បន្ទាប់ពីមានការបង្ហោះចែកចាយពីប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីតម្លៃហាងឆេងអេតចាយនៅលើផ្លាកប៉ាណូយ៉ាងធំៗច្បាស់ៗបែបនេះ សាធារណៈជនខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិវែកញែកព្រាតមានទាំងអ្នកពេញចិត្តនិងអ្នកមិនពេញចិត្ត។
បច្ចុប្បន្ននេះ ដោយសង្កេតឃើញថាជនក្រីក្រមួយចំនួនធំដែលបានពឹងផ្អែកលើប្រាក់ចំណូលស្ទើរតែទាំងស្រុងរបស់ពួកគេពីអាជីវកម្មរើសអេតចាយ។ ទោះជាយ៉ាងណា តាមការលើកឡើងរបស់អ្នកមួយចំនួននាពេលកន្លងមកបានឲ្យដឹងថា បើទោះបីជារើសបានច្រើនយ៉ាងណាក៏ដោយ ក៏តម្លៃនៃការលក់អេតចាយយកប្រាក់ចំណេញទាំងនោះហាក់មិនសូវកាក់កប ដោយមួយផ្នែកអាចមកពីឈ្មួញកណ្តាលជាអ្នកទិញយកនោះបន្ថោ.កតម្លៃខ្លាំងពេក។
រូបភាពចែកចាយពីបណ្តាញសង្គម បែបលេងសើចកម្សាន្តអារម្មណ៍ដោយគណនីមួយដែលមានឈ្មោះថា Lin Sn កាលពីពេលថ្មីៗនេះ គឺបានបង្ហាញពីរូបថតមួយសន្លឹក ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «មើលហាងឆេងអេតចាយផង កុំមើលតែហាងឆេងមាសពេក ធុញណាស់។ បញ្ជាក់ខ្ញុំមិនមែនជាអ្នកលក់អេតចាយទេ ហើយរូបហ្នឹងផុសលេងទេ អរគុណ!»។
តាមរយៈរូបភាពដែលបានដាក់បង្ហោះដោយគណនីខាងលើគឺបានបង្ហាញឲ្យឃើញពីតម្លៃហាងឆេងអេតចាយដូចតទៅ៖ ដបទឹកសុទ្ធ១គីឡូ/១០០០រៀល កំប៉ុងបៀរ១គីឡូ/៧០០០រៀលដែកក្រាស់១គីឡូ/១២០០រៀល ដែកស្តើង១គីឡូ/៦០០រៀល ក្រដាសកេស១គីឡូ/៣៥០រៀល អាគុយ១គីឡូ/៤០០០រៀល ដឺរ៉ា១គីឡូ/៦០០០រៀល ស្ពាន់១គីឡូ/៣០០០០រៀល។
យោងតាមការដាក់បង្ហោះខាងលើគឺឃើញថាមានមហាជនខ្មែរជាច្រើនចូលទៅបញ្ចេញមតិដោយអ្នកខ្លះគឺបានលើកឡើងថា«ស្ពាន់ថ្លៃយ៉ាងហ្នឹង ចឹងបានឯងចេះតែបាត់ខ្សែភ្លើង ហាហា»។ អ្នកខ្លះថា«គេដើរទិញដបទឹក១គីឡូ២០០ កំប៉ុង៥០០០/គ.ក ដែកស្តើង២០០ ទិញថោកពេកចឹងបានអេតចាយរាយពេញដីគេមិនសូវរើស»។ អ្នកខ្លះថា«ចុម!មួយគីឡូ ១០០០រៀល ពីម្សិលខ្ញុំដុតដបទឹកសុទ្ធចោលអស់ជាង១០បាវ ព្រោះនៅតំបន់នេះគ្មានអ្នកទិញ»។ អ្នកខ្លះថា «នៅណានឹងបានថ្លៃល្អម្លេះកំប៉ុងបៀវ នៅខ្ញុំតែ ៥៥០០៛ ដល់លែងសូវលក់អោយ ៦០០០៛»។ អ្នកខ្លះថា «ដបទឹកសុទ្ធនៅខាងខ្ញុំនេះមួយគីឡូតែ ៣០០៛ ទេចំណែកកំប៉ុងស្រាបៀរមួយគីឡូ ៥០០០៛»។
អ្នកខ្លះថា «ចប់ហើយ អ្នកដើរទិញអេតចាយគ្នាយើងរកស៊ីលែងបានហើយ បើមានគេយកតម្លៃហាងឆេងប្រាប់គេអស់ហើយ»។ អ្នកខ្លះទៀតថា «ចេះតែដាក់ហើយ.ងាប់គ្នាដើរទិញ.ខ្លះធាក់កង់ខ្លះម៉ូត៉ូ.មិនមានតម្លៃថ្លៃចឹងអោយពួកគាត់ទិញទេ.ហើយហាងឆេងថ្លៃថោកទៅតាមខេត្តរឺតំតប់តម្លៃខុសគ្នាដាច់»។ អ្នកខ្លះថា«ទុកឲ្យកូនកញ្រ្ចែងដូចពួកខ្ញុំរស់ផង កុំបង្ហាញច្បាស់ពេក ពិបាកទិញណាស់បើគេដឹងតម្លៃ»៕










