រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ៧៣ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និងចម្ងាយប្រមាណជា១៩៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញធ្វើដំណើរតាមផ្លូវលេខ៥៣B ពីប្រជុំជនស្រុកក្រគរដែលមានចម្ងាយ ៤១គីឡូម៉ែត្រទើបដល់រមណីយដ្ឋាន។
ភាពទាក់ទាញនៃរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងនេះមានដូចជាហេដ្ឋា រចនាសម្ព័ន្ធស្អាត សន្តិសុខល្អ បរិស្ថានស្រស់បំព្រង ដោយ មាន ភ្នំព័ទ្ធជុំវិញ មានព្រៃឈើខ្ពស់ៗ ដុះលម្អនិងជីវ:ចម្រុះជាច្រើនដែលរស់នៅទីនោះ។
ជាពិសេសនារដូវវស្សាបែបនេះទៀត ទឹកធ្លាក់នេះកាន់តែបន្ថែមសម្រស់ស្អាតមួយកម្រិតទៀត ដោយហេតុមានភ្លៀងធ្លាក់ជាប្រចាំ ដែលជួយឱ្យធម្មជាតិព្រៃឈើ បញ្ចេញសម្រស់ស្រស់ស្អាត អមជាមួយនឹងខ្យល់បរិសុទ្ធ។
ទឹកធ្លាក់នេះ ជានិច្ចជាកាលតែងតែមានភ្ញៀវទេសចរទៅទស្សនាជាហូរហែមិនចេះដាច់ មិនថាថ្ងៃឈប់សម្រាកឬថ្ងៃធម្មតាទេ។
សម្រាប់បងប្អូនដែលចង់ទៅកម្សាន្តនៅព្រៃភ្នំ គយគន់ទេសភាពធម្មជាតិដ៏ស្រស់ស្អាតនារដូវវស្សា ហាមដាច់ខាតមើលរំលងទឹកធ្លាក់មួយនេះ៕










