ប្រទេសថៃ ៖ វាបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីលោកវេជ្ជបណ្ឌិត Weerasak Charatchaisri មានជំនាញផ្នែកកោសល្យវិច្ឆ័យនៅសាកលវិទ្យាល័យ Srinakharinwirot ប្រទេសថៃ បង្ហាញលទ្ធផលស្រាវជ្រាវមួយថា គ្រោះថ្នាក់នៅជិតខ្លួន និងគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ទេ ។ លោកបញ្ជាក់ថា អ្នកមានស្នាមសាក់នៅលើខ្លួនប្រាណនឹងប្រឈមជាមួយការកើតជំងឺសាហា.វៗ ដូចជា ៖ ជំងឺមហារីកកូនកណ្តុរ២១% ដែលបណ្តាលឱ្យមានគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត ។
លោកវេជ្ជបណ្ឌិតលើកឡើងថា អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Lund ប្រទេសស៊ុយអែត បានត្រួតពិនិត្យឃើញថា ការសាក់នៅលើខ្លួននឹងធ្វើឱ្យកើតជំងឺមហារីកកូនកណ្តុរ ។ ពួកគេបានស្រាវជ្រាវជាមួយពលរដ្ឋស៊ុយអែតចំនួន១១.៩០៥នាក់ ហើយលទ្ធផលស្រាវជ្រាវបង្ហាញថា មនុស្សចំនួន២.៩៣៨នាក់បានកើតជំងឺមហារីកកូនកណ្តុរ គឺចាប់ពីអាយុ២០ឆ្នាំ ដល់៦០ឆ្នាំ ។
ក្រោយពីពិចារណាលើកត្តាពាក់ព័ន្ធផ្សេងៗ ដូចជា ៖ ការជក់បារី និងអាយុបង្ហាញថា ពួកគេអាចកើតជំងឺមហារីកកូនកណ្តុររហូតដល់២១% ក្នុងចំណោមអ្នកសាក់ទាំងអស់ ។ អ្នកស្រាវជ្រាវបញ្ជាក់ថា ឧបករណ៍សាក់មួយចំនួនបានបង្កជាជំងឺមហារីក បើទោះជាគ្មានការពិសោធន៍ដោយផ្ទាល់ក្តី ។ គេចាត់ទុកថា សារធាតុគីមីទាំងនេះបានបង្កជាជំងឺមហារីកធ្ងន់ធ្ងរ ។
អ្នកស្រាវជ្រាវស៊ុយអែតលើកឡើងថា ស្នាមសាក់នឹងធ្វើឱ្យរលាកកម្រិតទាបលើរាងកាយ បន្ទាប់មក វាក៏បង្កជាជំងឺមហារីក ។ វានៅតែមានភាពស្មុគស្មាញ និងត្រូវត្រួតពិនិត្យបន្ថែមទៀត ។ បើទោះជាបច្ចុប្បន្ន មនុស្សនៅលើពិភពលោក ចូលចិត្តបង្ហាញស្នាមសាក់នៅលើខ្លួនក្តី ប៉ុន្តែពួកគេគួរតែគិតពីផលប៉ះពាល់សុខភាពផងដែរ ប្រសិនបើមានអាការៈខុសប្រក្រតីពាក់ព័ន្ធនឹងស្នាមសាក់ គួរតែពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញជាបន្ទាន់ ។
ទោះយ៉ាងណា ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Lund ប្រទេសស៊ុយអែត គ្រាន់តែបញ្ជាក់អំពីទំនាក់ទំនងប៉ុណ្ណោះ ហើយចាំបាច់ត្រូវតែសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីស្វែងរកមូលហេតុឱ្យបានច្បាស់លាស់ថា តើស្នាមសាក់ពាក់ព័ន្ធជាមួយជំងឺមហារីកកូនកណ្តុរដូចម្តេចខ្លះ?










