Home ព័ត៌មានអន្តរជាតិ ដំរីថ្មយក្សជាតំបន់ទេសចរណ៍ដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរលើពិភពលោក

ដំរីថ្មយក្សជាតំបន់ទេសចរណ៍ដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរលើពិភពលោក

86
0

ប្រទេសអ៊ីស្លង់ ៖ នៅលើកោះ Heimaey ប្រទេសអ៊ីស្លង់ មានតំបន់ទេសចរណ៍ស្អាតៗជាច្រើនកន្លែង ដែលបានកើតឡើងតាមធម្មជាតិ ដូចជា ៖ ថ្មមានរូបរាងប្លែកៗ និងសត្វស្លាប ប៉ុន្តែក្នុងចំណោមតំបន់ទេសចរណ៍ទាំងនេះ គឺដំរីថ្មយក្ស (Elephant Rock) មានភាពលេចធ្លោជាងគេ ដោយសារវាមានរូបរាងដូចក្បាលដំរីកំពុងតែផឹកទឹកសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT9rwryaqfZwBUPx_C8hVuN6-FJXq9WLHu6xUdnoDRYUmCfgx2r-TXcVd1tWh8o1tD37diomai1E5yqmiQJN8pPD8EUiT30mTf5xl_7KE9VjUcAbUQiqffNFoARfzu3eLNv7vaunE03zNrCNAEKoGXGjRmbVpzHVxyOKXfHVK2SCctEWH0PvIxC4A8CrM/s1000/df9fb8_a50089c0d81a4fdf9110b0156638fbc8~mv2.jpg

ដំរីថ្មយក្សបានកើតឡើងដោយសារថ្មធម្មជាតិនៅប្រជុំកោះ Westman ដែលស្ថិតនៅឆ្ងាយពីឆ្នេរសមុទ្រខាងត្បូងប្រទេសអ៊ីស្លង់ ប្រមាណជាង៧គីឡូម៉ែត្រ ។ ថ្មមានរូបរាងដូចគ្នានឹងសត្វដំរីនេះ និងថ្មមានរូបរាងប្លែកៗទាំងនេះបានធ្វើឱ្យមនុស្សគ្រប់គ្នាជឿថា វាកើតឡើងដោយសារមនុស្ស ប៉ុន្តែការពិត ថ្មទាំងនេះបានកើតឡើងតាមធម្មជាតិ ខណៈស្នាមឆ្នូតៗនៅលើដំរីថ្មពណ៌ប្រផេះ គឺដូចគ្នានឹងស្បែកដំរី ។

ដំរីថ្មបានកើតឡើងដោយសារការផ្ទុះភ្នំភ្លើង «អែលសឺរ» ជាច្រើនលើក ហើយភ្នំភ្លើងនេះនៅតែបន្តផ្ទុះរហូតមកដល់ពេលបច្ចុប្បន្ន ។ កាលពីឆ្នាំ១៩៧៣ ភ្នំភ្លើងអែលសឺរបានផ្ទុះឡើងខ្លាំងជាងពេលមុនៗ និងធ្វើឱ្យកោះ Heimaey ខូចខាតយ៉ាងខ្លាំង ។ ពេលនោះ អ្នកស្រុកបានព្យាយាមទប់ស្កាត់កុំឱ្យកំអែភ្នំភ្លើងហូរមកដល់លំនៅឋានពួកគេ ដោយការប្រើប្រាស់ទឹកសមុទ្រ ទើបធ្វើឱ្យកំអែភ្នំភ្លើងផ្លាស់ទីយឺតៗ ហើយវាក៏មានសភាពរឹងនាពេលបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNilp_DDde2wBbaObciORahUhMwhnswfHxMdLvIU0SUGZMIbYJdByVsMeLM98wNOelsuzxSLOm6NschH8j2khGr-7GmZ0wLEL0H_SsbKki1GwudEN3rk_HEy4gx3j30zP_SrH2bfQ72DL5scbzgYtGiG6rbWYfnGK-yPSNdHN7W_z8rBMbpcP5p9_zVrw/s800/photo_2024-06-18_13-08-43.jpg

លើសពីនេះ អ្នកស្រុកបានជួយគ្នាទប់ស្កាត់កុំឱ្យកំអែភ្នំភ្លើងហូរទៅកាន់កំពង់ផែដ៏សំខាន់បំផុតរបស់កោះផងដែរ ។ រីឯកំអែភ្នំភ្លើងមួយចំនួនទៀតបានហូរចូលក្នុងទឹកសមុទ្រ និងបង្កើតជាថ្មរូបរាងថ្មប្លែកៗជាច្រើននៅបរិវេណជុំវិញកោះ Heimaey រួមទាំងបង្កើតជាដំរីថ្មយក្សផងដែរ ។

បើទោះជាដំរីថ្មមានរូបរាងដូចគ្នាខ្លាំងនឹងដំរីពិតប្រាកដក្តី ប៉ុន្តែមនុស្សខ្លះយល់ឃើញខុសពីនេះ ដោយពួកគេនិយាយថា ថ្មនេះមានរូបរាងដូចគ្នានឹងសត្វចម្លែក១ក្បាលរស់នៅបាតសមុទ្រ ដែលមានពុកមាត់ដូចមឹកយក្ស ។ ក្រៅពីនេះ នៅលើកោះ Heimaey ក៏មានចំណុចទាក់ទាញគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត ដូចជា ៖ ការជិះទូកមើលត្រីបាឡែន និងមើលសត្វស្លាបជាច្រើនក្បាល ដែលមកពងនៅលើកោះនារដូវក្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh23O_cHjOtM_IB52is795AndFJpgUG2ewnSmFIxxMmny_aj4ucw2cK_XdZQxwioMoyNbp7k8vhsl2PmHWbuyGyChnZf9FtDv2h3nFhWWsv27newGWXutHB37poCY3Vc6GXVNH1uxGkm1p_1kZtXpQ4iD2MKWdpY4gamxFqgfa470zHanXFzLlTZj4IEYQ/s700/photo_2024-06-18_13-08-44%20(2).jpg

ចំណែកភ្ញៀវទេសចរដែលចង់មកទស្សនាដំរីថ្មយក្ស គឺពួកគេអាចជិះទូកពីតំបន់ Landeyjahofn ទៅកាន់ប្រជុំកោះ Westman ។ បន្ទាប់មក ពួកគេត្រូវជិះទូករយៈពេល១ម៉ោងទៀត ទើបមកដល់កន្លែងដំរីថ្ម ។ រីឯកោះ Heimaey គឺជាកោះធំបំផុតក្នុងចំណោមកោះទាំងអស់ និងជាកោះតែមួយគត់ដែលមានមនុស្សរស់នៅ ។

ដំរីថ្មបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរយ៉ាងខ្លាំង ពីព្រោះវាមានរូបរាងដូចគ្នានឹងក្បាលដំរីយក្សកំពុងតែជ្រមុជចូលក្នុងមហាសមុទ្រអាត្លង់ទិក ឬហាក់ដូចជាវាកំពុងព្យាយាមផឹកទឹកបំបាត់ការស្រេកទឹក ។ ដូច្នេះ ប្រសិនបើមានឱកាស យើងចង់ឱ្យលោកអ្នកមកកម្សាន្តនៅលើកោះនេះ ដោយសារមានតំបន់ធម្មជាតិដ៏អស្ចារ្យជាច្រើនកន្លែង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJUMFXdXC0Aezjl-Gy2PRxkD0tb4tBVjnfHVDl0ThxRpTXmBDb9Rmf8RiVMbQp7VFDsPD8ulS-mEAs6b6BQvxZ4I24VrUDKYU7Ras3EvWgELluPLARYby-l3iJVa5PVOXqKSDBW7Pw2likC7S-Q3LjQG82Mhzf5x4RPm0ByFRZ2Kp0PtfCWX2rD0RGSe4/s640/photo_2024-06-18_13-08-44.jpg