ប្រទេសអ៊ីស្រាអែល ៖ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យមួយបានប្រកាសផ្តល់ប្រាក់ចំនួន១០លានដុល្លារអាមេរិកដល់អ្នកអាចទំនាក់ទំនងជាមួយសត្វ ឬអាចនិយាយជាមួយសត្វយល់គ្នាទៅវិញទៅមក ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យា Tel Aviv University នៅប្រទេសអ៊ីស្រាអែលប្រកាសថា ពួកគេនឹងផ្តល់ប្រាក់រង្វាន់ដល់ការស្រាវជ្រាវអំពីសត្វ ឬបុគ្គលណាម្នាក់ដែលអាចរកវិធីទំនាក់ទំនងជាមួយសត្វណាមួយ មិនថា ឆ្មា, ឆ្កែ ឬសត្វផ្សេងទៀត ។
ពួកគេកំណត់ថា វិធីទំនាក់ទំនងជាមួយសត្វនេះ គឺត្រូវពិសោធន៍ឱ្យឃើញថា បុគ្គលនោះអាចទំនាក់ទំនងតាមបែប Two-way Inter-species Communication ។ បើនិយាយងាយៗ គឺត្រូវបង្ហាញឱ្យឃើញថា បុគ្គលនោះ និងសត្វអាចយល់ពីគ្នាទៅវិញទៅមក ឬដូចគ្នានឹងមនុស្សជជែកជាមួយមនុស្ស ។
ចំណែកការផ្តល់ប្រាក់រង្វាន់រហូតដល់១០លានដុល្លារអាមេរិកសម្រាប់អ្នកឈ្នះ គឺដើម្បីឱ្យយកប្រាក់នេះទៅបន្តការស្រាវជ្រាវអំពីសត្វ ឬប្រកបអាជីវកម្ម ។ ហេតុនេះ បើបុគ្គលណាម្នាក់ទទួលបានជោគជ័យក្នុងការប្រកួត គេនឹងចាត់ទុកថា គឺជាការរីកចម្រើនផ្នែកបច្ចេកវិទ្យាមួយលើពិភពលោក ។
ទោះយ៉ាងណា ពួកគេពុំបានកំណត់អ្វីច្រើនទេក្នុងការទំនាក់ទំនងជាមួយសត្វ គឺអ្នកចូលរួមប្រកួតអាចប្រើប្រាស់វិធីអ្វីក៏បាន ដើម្បីពិសោធន៍ពីការទំនាក់ទំនងជាមួយសត្វបានពិតប្រាកដ ។ លើសពីនេះ អ្នកចូលរួមប្រកួតអាចប្រើប្រាស់បច្ចេកវិទ្យា AI មកជួយបាន ហើយការផ្តល់រង្វាន់ជាប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្នុងគោលបំណងទាក់ទងបេក្ខជនមកចូលរួមប្រកួតឱ្យបានច្រើន ។
ហេតុនេះ បើបេក្ខជនណាអាចទំនាក់ទំនងជាមួយសត្វបានមុនគេ គឺនឹងទទួលជ័យជម្នះក្នុងការប្រកួតខាងលើ ព្រមទាំងទទួលយករង្វាន់ធំផងដែរ ។ ក្រោយពីការប្រកាសស្វែងរកអ្នកមានសមត្ថភាពពិសេស វាធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងពីរង្វាន់ធំ ប៉ុន្តែមតិខ្លះនិយាយថា ពួកគេជជែកជាមួយឆ្មានៅផ្ទះពុំដឹងរឿងផងថា វាត្រូវការអ្វី ៕










