បរទេស៖ កូនស្រីពៅរបស់ Angelina Jolie និង Brad Pitt ដែលមានឈ្មោះថា Vivienne Jolie-Pitt បានសម្រេចបោះបង់នាមត្រកូលរបស់ឪពុកខ្លួនចោល មក “Vivienne Jolie” វិញដោយរក្សាតែនាមត្រកូលរបស់ម្តាយនាងប៉ុណ្ណោះ។
យោងតាម People កាលពីថ្ងៃទី២៦ ឧសភា បានឱ្យដឹងថា Vivienne ទើបតែបានចូលរួមក្នុងខ្សែភាពយន្តថ្មីរបស់ម្តាយនាង ដោយគេសង្កេតឃើញថា ឈ្មោះរបស់នាងគឺមានការផ្លាស់ប្តូរមក “Vivienne Jolie” វិញខណៈពីមុននាងមានឈ្មោះថា Vivienne Jolie-Pitt។ ទោះជាយ៉ាងណាគេមិនច្បាស់ទេថា “Vivienne Jolie” គឺជាឈ្មោះផ្លូវការរបស់នាង ឬគ្រាន់តែជាឈ្មោះក្នុងរឿងរបស់នាង។
បន្ទាប់ពី Angelina Jolie និង Brad Pitt បានលែងលះគ្នាកាលពីអំឡុងឆ្នាំ ២០១៦ កូនៗរបស់ពួកគេជាច្រើនបានផ្លាស់ប្តូរនាមត្រកូលរបស់ឪពុកខ្លួន ដោយរក្សាតែនាមត្រកូលរបស់ម្តាយពួកគេប៉ុណ្ណោះ លើកលែងតែ Shiloh Jolie-Pitt ដែលនៅតែរក្សានាមត្រកូលរបស់ឪពុក។ កាលពីឆ្នាំ ២០២៣ Zahara ដែលជាកូនស្រីចិញ្ចឹមរបស់ពួកគេបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយនៅពេលនាងបានណែនាំខ្លួនថាជា Zahara Marley Jolie ជំនួសឱ្យ Zahara Marley Jolie-Pitt នៅក្នុងកម្មវិធីមួយនៃមហាវិទ្យាល័យ Spelman ដែលនាងកំពុងសិក្សា។
ចាប់តាំងពីលែងលះគ្នាមក Brad Pitt តែងតែចង់ឃើញកូនរបស់ខ្លួនជានិច្ច ដោយ Pitt សង្ឃឹមថាទំនាក់ទំនងលោកនិងកូនៗរបស់លោកនឹងប្រសើរឡើងវិញ នៅពេលដែលពួកគេបានបញ្ចប់បញ្ហាផ្ទៃក្នុងជាមួយ Angelina Jolie។ ទោះជាយ៉ាងណាបើយោងតាមប្រភពជិតស្និត Pitt តែងតែព្យាយាមកែតម្រូវទំនាក់ទំនងល្អរវាងឪពុកនិងកូន ប៉ុន្តែស្ថានភាពបច្ចុប្បន្នគឺពិបាកណាស់សម្រាប់គាត់។ លោក Brad Pitt បាននិយាយថា “លោកតែងតែនឹកកូនៗគ្រប់ពេលដែលគាត់មិនបានឃើញមុខពួកគេ” លោកជឿជាក់ថាថ្ងៃណាមួយទំនាក់ទំនងរបស់ពួកគេនឹងមានភាពជិតស្និទ្ធម្តងទៀត។
គួរបញ្ជាក់ដែរថា កូនស្រីពៅរបស់ Angelina Jolie និង Brad Pitt ដែលមានឈ្មោះថា Vivienne Jolie-Pitt កើតក្នុងឆ្នាំ ២០០៨ នៅទីក្រុង Nice ប្រទេសបារាំង។ ចាប់តាំងពីឪពុកម្តាយរបស់នាងបានលែងលះគ្នាក្នុងឆ្នាំ ២០១៦ មកនាងក៏បានទៅរស់នៅក្នុងទីក្រុង Los Angeles ក្រោមការមើលថែ និងចិញ្ចឹមបីបាច់របស់ Angelina Jolie។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Vivienne និងម្តាយរបស់នាងបានចូលរួមសម្តែងក្នុងភាពយន្តថ្មីដែលមានចំណងជើងថា The Outsiders៕










