សហរដ្ឋអាមេរិក៖ បន្ទាប់ពីកូនស្រីពៅរបស់ Angelina Jolie និង Brad Pitt បានសម្រេចដកនាមត្រកូលរបស់ឪពុកខ្លួនចេញ ពី “Vivienne Jolie Pitt ” ទៅ “Vivienne Jolie” វិញ ស្រាប់តែថ្មីៗនេះកូនស្រីច្បងរបស់អ្នកទាំងពីក៏បានទៅតុលាការសុំដកនាមត្រកូលឪពុកខ្លួនចេញផងដែរ ដោយប្តូរពី “Shiloh Jolie Pitt” ទៅ “Shiloh Jolie” វិញ។
យោងតាម TMZ កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤ ថា កូនស្រីច្បងម្នាក់នេះបានទៅតុលាការសុំកាត់នាមត្រកូលរបស់ឪពុកនាងចេញ ដោយមិនបានប្រាប់ពីមូលហេតុអ្វីនោះទេ។ ប្រភពបានបន្តថា តុលាការបច្ចុប្បន្ននៅមិនទាន់ដោះស្រាយសំណើដែលបានដាក់ដោយ Shiloh នៅឡើយទេ ដោយសារប៉ុន្មានថ្ងៃនេះគឺជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយនៅសហរដ្ឋអាមេរិក។
Shiloh មិនមែនជាកូនតែម្នាក់ដែលបានសុំកាត់នាមត្រកូលឪពុកចេញទេ មានកូនៗជាច្រើនទៀតដូចជា Vivienne, Maddox និង Zahara សុទ្ធតែបានផ្លាស់ប្តូរនាមត្រកូលរបស់ពួកគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីខែមេសា Shiloh ធ្លាប់បានប្រាប់សារព័ត៌មានថា នាងចង់ទៅរស់នៅជាមួយឪពុករបស់ខ្លួនវិញគឺលោក Brad Pitt នៅពេលដែលនាងមានអាយុ ១៨ ឆ្នាំបន្ទាប់ពីរស់នៅជាមួយ Angelina Jolie អស់រយៈពេលជាយូរមកហើយ។
ទោះជាយ៉ាងណា បច្ចុប្បន្នកូនស្រីច្បងម្នាក់នេះមានអាយុ ១៨ ឆ្នាំហើយប៉ុន្តែមិនទាន់បានទៅរស់នៅជាមួយឪពុកនាងឡើយ ហើយថែមទាំងសម្រេចផ្លាស់ប្តូរនាមត្រកូលឪពុករបស់នាងចេញទៀត យើងមិនដឹងទេថាតើគ្រួសារនេះកំពុងមានរឿងអ្វីនោះទេ។ មុននេះបើយោងតាមប្រភពជិតស្និទ្ធមួយបានឱ្យដឹងថា តារាសម្តែងហូលីវូតគឺលោក Brad Pitt ទោះដឹងថាកូនៗរបស់លោក ព្យាយាមដកនាមត្រកូនលោកចេញក៏ដោយ ក៏លោកនៅតែមានទំនុកចិត្តថាលោកអាចធ្វើឱ្យទំនាក់ទំនងរបស់លោកកាន់តែប្រសើរឡើងជាមួយកូនៗ។
គួរបញ្ជាក់ដែរថា Shiloh Jolie Pitt កើតនៅឆ្នាំ ២០០៦ ក្នុងប្រទេស Namibia (អាហ្វ្រិក) ដោយបច្ចុប្បន្ននាងមានអាយុ ១៨ ឆ្នាំហើយ។ នាងគឺជាកូនបង្កើតដំបូងបង្អស់របស់ Angelina Jolie និង Brad Pitt។ បន្ទាប់ពីអ្នកទាំងពីរបានបែកបាក់គ្នានៅឆ្នាំ ២០១៦ នាង និងបងប្អូនបង្កើតរបស់នាងបានរស់នៅជាមួយម្តាយរបស់ពួកគេនៅ Los Angeles ៕










