Farming Spray Drones ឬ ដ្រូនបាញ់ថ្នាំកសិកម្ម ឬយន្តហោះគ្មានមនុស្សបើក បច្ចុប្បន្ននេះគឺកំពុងតែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងវិស័យកសិកម្ម ដែលបាននឹងកំពុងលេចវត្តមាននៅឯប្រទេសជឿនលឿនជាច្រើន ពីព្រោះវាគឺជាវិធីសាស្រ្តមួយផ្តល់នូវការបាញ់ថ្នាំដំណាំបានលឿន មានប្រសិទ្ធភាព និងសន្សំសំចៃខ្ពស់។ ដ្រូនកសិកម្មនេះទៀតសោត នឹងលេចឡើងនៅលើបរិយាកាសសម្រាប់ប្រតិបត្តិការកសិកម្ម។
ជាធម្មតា អ្នកដាំដំណាំខ្នាតធំនានារមែងត្រូវការប្រើប្រាស់ឧបករណ៍ធន់ធ្ងន់ ដើម្បីបាញ់ថ្នាំគីមីដោយដៃផ្ទាល់របស់ពួកគេ។ ទោះជាយ៉ាងណា ការអនុវត្តនូវវិធីសាស្រ្តបុរាណបែបនេះអាចនាំឱ្យមានការបាញ់ថ្នាំលើសកម្រិត ក៏ដូចជាការដែលផ្តល់ថ្នាំទៅលើដំណាំនោះអាចនឹងមិនស្មើគ្នា ដែលជាហេតុនាំឲ្យខ្ជះខ្ជាយវត្ថុធាតុដើម និងអាចបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីជុំវិញទៀតផង។ ដូច្នេះហើយ ការបាញ់ថ្នាំសម្លាប់សត្វល្អិតដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក គឺពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖
១ ការបាញ់ថ្នាំប្រកបដោយប្រសិទ្ធភាពខ្ពស់៖ ដ្រូនបាញ់ថ្នាំកសិកម្មអាចហោះនៅរយៈកម្ពស់សមល្មមពីលើដំណាំឬដើមឈើមួយចំនួន។ វាមានបំពាក់ទៅដោយឧបករណ៍ចាប់សញ្ញាដើម្បីគូសផែនទីទីតាំងដើមឈើ កំណត់គោលដៅជាក់លាក់ និងកំណត់បរិមាណថ្នាំដែលត្រូវបាញ់ទៅលើដំណាំឲ្យបានស្មើៗគ្នា។ បន្ថែមពីនេះ វានឹងជួយកាត់បន្ថយកាកសំណល់គីមីផ្សេងៗ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
២ ផ្តល់នូវមធ្យោបាយងាយស្រួល៖ ចំពោះដើមឈើដែលមានកម្ពស់ខ្ពស់ៗ វាគឺពិបាកខ្លាំងណាស់ក្នុងការប្រើប្រាស់ឧបករណ៍បាញ់ថ្នាំតាមបែបបុរាណ។ ផ្ទុយទៅវិញ Drone ទំនើបនោះ គឺអាចផ្លាស់ទីបានយ៉ាងងាយស្រួលឆ្លងកាត់ព្រៃនិង ឆ្ពោះទៅកាន់តំបន់ដែលគិតថាពិបាកៗបានយ៉ាងងាយ។
៣ ចំណេញពេលវេលា៖ ការប្រើប្រាស់ Farming Spray Drone ដើម្បីបាញ់ថ្នាំទៅលើដំណាំ អាចសន្សំសំចៃពេលវេលា និងកម្លាំងពលកម្មរបស់កសិករ។ ដ្រូនអាចបាញ់ថ្នាំស្ថិតនៅលើផ្ទៃដីធំក្នុងរយៈពេលដ៏ខ្លី ដែលផ្តល់ឱ្យកសិករបាញ់ថ្នាំលើដំណាំកាន់តែមានប្រសិទ្ធភាព។
៤.សុវត្ថិភាព៖ ការបាញ់ថ្នាំគីមីលើដើមឈើឬដំណាំដោយផ្ទាល់ គឺអាចបង្កគ្រោះថ្នាក់ដល់កម្មករ ព្រោះអាចប្រឈមនឹងផលប៉ះពាល់ជាមួយសារធាតុគីមីគ្រប់ប្រភេទ។ ការប្រើប្រាស់ Drone បាញ់ថ្នាំសម្លាប់សត្វល្អិត ជាវិធីល្អបំផុត ក្នុងការរក្សាគន្លាតរវាងកម្មករដោយធ្វើការប៉ះពាល់ផ្ទាល់ជាមួយសារធាតុគីមីទាំងនោះ ហើយជាលទ្ធផលនឹងកាត់បន្ថយហានិភ័យសុខភាពដែលអាចកើតមាន។
សរុបមក ការប្រើប្រាស់ Drone ឬក៏យន្តហោះគ្មានមនុស្សបើក ដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិត ក្នុងវិស័យកសិកម្ម គឺពិតជាជួយសម្រួលដល់កសិករឬកម្មករបានមួយផ្នែកធំ ដើម្បីជាការបង្កើននូវប្រសិទ្ធភាពការងារ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយខ្ជះខ្ជាយក្នុងការការប្រើប្រាស់ថ្នាំគីមីហួសកម្រិត ដែលជាហេតុបណ្តាលឲ្យប៉ះពាល់ដល់ទាំងមនុស្ស សត្វ និងបរិស្ថានផងដែរ៕










