ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបភាពនៅលើបណ្តាញសង្គម ដែលបង្ហាញអំពីអាកប្បកិរិយាទន់ភ្លន់របស់បុគ្គលិកផ្លូវល្បឿនលឿន ព្រោះបានធ្វើការសំពះឱនរំទោន និងផ្តល់នូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ទៅកាន់ព្រះមហាក្សត្រខ្មែរ។
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នំា២០២៤នេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ដោយគណនី Sav Yean និង Hea Fa បានភ្ជាប់មកជាមួយនឹងរូបភាពប៉ុន្មានសន្លឹក អមជាមួយនឹងខ្លឹមសារថា «ជាព្រះមហាកិត្តយសដ៏ខ្ពង់ខ្ពស់ប្រសើរក្រៃលែងក្នុងថ្ងៃនេះដែលខ្ញុំព្រះករុណាបានមកទទួលព្រះរាជដំណើរ ព្រះករុណាព្រះអម្ចាស់ជីវិតតម្កល់លើត្បូង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងលើផ្លូវល្បឿនលឿន»។
តាមរយៈរូបភាព ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កំពុងតែប្រថាប់នៅលើព្រះទីនាំងតាមបណ្តាយផ្លូវល្បឿនលឿន ក្នុងព្រះរាជដំណើរយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នាទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជាមួយគ្នានោះ គេឃើញថារាល់បុគ្គលិកធ្វើការនៅផ្លូវល្បឿនលឿននោះ គឺបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលព្រះរាជដំណើររបស់ព្រះមហាក្សត្រ។ នៅពេលដែលព្រះមហាក្សត្រយាងមកដល់ភ្លាម ពួកគេទាំងអស់គ្នាក៏នាំគ្នាលុតជង្គង់សំពះស្រុះៗគ្នា ប្រកបដោយអាកប្បកិរិយាទន់ភ្លន់ និងបញ្ជាក់ពីសេចក្តីគោរពខ្ពង់ខ្ពស់ទៅកាន់ព្រះអង្គ។
បន្ទាប់ពីរូបភាពទាំងនោះបានបង្ហោះចែកចាយទៅ មហាជនខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិកោតសរសើរព្រាត ដោយអ្នកខ្លះថា«ប្រពៃណាស់ គោរពបានល្អ ទន់ភ្លន់! បុគ្គលិកគំរូ»។ អ្នកខ្លះថា «គំរូល្អដែលប្រជាជនខ្មែរគួរ គោរពទ្រង់បែបនេះ»។ អ្នកខ្លះថា«ការសំពះក្រាបថ្វាយបង្គំ ពិតជាសមស្អាតខ្លាំងណាស់»។ អ្នកខ្លះទៀតថា«ការរៀបចំបែបនេះគឺបានល្អណាស់ប្រពៃថ្លៃថ្លាសម្រាប់ការគោរពក្រាបថ្វាយបង្គំព្រះមហាក្សត្រក្រោមល្អងធូលីព្រះបាទ»។ ចំណែកខ្លះទៀតថា «នេះទើបហៅថាការគោរពចំពោះស្ដេចផែនដី»៕










