បន្ទាប់ពីរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រជនជាតិខ្មែរកាលពីដើមឆ្នាំ២០២៤ នៅពេល Seungri បានលេចវត្តមាននៅលើទឹកដីកម្ពុជា ឥឡូវនេះត្រូវបានគេរាយការណ៍ថា អតីតតារាចម្រៀងរូបនេះគ្រោងនឹងបើកក្លឹបកម្សាន្តមួយនៅប្រទេសកម្ពុជាយើង នេះបើយោងតាមការចុះផ្សាយរបស់ Koreaboo នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ 
ប្រិយមិត្តដែលជាអ្នកគាំទ្រវិស័យ K-pop ប្រាកដជាបានស្គាល់តារាចម្រៀង Seungri អតីតសមាជិក BigBang ហើយដែលគាត់គឺជាបុគ្គលមួយរូបមានរឿងស្រូវផ្លូវ.ភេទ និងគ្រឿង.ញៀនកាលពីឆ្នាំ ២០១៨។ ទោះបីជាបច្ចុប្បន្នគាត់ត្រូវបានដោះលែងពីពន្ធនាគារក៏ដោយ ក៏តារារូបនេះនៅតែទាក់ទាញការចាប់អារម្មណ៍ពីមហាជនចំពោះការបង្ករឿងចម្រូងចម្រាសជាបន្តបន្ទាប់។ នៅថ្ងៃទី២៤ ឧសភាថ្មីៗនេះ បើយោងតាមសារព័ត៌មានកូរ៉េបានរាយការណ៍ថា Seungri កំពុងរៀបចំបើកក្លឹបមួយនៅកម្ពុជា។ តាមប្រភពជិតស្និទ្ធគាត់បានបញ្ចប់ការធានាការវិនិយោគឱ្យក្លឹបនោះរួចទៅហើយ។
ប្រសិនបើ Seungri ពិតជាបើកក្លឹបកម្សាន្តក្នុងប្រទេសកម្ពុជាយើងមែន មានន័យថា នេះជាលើកទីពីរហើយដែលគាត់បានបើកឧស្សាហកម្មនេះ។ កាលពីមុនគាត់បានបើកក្លឹបមួយដែលមានឈ្មោះថា Burning Sun ដែលជាក្លឹបរាត្រីមួយក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េ ដែលក្លឹបនេះជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់ ដូចជាពេស្យា.ចារ និងការប្រើប្រាស់គ្រឿង.ញៀន។ បើយោងតាមរបាយការណ៍បានឱ្យដឹងទៀតថា តារារូបនេះបច្ចុប្បន្នកំពុងបន្តទំនាក់ទំនងជាមួយថៅកែអ្នកចែកចាយគ្រឿងស្រវឹង និងក្លឹបជាមួយស្រីៗជាច្រើន ដែលវាមើលទៅហាក់ដូចជាទាក់ទងនឹងអាជីវកម្មខុសច្បាប់ដូចពីមុន។ 
គួរបញ្ជាក់ដែរថា រឿងអាស្រូវ The Burning Sun គឺជារឿងដ៏ធំបំផុតមួយដែលបានអង្រួនឧស្សាហកម្ម K-Pop ដោយសារវាពាក់ពន្ធ័នឹងសកម្មភាពខុសច្បាប់ រួមមានការសេពគ្រឿង.ញៀន ការថតវីដេអូខុសច្បាប់ ការរំលោភ.ផ្លូវភេទ ព្រមទាំងការជជែកជាក្រុមដ៏ល្បីដែលមាន Seungri និងមិត្តភក្តិតារាផ្សេងទៀត។ ការជជែកជាក្រុមបានចែករំលែកការថតដោយខុសច្បាប់នូវខ្លឹមសារអាស.អាភាស និងជាមធ្យោបាយមួយសម្រាប់ Seungri ក្នុងការគ្រប់គ្រង និងសម្រួលដល់ពេស្យា.ចារ។ 
នៅឆ្នាំ ២០២០ Seungri បានសារភាពកំហុសក្នុងការសម្របសម្រួលពេស្យា.ចារ ការថតភាពយន្តខុសច្បាប់ ការលេងល្បែងស៊ីសងជាទម្លាប់ និងអ្វីៗជាច្រើនទៀត។ គាត់ត្រូវបានកាត់ទោសឱ្យជាប់.គុកមួយឆ្នាំកន្លះ។ ទោះជាយ៉ាងណាបច្ចុប្បន្នមានពាក្យចចាមអារ៉ាមថា Seungri កំពុងចាប់ផ្តើមបើក្លឹបកម្សាន្តនៅប្រទេសកម្ពុជាយើង ហេតុនេះហើយតើបងប្អូនគិតយ៉ាងមិចដែរជុំវិញករណីនេះ?










