នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ កំពង់ផែអន្តរជាតិកំពតដំណាក់កាលទីមួយ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយចំណាយពេលសាងសង់៥ឆ្នាំ តាំងពីឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់សាងសង់អស់១៤០លានដុល្លារ ។
កំពង់ផែអនេះ ស្ថិតនៅភូមិគីឡូ ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ជាគម្រោងវិនិយោគដោយក្រុមហ៊ុនកំពតផត លើផ្ទៃដី២០៧ហិកតារបស់អ្នកឧកញ៉ា វិញ ហ៊ួរ។
កំពង់ផែនេះ ត្រូវសាងសង់ជាពីរជំហានធំៗគឺ៖
-
- ជំហានទី១ ជាកំពង់ផែបម្រើដល់ការលើកដាក់ធ្យូងថ្ម ម្នាងសិលា និងវត្ថុធាតុដើមផ្សេងៗទៀត។ កំពង់ផែនេះបានបញ្ចប់ការសាងសង់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ចំណតផែជំហានទី១ នេះ មានទំហំ ៣៥០ម៉ែត្រ គុណនឹង ៣១.៥ម៉ែត្រ ទទឹងអាងសម្រាប់នាវាបង្វិលខ្លួនប្រវែង ១៤០ម៉ែត្រ និងមានជម្រៅទឹក ៦.៥ម៉ែត្រ អាចឱ្យនាវាមានចំណុះផ្ទុក ៥០០០ តោន ចូលចតបាន។ កំពង់ផែ ក៏បានបំពាក់ជញ្ជីងសម្រាប់ថ្លឹងរថយន្តចំណុះ ៧០ តោន ចំនួន មួយគ្រឿង។ កំពង់ផែជំហានទី១នេះ បានបន្តធ្វើប្រតិបត្តិការរហូតដល់បច្ចុប្បន្ន។

-
- ជំហានទី២ ជាកំពង់ផែបម្រើដល់ការលើកដាក់ទំនិញទូទៅ កុងតឺន័រ និងអ្នកដំណើរ។ ក្រុមហ៊ុនបានទទួលលិខិតអនុញ្ញាតធ្វើប្រតិបត្តិការកំពង់ផែពីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ កំពង់ផែនេះមានទំហំ ៤៥០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ និងជម្រៅទឹកពី ១០ម៉ែត្រ ទៅ ១២ម៉ែត្រ អាចឱ្យនាវាមានចំណុះផ្ទុក ១០ ០០០ តោន ចូលចតបាន និងមានឃ្លាំងសម្រាប់ស្តុកទំនិញធំទូលាយទំហំ ៥០ម៉ែត្រ គុណនឹង ២០០ម៉ែត្រ និងទីលានផ្ទុកកុងតឺន័រលើផ្ទៃដីទំហំ ១០០ ហិកតា៕











