ក្រោយបង្ក្រាបក្មេងទំនើង៦៨ករណី ឃាត់ខ្លួនជាង ៣០០នាក់ ក្នុងរយៈពេល ៧ថ្ងៃ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានផ្ញើសារផ្តាំទៅក្រុមយុវជនកុំឱ្យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ព្រោះក្រសួងកំពុងរៀបចំដំណើរការ ដោយនឹងបញ្ចូលឈ្មោះទៅក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរូបនេះបន្ថែមថា កាលណាដែលមានឈ្មោះក្នុងប្រព័ន្ធទិន្នន័យរបស់ក្រសួងមហាផ្ទៃពាក់ព័ន្ធគ្រឿងញៀន នោះយុវជននឹងមានលទ្ធផលអវិជ្ជមាន នៅពេលដែលយុវជនចង់ដាក់ពាក្យបម្រើការងារនៅតាមក្រសួង-ស្ថាប័នរដ្ឋ និងអង្គការជាដើម គេនឹងអាចចូលទៅក្នុងទិន្នន័យតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដើម្បីចង់ដឹងពីប្រវត្តិផ្ទាល់ខ្លួន ហើយបើគេចូលទៅឃើញឈ្មោះហើយ នឹងប្រឈមហានិភ័យ ដោយនឹងមិនទទួលឱ្យចូលធ្វើការនោះទេ៕