បរទេស៖ ថ្មីៗនេះ Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានធ្វើការទស្សន៍ទាយដ៏គួរឱ្យចាប់អារម្មណ៍មួយនៅឯសន្និសីទបច្ចេកវិទ្យា VivaTech 2024 ក្នុងទីក្រុងប៉ារីសប្រទេសបារាំងថា នៅពេលអនាគត បញ្ញាសិប្បនិមិត្ត (AI) នឹងជំនួសការងារបច្ចុប្បន្នរបស់មនុស្សភាគច្រើន។
ក្នុងអំឡុងសន្និសីទបច្ចេកវិទ្យាកាលពីថ្ងៃទី២៥ ឧសភា Musk បាននិយាយថា “នៅពេលខាងមុខទៀតប្រហែលជាគ្មាននរណាម្នាក់ក្នុងចំណោមពួកយើងនឹងមានការងារធ្វើទៀតទេ”។ មហាសេដ្ឋីរូបនេះក៏បានពណ៌នាអំពីអនាគតដែលការងារគ្រាន់តែជាជម្រើសផ្ទាល់ខ្លួន ដូចជាចំណង់ចំណូលចិត្តមានន័យថា អ្នកចង់ធ្វើការក៏បាន អ្នកអាចឱ្យ AI ធ្វើការជំនួសក៏បាន។ 
Musk បានពន្យល់ថា “ប្រសិនបើអ្នកចង់ធ្វើការងារដោយមិនពឹងផ្អែកលើ AI ក៏បានដែរ នេះជាសិទ្ធរបស់អ្នក ហើយ AI នាពេលខាងមុខនឹងផ្តល់នូវរាល់សេវាកម្មល្អ និងសេវាកម្មរហ័សដែលអ្នកចង់បាន”។ ដូច្នេះពិភពលោកនឹងមិនមានការខ្វះខាតទំនិញឬសេវាកម្មនោះទេនៅពេលអនាគត។ AI បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលនិយតករ អាជីវកម្ម និងអ្នកប្រើប្រាស់នៅតែស្វែងរកវិធីប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវ។ ទោះជាយ៉ាងណាក្តីបារម្ភក៏កំពុងកើនឡើងផងដែរអំពីរបៀបដែលឧស្សាហកម្ម និងការងារនឹងផ្លាស់ប្តូរ នៅពេលដែល AI កាន់តែរីករាលដាលនៅក្នុងទីផ្សារ។
បើយោងតាមរបាយការណ៍ខែមករាពីមន្ទីរពិសោធន៍វិទ្យាសាស្ត្រកុំព្យូទ័រ និងបញ្ញាសិប្បនិមិត្តរបស់ MIT បានរកឃើញថាកន្លែងធ្វើការសព្វថ្ងៃភាគច្រើនកំពុងប្រើប្រាស់ AI យឺតជាងការព្យាករណ៍ និងការភ័យខ្លាចមួយចំនួន។ របាយការណ៍ក៏ចង្អុលបង្ហាញដែរថាការងារភាគច្រើនត្រូវបានចាត់ទុកថាងាយរងគ្រោះដោយសារការជំនួស AI ដោយវាមិននាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចដល់និយោជកនៅពេលនោះទេ។ អ្នកជំនាញក៏ជឿដែរថា ការងារជាច្រើនដែលទាមទារភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ខ្ពស់ និងអន្តរកម្មរបស់មនុស្ស ដូចជាអ្នកចិត្តសាស្រ្ត មនុស្សច្នៃប្រឌិត និងគ្រូបង្រៀន នឹងមិនចាំបាច់ជំនួសដោយ AI នោះទេ។
Musk ក៏បានសម្តែងការព្រួយបារម្ភម្តងហើយម្តងទៀតអំពី AI ផងដែរ។ នៅក្នុងសុន្ទរកថារបស់លោក លោកបានហៅបច្ចេកវិទ្យានេះថាជាការភ័យខ្លាចដ៏ធំបំផុតរបស់លោក។ លោកក៏បានលើកឡើងពី សៀវភៅ Culture Book Series របស់ Ian Banks ដែលជាស៊េរី Fantasy អំពីសង្គមដែលដំណើរការដោយបច្ចេកវិទ្យាទំនើប ជាចក្ខុវិស័យជាក់ស្តែងបំផុតនៃអនាគត AI ។ ទោះជាយ៉ាងណាក៏ដោយ Musk បានចោទសួរថានៅពេលអនាគតប្រសិនបើ AI នឹងជំនួសរាល់ការងារទាំងអស់របស់មនុស្ស តើមនុស្សអាចប្រឈមនឹងវិបត្តិផ្លូវចិត្តដែរឬទេ?










