កាលពីកន្លងមកនេះមានការចែកចាយសំឡេងរបស់តារារ៉េប KingChi រយៈពេល១៧វិនាទី ដែលនិយាយពីបញ្ហាលោកមិនជាប់ពាក់ព័ន្ធនឹងគ្នីគ្នាលោកគឺ MC Sey និង1NE និងបានលើកឡើងទៀតថាទំនងជាមានអ្នកធ្វើស៊ី។ ទោះយ៉ាងណា សំឡេងខ្លីនេះបានធ្វើឱ្យមានមតិប្រតិកម្ម ខណៈតារាចម្រៀងរូបនេះបានទម្លាក់បទពេញតែម្តងប៉ុន្តែបានផ្លាស់ប្តូរកាត់ឃ្លានិយាយពី MC Sey និង1NE ចោល។
វេលាម៉ោង៦ល្ងាចថ្ងៃទី១១ មិថុនា តារារ៉េប KingChi ដែលត្រូវហ្វេនៗដាក់នាមឱ្យថា «ស្តេចជួន»បានទម្លាក់បទថ្មីមានចំណងជើងថា «ខ្ញុំស្គាល់ហើយ»ដោយមួយបទនេះធ្វើឱ្យមានមតិគាំទ្រច្រើនពីសំណាកហ្វេនៗ ខណៈមួយបទលោកហាក់ចង់បរិយាយពីរឿងពិតដែលកើតឡើងចំពោះខ្លួន។ មែនទែនទៅកាលពីកន្លងមកនេះ KingChi បានបង្ហើបសំឡេងរបស់ពេល១៧វិនាទីនៅលើ Story របស់ខ្លួន ប៉ុន្តែក៏សម្រេចចិត្តលុបវិញ។ ទោះជាយ៉ាងណាសំឡេងរបស់លោកត្រូវបានគេយកបង្ហោះឡើងវិញនិងមានការចែករំលែកលើបណ្តាញសង្គមប៉ុន្តែរូបលោកត្រូវប្រឈមនឹងការរិះគន់។
កាលពីមុនឃ្លាចម្រៀងរបស់លោកបានសរសេរថា «ខលទៅអ្នកម្តាយម៉ែអើយកុំភ័យរឿងនេះកូនមិនពាក់ព័ន្ធអាវ័ននិងអាសី sey មិនច្បាស់sey one មិនច្បាស់one មហាជនទស្សនិកជនកំពុងរង្វេងភាំងភាន់ មិនដឹងថាគេចង់ជាន់ឬរៀបក្រឡាធ្វើស៊ី ឬចង់ឱ្យស្រុកខ្មែរបាត់ឈ្មោះ CG »។
នៅពេលទម្លាក់បទពេញនិងជាបទចេញជាផ្លូវការប្រយោគខាងលើនេះបានប្រែមកជា «ខលទៅអ្នកម្តាយថាម៉ែអើយកុំភ័យរឿងនេះកូនមិនពាក់ព័ន្ធព្រោះកូនមិនបានដឹងអី ស្អីមិនច្បាស់ស្អីហេតុអីទាញខ្ញុំពាក់ព័ន្ធមហាជនទស្សនិកជនកំពុងរង្វេងភាំងភាន់ មិនដឹងថាគេចង់ជាន់ឬរៀបក្រឡាធ្វើស៊ី ឬចង់ឱ្យស្រុកខ្មែរបាត់ឈ្មោះថា CG »។
ជាមួយការផ្លាស់ប្តូរដកឈ្មោះ MC Sey និង 1NE ចេញពីបទចម្រៀងនេះ kingChi បានរៀបរាប់ថាក្រោយឬមុនយូរឬឆាប់គង់តែដឹងដូចគ្នា ជាច្រើនទៀតដូចជាការតស៊ូរបស់ខ្លួនជួបបញ្ហាច្រន ស្គាល់គ្រប់រសជាតិអ្នកនៅជិតខ្លួនមានទាំងអ្នកលួចចាក់ពីក្រោយខ្នង មានទាំងអ្នកដល់ត្រើយសើចគូថ អ្នកខ្លះមិនត្រឹមតែចាត់ទុកជាប្អូនតែដូចជាកូនបង្កើតខំបណ្តុះបណ្តាលតែអត់កំណើត រួមទាំងរឿងរ៉ាវមួយចំនួន។ លើសពីនេះ KingChi បានស្បថថាមិនធ្វើចរិតរាក់កំផែល ហ្វេននៅតែជាហ្វេនកាលណាដែលបាត់ហ្វេនប្រៀបដូចជាលោកចាញ់ដូចគ្នាមិនកាន់ជើងទង្វើអាក្រក់តែក៏មិនលើកជើងពួកបំភ្លៃនិងសង្ឃឹមថាគ្រប់យ៉ាងនឹងល្អប្រសើរ៕










