ថ្មីៗនេះគឺមានការបង្ហោះចែកចាយផ្អើលពេញសង្គមប្រទេសភូមា បន្ទាប់ពីបានដឹងបានឃើញថា គ្រោងការណ៍សាងសង់វត្តចេតីយមួយកន្លែងក្នុងប្រទេសថៃបាននឹងកំពុងលេចរូបរាងជាបណ្តើរៗហើយ ខណៈវាគឺដូចគ្នាបេះបិទនឹងវត្តចេតីយរាប់ពាន់ឆ្នាំរបស់ប្រទេសភូមា ទើបជាហេតុបណ្តាលឲ្យមានមតិវែកញែកព្រោងព្រាតនៅក្នុងចំណោមជនជាតិភូមាគ្រប់រូប។.jpg)
យោងតាមការបង្ហោះនៅលើបណ្តាញសង្គមដោយគណនីមួយដែលមានឈ្មោះថា Soe Zeya Tun ដែលបានភ្ជាប់មកជាមួយនឹងរូបថតប្រមាណ៣សន្លឹក អមជាមួយនឹងចំណងជើងថា « វត្តចេតីយ Shwedagon នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗ»។ តាមរយៈរូបភាពទាំងនោះ គេបានសង្កេតឃើញថា គ្រោងការណ៍សាងសង់វត្តចេតីយមួយកន្លែងស្ថិតក្នុងប្រទេសថៃ(មិនបានបញ្ជាក់ទីតាំង) គឺបាននឹងកំពុងលេចចេញជារូបរាងជាបណ្តើរៗហើយ។
ខណៈដែលរូបរាងនៃវត្តដែលគ្រោងទុកនោះ បានបង្ហាញនៅលើផ្លាកប៉ាណូយ៉ាងធំៗច្បាស់ៗបែបនេះ ទើបបណ្តាលឲ្យមានការខឹងសម្បារ ហាក់ហួសចិត្តជាខ្លាំងនៅក្នុងចំណោមពលរដ្ឋមីយ៉ាងម៉ាដែលបានបញ្ចេញមតិនៅលើបណ្តាញសង្គម ពីព្រោះថាស្ថាបតិយ្យកម្មនេះ គឺវាដូចគ្នាបេះបិទទៅនឹងវត្តចេតីយ Shwedagon Pagoda អាយុកាលជាងរាប់ពាន់ឆ្នាំរបស់ប្រទេសមីយ៉ាន់ម៉ា ដែលមានទីតាំងស្ថិតនៅលើភ្នំ Singuttara កណ្តាលទីក្រុង Yangoon របស់ប្រទេសនេះបច្ចុប្បន្ន។
Shwedagon Pagoda គឺជាទីសក្ការៈបូជាព្រះពុទ្ធសាសនាដ៏ចំណាស់ជាងគេមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានអាយុកាលជាង២៥០០ឆ្នាំមកហើយ (ស.តទី១០-ស.វទី៦ មុនគ.ស)។ វត្តនេះត្រូវធ្វើឡើងពីឥដ្ឋនិងថ្មម៉ាប រួមបញ្ចូលទាំងវត្ថុមានតម្លៃជាច្រើនទៀត ទាំងចេតីយ កូនប្រាសាទតូចៗ និងរូបបដិមាជាច្រើនទៀត ដែលគ្របបណ្តំដោយមាសនិងបន្ទះមាស។ វត្តចេតីយ Shwedagon Pagoda នេះ ត្រូវបានបង្កើតឡើងបម្រើផ្លូវចិត្តនិងអារម្មណ៍ ទាំងជាកន្លែងអធិស្ឋាន អប់រំ សមាធិ បន់ស្រន់ជាដើមផងដែរ។
ទោះជាយ៉ាងណា បើទោះបីជាមានការង្ហោះចែកចាយផ្អើលពេញបណ្តាញសង្គមភូមាបែបនេះក្តី ខណៈការពិតប្រាកដយ៉ាងណានោះ គឺនូវតែមិនទាន់មានការបញ្ជាក់ពីភាគីខាងថៃនៅឡើយនោះទេ។
ជាមួយគ្នានោះ មហាជនមីយ៉ាន់ម៉ាក៏បានចូលទៅបញ្ចេញមតិរិះគន់ ឌឺដងព្រាត ដោយអ្នកខ្លះគឺបានលើកឡើងថា «ជនជាតិថៃតែងតែលួចចម្លងប្រទេសភូមា ចំណែកជនជាតិភូមា រមែង Follow តាមស្តាយ៍ថៃ»។ អ្នកខ្លះថា «ដោយសារតែមីយ៉ាន់ម៉ាគឺជាប្រទេសអច្ឆរិយៈ ខណៈថៃគឺជាប្រទេសពូកែខាងលួចចម្លងតាំងអើយរៀងមក»។ អ្នកខ្លះថា«ថៃមានជំនាញខាងលួចម្លងបានល្អខ្លាំងណាស់»។ អ្នកខ្លះថា«នៅថ្ងៃបន្ទាប់ សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលចង់មកទស្សនាវត្តចេតីយនេះ ប្រហែលគេមិនមកមីយ៉ាន់ម៉ាទៀតទេ»៕










