បរទេស៖ តារាចម្រៀងល្បីឈ្មោះម្នាក់របស់សហរដ្ឋអាមេរិក Miley Cyrus បាននិយាយថា នាងចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ៗនៅពេលហាត់ប្រាណ ជាជាងពាក់ស្បែកជើងប៉ាត់តា ដើម្បីមើលទៅស្រស់ស្អាត និងស៊ិចស៊ី។
តារាចម្រៀងរូបនេះបានបន្តទៀតថានាងតែងតែពាក់ស្បែកជើងម៉ាក Gucci ជានិច្ចដែលវានឹងនាំយកភាពជាស្ត្រី និងភាពស្រស់ស្អាតចូលទៅក្នុងកន្លែងហាត់ប្រាណ នេះបើយោងតាមបទសម្ភាសន៍ជាមួយទស្សនាវដ្តី W កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៤។ នៅក្នុងបទសម្ភាសនោះតារាប៉ុបវ័យ ៣១ ឆ្នាំរូបនេះបានបន្ថែមថា «ទម្លាប់ពាក់ស្បែកជើងកែងខ្ពស់ពេលហាត់ប្រាណគឺជួយឱ្យនាងមានរាងស្អាតជាងមុន»។ 
ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះ ដើម្បីរក្សារាងឱ្យនៅដដែល Miley បានប្រកាន់ខ្ជាប់នូវលំហាត់ប្រាណ Pilates ។ Pilates ផ្តល់អាទិភាពដល់លំហាត់ប្រាណជើង គូទ និងពោះ ជាធម្មតាតារារូបនេះហាត់កន្លះម៉ោងនៅពេលថ្ងៃភាគច្រើននៃសប្តាហ៍ ក្រៅពី Pilates Miley ក៏ហាត់សមាធិ និងហាត់យូហ្គាផងដែរ។ ក្នុងខែកញ្ញា ឆ្នាំ ២០១៦ នៅក្នុង កម្មវិធី The Tonight Show នាងបានចែករំលែកអំពីវិធីសាស្ត្រ Ashtanga ដែលជាលំហាត់ប្រាណបែបយូហ្គាកម្រិតខ្ពស់ ជាមួយនឹងឥរិយាបថជាបន្តបន្ទាប់ដែលភ្ជាប់គ្នាដោយការដកដង្ហើម ទាមទារកម្លាំងរាងកាយច្រើន ជួយបង្កើនភាពបត់បែន និងការស៊ូទ្រាំកម្រិតខ្ពស់។
Miley Cyrus បច្ចុប្បន្នមានអាយុ ៣១ ឆ្នាំហើយ គឺតារាចម្រៀងដ៏ល្បីល្បាញម្នាក់នៃឧស្សាហកម្មតន្ត្រីអាមេរិក។ នាងត្រូវបានគេស្គាល់យ៉ាងទូលំទូលាយសម្រាប់តួនាទីរបស់នាងជា Hannah Montana នៅក្នុងស៊េរី Disney ដែលមានឈ្មោះដូចគ្នា។ Miley ត្រូវបានបញ្ចូលក្នុងបញ្ជីមនុស្សដែលមានឥទ្ធិពលបំផុតទាំង ១០០ របស់ Time ក្នុងឆ្នាំ ២០០៨ និង ២០១៤។ បទចម្រៀងល្បីៗរបស់នាងរួមមាន: When I Look At You, We Can’t Stop, Wrecking Ball, និង Malibu ។
គួរបញ្ជាក់ដែរថា នៅឯពិធីប្រគល់ពានរង្វាន់តន្ត្រីដ៏ធំបំផុតរបស់ពិភពលោក Grammy 2024 Miley Cyrus បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការតែងតាំងចំនួនប្រាំមួយនៅក្នុងប្រភេទសំខាន់ៗ។ តារាចម្រៀងរូបនេះបានឈ្នះពានរង្វាន់ចំនួនពីរសម្រាប់ Best Pop Solo និង Record of the Year សម្រាប់បទ Flowers ដ៏ល្បីទៀតផង៕










