ក្នុងនាមជាប្រទេសមួយនៅអាស៊ីអាគ្នេយ៍ ម៉ាឡេស៊ីមានទីតាំងយុទ្ធសាស្ត្រ និងអាកាសធាតុខ្យល់មូសុងត្រូពិចពេញមួយឆ្នាំ។ ប្រទេសនេះមានភាពល្បីល្បាញខ្លាំងដោយសារអត្តសញ្ញាណវប្បធម៌ចម្រុះរបស់ខ្លួន រួមទាំងអរិយធម៌ចំណាស់ជាងគេចំនួនបីនៅអាស៊ីដូចជា ម៉ាឡេ ចិន និងឥណ្ឌា។ ម៉ាឡេស៊ីមានរមណីយដ្ឋានទេសចរណ៍ជាច្រើន ដែលលាតសន្ធឹងរដ្ឋចំនួន ១៣ និងដែនដីសហព័ន្ធចំនួន ៣ ដែលលេចធ្លោបំផុតក្នុងប្រទេស។ ដូច្នេះប្រសិនបើអ្នកមានបំណងចង់ទៅកម្សាន្តនៅប្រទេសម៉ាឡេស៊ី មិនគួររំលងតំបន់ទេសចណ៍នេះឡើយ៖
១.ទីក្រុងគូឡាឡាំពួ៖ រដ្ឋធានីដ៏មមាញឹករបស់ម៉ាឡេស៊ីគឺជាគោលដៅដ៏ទាក់ទាញបំផុត ដោយសារទីក្រុងនេះមានភាពរីកចម្រើនខ្លាំង ក៏ដូចជាមានលក្ខណៈពិសេសនៃការរួមបញ្ចូលគ្នារវាងបុរាណ និងសម័យទំនើប។ ដូច្នេះភ្ញៀវទេសចរអាចមកទីក្រុងនេះដើម្បីទទួលយកបទពិសោធន៍ថ្មីៗ ដោយអាចចូលទៅទស្សនាសារមន្ទីរ Selfie ដែលជាសារមន្ទីរដំបូងគេក្នុងប្រទេសម៉ាឡេស៊ីដែលឧទ្ទិសដល់ ‘សិល្បៈ Selfie’ ជាមួយនឹងការរចនាដែលផ្តល់ឱ្យអ្នកទស្សនានូវបទពិសោធន៍ជាច្រើន ពីការមើលឃើញ ការប៉ះរហូតដល់រសជាតិ។ នៅក្នុងទីក្រុងនោះអ្នកក៏អាចទៅទស្សនា អគារភ្លោះ Petronas ដែលជាប៉មដ៏ល្បីល្បាញមួយរបស់ពិភពលោក និងជានិមិត្តសញ្ញាដ៏ល្បីល្បាញបំផុតរបស់ប្រទេស ក៏ដូចជាសួនសត្វជាតិ កញ្ចក់មេឃ និងផ្សារប៉ាសារី។
២.កោះ Penang៖ Penang គឺជាកោះដ៏ល្បីល្បាញបំផុតមួយរបស់ប្រទេសម៉ាឡេស៊ី ដែលត្រូវបានគេស្គាល់ថាជាគុជនៃបូព៌ា។ កោះនេះមានស្ពានវែងជាងគេទីពីរនៅអាស៊ីអាគ្នេយ៍ និងមានអាគារស្ថាបត្យកម្មអាណានិគមលេចធ្លោក្នុងចំណោមអគារទំនើបៗក្នុងទីក្រុង George Town ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក៏ដូចជាមានរុក្ខជាតិ និងសត្វសម្បូរបែបនៅក្នុងឧទ្យានជាតិ Penang ។ នៅទីនេះគឺមានប្រាសាទកែកឡុកស៊ី ដែលជាប្រាសាទពុទ្ធសាសនាអាស៊ីអាគ្នេយ៍ដ៏ល្បីល្បាញស្ថិតនៅលើភ្នំខ្ពស់ មានចេតិយប្រាំបីជាន់ រចនាតាមបែបចិន រួមបញ្ចូលគ្នារវាងប្រទេសថៃ និងភូមា ជាមួយនឹងស្ថាបត្យកម្មដ៏អស្ចារ្យ។ លើសពីនេះក៏មានរមណីយដ្ឋានល្បីៗដូចជា សួនមេអំបៅ Entopia, ឆ្នេរ Batu Ferringhi, និងអាហារតាមផ្លូវ Gurney Drive។
៣.ទីក្រុង Melaka៖ ម៉ាឡាកាគឺជាទីតាំងពាណិជ្ជកម្មដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តដើមរបស់ប្រទេសម៉ាឡេស៊ី ហើយបានទាក់ទាញពាណិជ្ជករមកពីជុំវិញពិភពលោក។ បច្ចុប្បន្នកន្លែងនេះត្រូវបានអង្គការយូណេស្កូទទួលស្គាល់ថាជាទីក្រុងបេតិកភណ្ឌពិភពលោក។ រាជធានីនេះមានស្ថាបត្យកម្មបុរាណនៃអគារ ភាពចម្រុះនៃទំនៀមទម្លាប់ និងវប្បធម៌របស់ប្រជាជននៅក្នុងតំបន់។ ក្រៅពីទីក្រុង ក៏កន្លែងកម្សាន្តដ៏គួរឱ្យទាក់ទាញផ្សេងទៀតដូចជា សួនកម្សាន្ត ចម្ការផ្លែឈើ សួនធម្មជាតិ សួនសត្វ រមណីយដ្ឋាន និងផ្ទះសំណាក់ប្រណិតៗជាដើម។ ដូច្នេះប្រសិនបើអ្នកមកដល់ទីក្រុងនេះកុំភ្លេចទៅទស្សនា បន្ទាយ Fort A’Famosa, សារមន្ទីរព្រះបរមរាជវាំង Malaka, សាលាក្រុងសំណង់បុរាណ, និងផ្លូវដើរ Jonker ដ៏ល្បីល្បាញប្រចាំប្រទេស៕










