បណ្ឌិតច្នៃម៉ូត ឯម រៀម ត្រូវរងនូវមតិរិះគន់យ៉ាងខ្លាំងពីសាធារណជនបន្ទាប់ពីស្លៀកឈុតមួយចូលរួមកម្មវិធី ទេព បូព្រឹក្ស ដែលការច្នៃម៉ូតរបស់លោកចេញមកខុសប្លែកពីគេតែម្តងជាមួយគ្រឿងបង្គុំអេឡិចត្រូនិក។ក្រោយរងមតិរិះគន់ទក់សាច់លោក ឯម រៀម ចេញមកបកស្រាយថាម៉ូតនេះដកស្រង់ចេញពីសម័យកាលបុរាណ ស្លៀកពឹងបែបសម័យអង្គរមានសិលាចារឹកត្រឹមត្រូវ។ មិនត្រឹមតែប៉ុណ្ណោះឈុតនេះក៏បង្កប់អត្ថន័យផងដែរ។
លោក ឯម រៀម បានចេញវីដេអូជិត១០នាទីនៅល្ងាចថ្ងៃទី២៩ ខែឧសភា ដើម្បីបកស្រាយឱ្យអស់ចម្ងល់នៃឈុតរាជនី AI ដែលលោកបានស្លៀកចូលរួមកម្មវិធីសម្ភោធជាផ្លូវការ MV បទ «ទេវរាជ» របស់ ទេព បូព្រឹក្ស កាលពីថ្ងៃទី២៦។ ក្នុងវីដេអូអ្នកច្នៃម៉ូតរូបនេះថាឈុតរបស់ខ្លួនផ្ទុះសាហាវ ខណៈបាននិយាយថាខ្មែរយើងចូលចិត្តចូលមកជេរយកៗទាំងមិនទាន់បានមើលវីដេអូ។ លោកថាក្នុងកម្មវិធីតម្រូវឱ្យស្លៀកខ្មែរលើកស្ទួយពីវិស័យសិល្បៈបុរាណហើយលោកស្លៀកពឹងបែបសម័យអង្គរ ដែលមានសិលាចរិកនៅប្រាសាទបាយ័ន នាសតវត្សរ៍ទី១២ដកស្រង់ចេញពីសម័យបុរាណ ខណៈអ្នកផ្សេងទៀតដកស្រង់ពីសម័យកាលផ្សេងៗទៀត។
អ្នកច្នៃម៉ូត ឯម រៀម ថាការស្លៀកពឹងមានជាហូរហែមានទាំងប្រុស មានទាំងស្រី មានទាំងនៅសម័យកាលអណានិគមបារាំង។ ចំណែកខ្សែករបស់លោកគឺដកស្រង់ចេញពីភ្នងកុលសម្ព័ន្ធខ្មែរយើងឆ្នាំ១៩២៩។ លោកបានពាក់ស្រោមបារចំនួន២ជាន់មិនមែនទៅស្រាតនោះទេលោកជាអ្នកច្នៃម៉ូតឱ្យលោកទៅស្លៀកពាក់ដូចគេយ៉ាងមិចគឺលោកត្រូវរក Concept ប្លែកពីគេ ។ លោក ឯម រៀម ថាគ្រឿងអេឡិចត្រូនិកលោកយកមក និងរបស់លោកពាក់នៅកគឺដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សម័យ AI សម័យតិចណូឡូជីមនុស្សចាញ់បោកច្រើនណាស់កុំជឿលើបណ្តាញសង្គម។
អ្នកច្នៃម៉ូតរូបនេះថា ឈុតរាជិនី AI នេះចង់បញ្ជាក់ថាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដោយសារតិចណូឡូជីលឿនពេកមានមនុស្សខ្លះសម្លាប់ខ្លួនបញ្ហាចាញ់បោកគេជឿឬមិនជឿគួរពិចារណាពេលឃើញរូបអ្វីមួយ ដែលឈុតនេះគឺបង្កប់ន័យបែបនេះហើយឈុតនេះគឺឈុតពឹងបែបសម័យអង្គរ ហើយក្នុងនោះលោក ឯម រៀម ក៏បានរៀបរាប់ពីប្រវត្តិការស្លៀកពឹងមកផងដែរ។
យ៉ាងណាមិញ ទោះបីជាលោក ឯម រៀម ចេញមកបកស្រាយពីអត្ថន័យឈុតរបស់ខ្លួនដកស្រង់ពីសម័យកាលបុរាណរួមទាំងប្រាប់អត្ថន័យឈុតនេះក្តី ប៉ុន្តែអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅបញ្ចេញមតិរិះគន់លោកដដែល៕










