ប្រទេសចិន៖ ក្រុមហ៊ុន Huawei បាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនគ្រោងនឹងផលិតម៉ាករថយន្តអគ្គិសនីថ្មី ដើម្បីប្រកួតប្រជែងជាមួយ Rolls-Royce ដោយគេរំពឹងថារយន្តនេះនឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំ ២០២៥។
យោងតាមប្រធានក្រុមហ៊ុន Huawei លោក Yu Chengdong បាននិយាយកាលពីដើមខែមិថុនានេះថា បច្ចុប្បន្នខ្លួនកំពុងអភិវឌ្ឍនិងផលិតរថយន្តថ្មីជាបន្តបន្ទាប់ដើម្បីប្រកួតប្រជែងជាមួយនឹងម៉ាកយីហោអន្តរជាតិ ដោយធ្វើការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តចិន JAC។ លោក Yu បានបន្ថែមថា ការបណ្តាក់ទុនថ្មីនេះនឹងផ្តល់នូវកម្រិតខ្ពស់បំផុតនៃភាពប្រណិតដែលអាចធ្វើទៅបានដើម្បីប្រកួតប្រជែងជាពិសេសជាមួយទីផ្សារ Rolls-Royce។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei លែងជាឈ្មោះចម្លែកសម្រាប់ឧស្សាហកម្មរថយន្តទៀតហើយ ដោយសារបានបញ្ចេញនូវរថយន្តអគ្គិសនីជាច្រើនម៉ូដែលតាំងពីឆ្នាំ ២០២១ មកម្លេះ។ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈានទៅមុខមួយជំហានទៀតដោយសង្ឃឹមថានឹងអាចយកឈ្នះលើទីផ្សារ Rolls-Royce ។ ក្រុមហ៊ុន Huawei គ្រោងនឹងដាក់លក់ម៉ូដែលថ្មីរបស់ខ្លួនក្នុងតម្លៃប្រហែល ១៣៨,០០០ ដុល្លារអាមេរិក ដែលតម្លៃនេះគឺទាបជាងរថយន្ត Maybach និង Rolls-Royce ទៅទៀត ដោយជាធម្មតារថយន្តបរទេសទាំងពីរនេះមានតម្លៃចាប់ពី ២០០,០០០ ទៅ ៣០០,០០០ ដុល្លារ។ 
លោក Yu បានបន្តទៀតថា “ម៉ូដែលរថយន្តដែលលក់ក្នុងតម្លៃលើសពី ១៣៨,០០០ ដុល្លារគឺខ្ពស់ណាស់។ ទោះបីរថយន្តរបស់យើងមានតម្លៃទាបជាង Maybach និង Rolls-Royce ក៏ដោយ ប៉ុន្តែវាមានស្តង់ដារ ប្រណិត ទំនើប និងមានផាសុកភាព”។ ម៉ូដែលរថយន្តនេះនឹងក្លាយជារថយន្តអគ្គិសនីដ៏អស្ចារ្យមួយដែលរួមបញ្ចូលបច្ចេកវិទ្យា JAC នៅរោងចក្រដែលរំពឹងថានឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ រថយន្តស៊េរីឆ្នាំ ២០២៥ តាមកម្រិតដែលបានបញ្ជាក់អាចប្រកួតប្រជែងជាមួយ BMW 7 និង Mercedes EQS ទោះជាយ៉ាងណាសម្រាប់លក្ខណៈពិសេសរបស់វានៅមិនទាន់បានបង្ហាញឱ្យដឹងនោះទេ។ 
គួរបញ្ជាក់ដែរថា ម៉ូដែលរថយន្តអគ្គិសនីបច្ចុប្បន្នរបស់ក្រុមហ៊ុន Huawei ដូចជា Luxeed S7 និង Aito M9 មានចម្ងាយពី ៦៩២-៨៥២ គីឡូម៉ែត្រ។ Huawei មានភាពជាដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តចិនរួមមាន Seres, Chery, BAIC, Changan, GAC។ ក្រុមហ៊ុនទាំងអស់នេះបានរួមបញ្ចូលបច្ចេកវិជ្ជារបស់ក្រុមហ៊ុន Huawei ដោយលោក Yu ជឿជាក់ថាការយល់ដឹងរបស់ក្រុមហ៊ុន Huawei លើបទពិសោធន៍អ្នកប្រើប្រាស់ គុណភាព និងសេវាកម្មនឹងនាំមកនូវដំណោះស្រាយការបើកបរឆ្លាតវៃល្អបំផុតដល់ឧស្សាហកម្មរថយន្ត៕










