ភ្លេចៗខ្លួនបទចម្រៀងដ៏ល្បី«កំលោះស្រុកខ្មែរ» ដែលជាការសហការរួមគ្នារវាង វណ្ណដា និង វណ្ណថាន ក្នុងឱកាសចូលឆ្នាំខ្មែរកាលពីឆ្នាំ២០២៣ កំពុងឆ្ពោះទៅលើរកភាពជោគជ័យក្នុងគោលដៅ១០០លានដងខណៈពេលនេះមួយបទនេះបានកើបអ្នកស្តាប់លើសពី៩២លានដងហើយ។ ថ្មីៗនេះ វណ្ណដា និង វណ្ណថាន ក៏បង្ហាញដំរួយហាក់ដូចជាមានអ្វីជូនដល់អ្នកគាំទ្រដូចគ្នាស្របពេលអ្នកទាំងពីរជិតចេញទៅសម្តែងនៅសហរដ្ឋអាម៉េរិក។
«កំលោះស្រុកខ្មែរ» បានទម្លាក់កាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយបានក្លាយជាបទដ៏ជោគជ័យបំផុតរបស់ វណ្ណថាន និងជាបទជោគជ័យមួយទៀតរបស់ វណ្ណដា បន្ទាប់ពីបទ «Time To Rise», និងបទ «ម្តាយ»ដោយមិនរាប់បញ្ចូលសហការជាមួយបរទេស។ កាលពីទម្លាក់បទនេះថ្មីៗធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងពីសំណាកទស្សនិកជនត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះមានការចូលស្តាប់នៅលើយូធូបជាង៣លានដងក្នុងឆាណែលរបស់ វណ្ណថាន។
ភាពជោគជ័យដោយគ្មានការរំពឹងទុករបស់ វណ្ណថាន បានសម្រេចសមិទ្ធផលដ៏ធំធេងរបស់លោកក្នុងការសហការជាមួយ វណ្ណដា ទោះបីជាផុតរដូវកាលចូលឆ្នាំហើយក៏ដោយមួយបទនៅតែមានអ្នកមួយចំនួនបើកស្តាប់ដដែលរហូតចាយពេលជាង៥ខែមានការស្តាប់៦៧លានដង កាលពីខែកញ្ញា ឆ្នាំ២០២៣។ នាខែធ្នូ ឆ្នាំ២០២៣ លោក វណ្ណថាន ក៏មានបំណងចង់ឱ្យបទរបស់ខ្លួនបានចំនួន១០០ M Views ដូចគ្នា។
ភ្លេចៗខ្លួនមិនយូរប៉ុន្មាន នាចុងខែឧសភា នេះបទ «កំលោះស្រុកខ្មែរ» បានកើបអ្នកស្តាប់បានលើសពី៩២លានដងហើយ ដែលកំពុងឆ្ពោះទៅរកភាពជោគជ័យនិងតាមចំណងរបស់ វណ្ណថានចំនួន១០០លានដង។ ថ្មីៗនេះនៅលើបណ្តាញសង្គមរបស់ វណ្ណដា និង វណ្ណថាន កំពុងតែស្ថិតនៅទីតាំងថតបទចម្រៀងដែលទំនងអ្នកទាំងពីរកំពុងចម្អិនអ្វីថ្មីជូនអ្នកគាំទ្របន្ថែមទៀត។
នៅពេលបទ កំលោះស្រុកខ្មែរ មានការស្តាប់ចំនួន១០០លាននោះវានឹងក្លាយជាបទប្រវត្តិសាស្រ្តសម្រាប់ វណ្ណថាន ដែលទទួលចំនួននេះ ខណៈ វណ្ណដា វិញនឹងទទួលបានចំណងដៃទីពីរបន្ទាប់ពីបទ «Time To Rise»។
គួរបញ្ជាក់ផងដែរថា វណ្ណដា , វណ្ណថាន រួមទាំងកញ្ញា កៅ សុហ្វៀ នឹងចេញទៅសម្តែង លើកដំបូងឯសហរដ្ឋអាម៉េរិកក្នុងកម្មវិធីមហោស្រពប្រគំតន្រ្ដី Sabaidee Fest នាខែមិថុនា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ៕










