សហរដ្ឋអាមេរិក ៖ បើនិយាយពីការជាប់នៅលើកោះ យើងនឹងគិតថា ពិតជាលំបាកមិនខាន ដោយសារនៅលើកោះមានបរិវេណធំល្វឹងល្វើយ និងគួរឱ្យខ្លាច ។ ប៉ុន្តែយើងនឹងផ្លាស់ប្តូរការគិតបែបនេះ បើបានឃើញកោះគួរឱ្យស្រឡាញ់មួយនៅសហរដ្ឋអាមេរិក ពីព្រោះកោះនេះមានទំហំតូចជាងតារាងបាល់ទាត់ទៅទៀត ។ .jpg)
កោះនេះមានទំហំស្មើនឹងពាក់កណ្តាលកោះ Bishop Rock ដែលគេធ្លាប់បានកត់ត្រាក្នុងឯកសារថា គឺជាកោះតូចបំផុតលើពិភពលោក ។ ប៉ុន្តែនៅឆ្នាំ១៩៨២ កោះ Bishop Rock ស្ថិតនៅប្រជុំកោះ Scilly ប្រទេសអង់គ្លេស ត្រូវបានគេបោះបង់ចោល ទើបធ្វើឱ្យវាបាត់បង់ឋានៈជាកោះតូចបំផុតដែលមានមនុស្សរស់នៅ ។
Just Room Enough Island គឺជាឈ្មោះកោះមានទំហំតូចជាងតារាងបាល់ទាត់ និងតូចបំផុតនៅលើពិភពលោក ហើយវាសាកសមនឹងមនុស្សដែលចូលចិត្តភាពឯកោ ។ វាជាកោះមួយស្ថិតក្នុងចំណោមកោះចំនួន១.៨៦៤ ក្នុងទន្លេ St. Lawrence ដែលជាតំបន់បែងចែកព្រំដែនរវាងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក និងរដ្ឋអនថេរីអូ ប្រទេសកាណាដា ។
ចំណែកប្រវត្តិរបស់កោះនេះបានចាប់ផ្តើមឡើងនៅឆ្នាំ១៩៥០ គឺមានក្រុមគ្រួសារមួយបានសម្រេចចិត្តទិញកោះនេះសម្រាប់ធ្វើជាកន្លែងសម្រាកលំហែកាយក្នុងថ្ងៃឈប់សម្រាកពីការងារ និងគេចពីភាពរញ៉េរញ៉ៃក្នុងទីប្រជុំជន ។
ពីដំបូង វាជាកោះទទេស្អាត និងមានឈ្មោះថា «Hub Island» ប៉ុន្តែនៅពេលគ្រួសារនេះបានចំណាយប្រាក់ទិញកោះរួចហើយ ពួកគេក៏បានសាងសង់លំនៅឋានមួយខ្នង និងដាំដើមឈើ១ដើម ។ ក្រោយមក ពួកគេក៏ផ្លាស់ប្តូរឈ្មោះកោះពី Hub Island ទៅជា Just Room Enough Island វិញ ប៉ុន្តែលំនៅឋានគួរឱ្យស្រឡាញ់នៅលើកោះបានធ្វើឱ្យភ្ញៀវទេសចរជាច្រើននាក់ចាប់អារម្មណ៍យ៉ាងខ្លាំងពេលពួកគេឃើញវា ។.jpg)
មនុស្សភាគច្រើនអាចឆ្ងល់ថា ទីកន្លែងនេះមានទំហំតូចជាងតារាងបាល់ទាត់ តើអាចហៅថា «កោះ» ដោយរបៀបណា? បើតាមឯកសារបញ្ជាក់ថា ទីកន្លែងមួយអាចហៅថាកោះបាន គឺត្រូវមានចំណុចមួយចំនួនដូចខាងក្រោម ៖
-កោះត្រូវតែស្ថិតនៅលើទឹកពេញមួយឆ្នាំ
-នៅលើកោះត្រូវមានដើមឈើ យ៉ាងហោចណាស់ ១ដើម ។
ហេតុនេះ គេចាត់ទុកថា កោះ Just Room Enough Island មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាកោះមួយ ដោយសារវាមានគ្រប់ចំណុចទាំងអស់ ដូចជា ៖ មិនលិចទឹក និងមានដើមឈើ ៕










