ប្រទេសអេហ្ស៊ីប ៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលអេហ្ស៊ីបមានគម្រោងជីកប្រឡាយមួយដើម្បីបង្ហូរទឹកពីសមុទ្រមកកាន់វាលខ្សាច់ ។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងជួយជំរុញដល់ការផលិតថាមពលវារីអគ្គិសនី និងមានតួនាទីសំខាន់សម្រាប់ទ្រទ្រង់គម្រោងសេដ្ឋកិច្ចជាតិ ។
ប្រទេសអេហ្ស៊ីបបានបង្ហាញពីគម្រោងជីកប្រឡាយប្រវែង៥៥គីឡូម៉ែត្រ ដើម្បីបង្ហូរទឹកពីសមុទ្រមេឌីទែរ៉ាណេចូលមកកាន់បរិវេណវាលខ្សាច់យ៉ាងធំ ។ ការជីកប្រឡាយនេះក្នុងគោលបំណងផ្លាស់ប្តូរតំបន់ស្ងួតឱ្យក្លាយជាតំបន់ដីសើមសម្រាប់ការដាំដុះ និងអភិវឌ្ឍន៍តំបន់លំនៅឋានសម្រាប់ពលរដ្ឋអេហ្ស៊ីបដែលកើនឡើងយ៉ាងឆាប់រហ័ស ។
បច្ចុប្បន្ន ប្រទេសអេហ្ស៊ីបមានពលរដ្ឋសរុបស្មើនឹង១១៣លាន៥សែននាក់ ហើយចំនួននេះនឹងកើនឡើងថែមទៀត ខណៈតំបន់សម្រាប់ពលរដ្ឋអេហ្ស៊ីបរស់នៅមានត្រឹមតែ៤% ប៉ុណ្ណោះ ខណៈតំបន់ភាគច្រើនជាវាលខ្សាច់ស្ងួត ។ ការប្រែក្លាយវាលខ្សាច់ទៅជាបឹងនេះបានក្លាយជាជម្រើសដ៏ល្អមួយ ដែលរដ្ឋាភិបាលអេហ្ស៊ីបចាប់អារម្មណ៍យ៉ាងខ្លាំង ។
គំនិតនៃការជីកប្រឡាយមានប្រវែង៥៥គីឡូម៉ែត្រលើកនេះ គេបានដាក់ឈ្មោះថា «ប្រឡាយ Suez ទំហំតូច» ឬ «Mini Suez Canal» ដែលគ្រោងចំណាយប្រាក់វិនិយោគប្រមាណ១.៥០០លានផោនអេហ្ស៊ីប ។ រដ្ឋាភិបាលមានគោលដៅបង្ហូរទឹកសមុទ្រមកកាន់បរិវេណវាលខ្សាច់ Qattara Depression ដែលបរិវេណនេះមានកម្ពស់ទាបជាងនីវ៉ូទឹកសមុទ្រទូទៅ ចាប់ពីប្រមាណ៥០ម៉ែត្រ ទៅ៦០ម៉ែត្រ ។
រដ្ឋាភិបាលអេហ្ស៊ីបជឿជាក់ថា គម្រោងជីកប្រឡាយខាងលើនឹងអាចបង្កើតតំបន់ដាំដុះ និងតំបន់រស់នៅសម្រាប់ពលរដ្ឋជាច្រើននាក់ ព្រមទាំងការបង្កើតប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបនៅកណ្តាលវាលខ្សាច់ ។ ក្រៅពីនេះ រដ្ឋាភិបាលនឹងអាចដោះស្រាយបញ្ហាដង់ស៊ីតេពលរដ្ឋនៅតំបន់អាងទន្លេនីលផងដែរ ។
បើទោះវាជាគំនិតគួរឱ្យចាប់អារម្មណ៍ និងសមស្របសម្រាប់ការវិនិយោគរយៈពេលវែង ប៉ុន្តែគម្រោងនេះត្រូវប្រឈមនឹងបញ្ហាសំខាន់ពាក់ព័ន្ធនឹងការហួតទឹកនៅវាលខ្សាច់យ៉ាងឆាប់រហ័សដោយសារកំដៅខ្លាំង ។ ដូច្នេះ រដ្ឋាភិបាលនឹងបង្កើតទំនប់ទឹកដើម្បីគ្រប់គ្រងកម្រិតទឹកក្នុងបឹងបរិវេណខ្សាច់ឱ្យមានតុល្យភាពជាមួយការហួតទឹក ព្រមទាំងគ្រប់គ្រងបរិមាណទឹកភ្លៀងផងដែរ ក្រោយការហួតទឹកតាមធម្មជាតិ ។
ការហូរទឹករបស់ទឹកសមុទ្រមកកាន់តំបន់ខ្សាច់ជាបន្តបន្ទាប់បានបង្កើតសក្តានុពលយ៉ាងខ្លាំងសម្រាប់ការផលិតថាមពលវារីអគ្គិសនី ហើយគេរំពឹងថា វានឹងមានតួនាទីសំខាន់សម្រាប់ទ្រទ្រង់គម្រោងសេដ្ឋកិច្ចជាតិ ។ លើសពីនេះ ប្រទេសអេហ្ស៊ីបមានគោលដៅមិនត្រឹមតែកាត់បន្ថយបញ្ហាប្រឈមផ្នែកប្រជាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែអេហ្ស៊ីបក៏បានបង្កើតប្រព័ន្ធអេកូឡូស៊ីពឹងផ្អែកខ្លួនឯងផងដែរដើម្បីជំរុញការលូតលាស់ និងការអភិវឌ្ឍតាមរយៈការគ្រប់គ្រងថាមពលទឹក ៕










