ប្រទេសចិន៖ កាហ្វេឡាតេស្លឹកខ្ទឹមដែលជាមីនុយថ្មីបានកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសចិន។
យោងតាមសារព័ត៌មានបរទេសមួួយដែលបានចុះផ្សាយកាលពីថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២៤ថា មីនុយកាហ្វេថ្មីនេះបានចាប់ផ្តើមរីករាលដាលយ៉ាងទូលំទូលាយកាលពីខែមុនរហូតមកដល់ពេលនេះ ដោយហាងជាច្រើននៅក្នុងប្រទេសចិនបានកំពុងចាប់ផ្តើមលក់ជាបន្តបន្ទាប់ នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយអាស៊ីបានរាយការណ៍អំពីរូបរាង និងរសជាតិដ៏ប្លែករបស់វា។
សារព័ត៌មានមួយចំនួនបានហៅភេសជ្ជៈនេះថាជាការរួមផ្សំដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតដែលមិនធ្លាប់បានសាកល្បង។ ជាការពិតណាស់ប្រជាជនចិនភាគច្រើនគឺពួកគេនិយមចូលចិត្តអ្វីដែលថ្មីៗនិងប្លែកៗ ដូច្នេះជនជាតិនេះតែងតែផ្សំគ្រឿងភេសជ្ជៈ ក៏ដូចជា Update មីនុយថ្មីៗជានិច្ចដើម្បីបង្កើតការចាប់អារម្មណ៍ពីភ្ញៀវ។ ហេតុនេះដើម្បីធ្វើ latte ស្លឹកខ្ទឹមដ៏ឈ្ងុយឆ្ងាញ់ ជាដំបូងយើងត្រូវហាន់ស្លឹកខ្ទឹមឱ្យម៉ត់ ហើយដាក់ចូលក្នុងពែង បន្ទាប់មកបន្ថែមទឹកកក ទឹកដោះគោ កាហ្វេ និងរោយស្លឹកខ្ទឹមបន្ថែមពីលើជាការស្រេច។
ទោះជាយ៉ាងណាមីនុយកាហ្វេនេះគឺបានទទួលប្រតិកម្មចម្រុះ ដោយអ្នកខ្លះបាននិយាយថា ពួកគេមិនហ៊ានសាកល្បងរសជាតិនេះទេ ព្រោះពួកគេមិនចូលចិត្តក្លិននៃខ្ទឹម ខណៈអ្នកខ្លះទៀតចាប់អារម្មណ៍នឹងឡាតេដ៏ប្លែកនេះ ហើយពួកគេបាននិយាយថា វាមានរសជាតិឆ្ងាញ់ប្លែកជាងភេសជ្ជៈផ្សេងទៀត។ យ៉ាងណាមិញគ្មាននរណាដឹងច្បាស់ថា តើកាហ្វេស្លឹកខ្ទឹមកើតឡើងនៅពេលណា ហើយអ្នកណាជាអ្នកបង្កើតនោះទេ។
ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ភេសជ្ជៈនេះហាក់ដូចជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកអ្នកលេងបណ្តាញសង្គម និងភ្ញៀវទេសចរបរទេសមួយចំនួនត្រូវបានផ្តល់ជូនដោយហាងកាហ្វេជាច្រើនដើម្បីទាក់ទាញចំណាប់អារម្មណ៍លើអ៊ីនធឺណិត។ គួរបញ្ជាក់ដែរថា មីនុយកាហ្វេប្លែកៗនេះមិនមែនជាលើកទីមួយទេនៅក្នុងប្រទេសចិន កាលពីឆ្នាំមុនប្រទេសនេះក៏បានបង្កើតមីនុយកាហ្វេរសជាតិម្ទេស ដែលពេលនោះគឺមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណិត ហើយនៅអំឡុងឆ្នាំដដែលនោះ ប្រទេសនេះក៏បានបង្កើតកាហ្វេរសជាតិជ្រូកផងដែរ៕