ប្រទេសស៊ុយអែត ៖ ប្រសិនបើលោកអ្នកធុញទ្រាន់ជាមួយអាកាសធាតុក្តៅនៅប្រទេសកម្ពុជា សារព័ត៌មាន KBN សូមណែនាំលោកអ្នកអំពីកន្លែងសម្រាកដ៏ល្បីល្បាញមួយនៅលើពិភពលោក ហើយពេលមកដល់ទីនេះ នឹងមានអារម្មណ៍ថា ដូចស្ថិតនៅប្រាសាទព្រិលក្នុងភាពយន្តតុក្កតា ។ ទីកន្លែងនេះជាសណ្ឋាគារទឹកកក (Ice Hotel) ដែលស្ថិតនៅទីក្រុង Jukkasjarvi ប្រទេសស៊ុយអែត ។
សណ្ឋាគារនេះត្រូវបានគេចាត់ទុកថា គឺជាសណ្ឋាគារទឹកកកដំបូងនៅលើពិភពលោក ដែលបានស្វាគមន៍ទទួលភ្ញៀវមកស្នាក់នៅលើកដំបូងនៅឆ្នាំ១៩៩០ ។ លើសពីនេះ សណ្ឋាគារទឹកកក ក៏ជាតំបន់ទេសចរណ៍ប្លែកបំផុតនៅអឺរ៉ុបផងដែរ ខណៈភ្ញៀវចូលមកសម្រាកនៅទីនេះនឹងមានអារម្មណ៍ប្លែកខ្លាំង ។ សម្ភារៈផ្សេងៗក្នុងសណ្ឋាគារ ដូចជា ៖ តុ, កៅអី, គ្រែសម្រាក និងគ្រឿងសង្ហារិមទាំងឡាយសុទ្ធតែធ្វើពីទឹកកកទាំងអស់ ហើយសូម្បីតែកែវដាក់ទឹក ឬកែវស្រាក្នុងក្លិប ក៏ធ្វើពីទឹកកកដែរ ។
សណ្ឋាគារទឹកកកនឹងត្រូវសាងសង់ថ្មីជារៀងរាល់ឆ្នាំ និងទទួលភ្ញៀវចូលមកស្នាក់នៅ ឬមកកម្សាន្តតែនៅរដូវរងាប៉ុណ្ណោះ ដោយសារនៅរដូវផ្សេងទៀត ទឹកកកនឹងឆាប់រលាយ ។ ហេតុនេះ គេបានរចនាម៉ូដសណ្ឋាគារថ្មីជារៀងរាល់ឆ្នាំ ហើយភ្ញៀវមកកាន់ទីនេះ ពួកគេនឹងទទួលបានអារម្មណ៍ប្លែក និងគិតថា ស្នាក់នៅក្នុងសណ្ឋាគារផ្សេងខុសពីឆ្នាំមុនៗ ។
យើងនឹងឆ្ងល់ថា បើវាជាសណ្ឋាគារទឹកកកបែបនេះ តើបន្ទប់សម្រាកនឹងមានសភាពបែបណា? សម្រាប់បន្ទប់សម្រាករបស់សណ្ឋាគារ ក៏បានធ្វើឡើងពីទឹកកកដូចគ្នាដែរ ។ សណ្ឋាគារនេះមានបន្ទប់សម្រាកសរុបចំនួន១០០បន្ទប់ ហើយបន្ទប់នីមួយៗបានរចនាម៉ូដខុសៗគ្នា និងមានសីតុណ្ហភាពចាប់ពី-៥អង្សារសេ ទៅ-៨អង្សារសេ ។ ភ្ញៀវអាចសម្រាកនៅលើគ្រែទឹកកក ដែលក្រាលដោយកម្រាលស្បែកសត្វ ។
គួរបញ្ជាក់ថា សណ្ឋាគារនេះបានកសាងឡើងពីដុំព្រិល និងផ្ទាំងទឹកកក គឺយកពីទន្លេ Torne ដែលស្ថិតនៅក្បែរគ្នា ពីព្រោះទឹកទន្លេនេះមានសភាពថ្លា និងស្អាតបំផុតនៅតំបន់អឺរ៉ុប ។ នៅពេលផុតរដូវរងា សីតុណ្ហភាពកើនឡើងខ្ពស់ វានឹងធ្វើឱ្យអ្វីៗគ្រប់យ៉ាងនៅទីនេះរលាយក្លាយជាទឹក រួចហើយវាក៏ហូរទៅកាន់ទន្លេ Torne វិញ ។ ហេតុនេះ សណ្ឋាគារទឹកកកអាចបង្ហាញរូបរាង និងទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់ពីខែធ្នូ ដល់ខែមេសាតែប៉ុណ្ណោះ ។ 
គេទទួលស្គាល់ថា សណ្ឋាគារទឹកកក គឺជាទីកន្លែងអស្ចារ្យមួយក្នុងចំណោមទីកន្លែងដ៏អស្ចារ្យទាំង៧ របស់ប្រទេសស៊ុយអែតផងដែរ ។ កាលពីដើមឆ្នាំ២០២៣ កន្លងមក គណៈកម្មការសហភាពអឺរ៉ុបបានរៀបចំកិច្ចប្រជុំក្នុងសណ្ឋាគារនេះជាលើកដំបូង ដែលប្រទេសស៊ុយអែតបានធ្វើជាម្ចាស់ផ្ទះក្នុងឋានៈជាប្រធានសហភាពអឺរ៉ុប ៕










