ប្រទេសម៉ិកស៊ិក ៖ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ត្រីរាប់ពាន់ក្បាលក្នុងបឹងស្ថិតនៅភាគខាងជើងប្រទេសម៉ិកស៊ិក បានងា.ប់ អស់គ្មានសល់ក្នុងពេលជាមួយគ្នា ។
ហេតុការណ៍នេះធ្វើឱ្យអាជ្ញាធរសន្និដ្ឋានថា វាបណ្តាលមកពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងអាកាសធាតុក្តៅខ្លាំងពេក ដែលមានសីតុណ្ហភាពស្មើជាង៤០អង្សារសេ ទើបធ្វើឱ្យសត្វនានាងា.ប់ ជាបន្តបន្ទាប់ ។
គេបានឃើញខ្មោចត្រីយ៉ាងច្រើនសន្ធឹកសន្ធាប់អណ្តែតនៅតំបន់ Bustillos Lagoon ស្ថិតក្នុងរដ្ឋ Chihuahua ប្រទេសម៉ិកស៊ិក ។ អាជ្ញាធរក្នុងតំបន់បានយកកំបោរស មករោយពីលើខ្មោចត្រីដើម្បីបំបាត់ក្លិនស្អុយ ដោយសារបារម្ភថា ការស្អុយរលួយយ៉ាងឆាប់រហ័សរបស់ខ្មោចត្រីនៅក្រោមអាកាសធាតុក្តៅខ្លាំងបែបនេះ វាអាចបង្កើតសត្វល្អិតផ្សេងៗ និងឆ្លងមេរោគផ្សេងៗ ។ ហេតុនេះ វានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពពលរដ្ឋដែលរស់នៅតំបន់ក្បែរៗ ។
អាជ្ញាធរសន្និដ្ឋានថា មូលហេតុបណ្តាលឱ្យត្រីងាប់រាប់ពាន់ក្បាលក្នុងពេលជាមួយគ្នានេះ គឺមកពីអាកាសធាតុក្តៅខ្លាំងនៅប្រទេសម៉ិកស៊ិក ដែលមានសីតុណ្ហភាពលើស៤០អង្សារសេ ខណៈកម្រិតទឹកនៅតំបន់ Bustillos Lagoon ស្រកចុះយ៉ាងខ្លាំង ។
នៅឆ្នាំ២០២៤ គ្រោះរាំងស្ងួតបានគ្របដណ្តប់តំបន់នានារបស់ម៉ិកស៊ិក ស្មើជិត៩០% ឯណោះ ។ វាជាកម្រិតខ្ពស់បំផុត បើគិតចាប់ពីឆ្នាំ២០១១ មក ក្នុងនោះរដ្ឋ Chihuahua រងផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុខ្លាំងជាងគេ ។
ក្រៅពីត្រីងាប់ហើយ សត្វផ្សេងទៀត ដូចជា ៖ សត្វលា និងគោ ក៏បានងាប់អស់ជាច្រើនក្បាលផងដែរ ដោយសារទឹកក្នុងទំនប់នានាស្រកចុះខ្លាំង ។ រីឯកសិករជាច្រើនគ្រួសារប្រឈមនឹងបញ្ហាខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មយ៉ាងខ្លាំង ទើបពួកគេសម្រេចចិត្តបោះបង់ផ្ទៃដីកសិកម្ម និងនាំគ្នាជម្លៀសចេញពីរដ្ឋ Chihuahua ៕










