខ្ញុំ ខ្ញុំគិតថាគួរតែដូរតួរថ្មីៗ ពេលខ្លះពួកគាត់សម្តែងចាញ់អ្នកថតវីដេអូខ្លីៗផង អ្នកសរសេររឿងល្អ ដល់ពេលសម្តែងចប់ សំដីនិយាយមួយៗ កាយវិការអត់លះ រិះគន់ដើម្បីស្ថាបនា ប៉ុន្ដែស្ថាបនាមិនចេញទេ ហាហា»។ អ្នកខ្លះថា «រឿងខ្មែរមួយចំនួនចំណាយតិចតែចង់បានផលចំនេញច្រើន ជាហេតុធ្វើឲ្យគុណភាពមិនល្អ អ្នកដែលទៅមើលហើយ Feedback មិនល្អ តែយល់ល្អគួរពង្រឹងគុណភាពទៅលើការផលិតភាពយន្តល្អជាងបង្ខំឲ្យគេគាំទ្រ គេអាចនឹងគាំទ្រតែមួយភ្លែតរួចហើយក៏បាត់វិញ មិនមែនអ្នកគាំទ្រដូចភ្លើងចំបើងទេតែមកពីការផលិតរឿងនៅស្រុកខ្មែរនៅមានកម្រិត»៕










