Hailey Bieber ដែលជាតារាម៉ូឌែលល្បីឈ្មោះម្នាក់របស់សហរដ្ឋអាមេរិក និងជាភរិយាសំណប់ចិត្តរបស់ Justin Bieber ថ្មីៗនេះបានបង្ហើបគន្លឹះថែរក្សាសម្រស់ឱ្យស្រស់ផូរផង់ និងមានសុខភាពល្អជាមួយរូបមន្តធម្មជាតិងាយៗទាំងនេះ ដែលអាចអនុវត្តនៅផ្ទះបាន ជួយកាត់បន្ថយថវិកា ធ្វើឱ្យស្បែកមានសំណើមនិងក្រអូមជាប់ ២៤ ម៉ោង។ បន្ទាប់ពីទទួលបានដំណឹងល្អនៃការមានផ្ទៃពោះ Hailey Bieber តែងតែអនុវត្តវិធីសាស្ត្រធ្វើសេរ៉ូមនៅផ្ទះដោយខ្លួនឯង ដោយរូបមន្តទាំងនេះក៏ជួយឱ្យម្តាយវ័យក្មេងមានសុខភាពល្អផងដែរ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រធ្វើសេរ៉ូមនៅផ្ទះដោយខ្លួនឯង ដែលតារាម៉ូឌែលវ័យ ២៧ ឆ្នាំរូបនេះតែងតែអនុវត្ត៖
១.ធ្វើសេរ៉ូមពីជែល Aloe Vera៖ Aloe vera ត្រូវបានទទួលស្គាល់ថាជាផលិតផលថែរក្សាសម្រស់ដ៏ល្អបំផុតសម្រាប់ស្ត្រី ដោយសារវាមានលក្ខណៈសម្បត្តិនៃការផ្តល់សំណើម ជួយឱ្យស្បែករលោង និងកម្ចាត់ស្នាមជ្រួញ។ Hailey បានបង្ហើបពីរបៀបធ្វើសេរ៉ូមដោយដំបូងយើងត្រូវ យកជែលចេញពីស្លឹក aloe vera ស្រស់ ហើយកិនឱ្យម៉ត់រលោង រួចលាយជែលជាមួយប្រេងលាបមុខដែលអ្នកចូលចិត្តដូចជាប្រេងអាល់ម៉ុន ពីរបីដំណក់ ដើម្បីបង្កើនអត្ថប្រយោជន៍នៃការផ្តល់សំណើមរបស់វា។ 
បន្ទាប់មកយកសេរ៉ូមដាក់ចូលក្នុងប្រអប់កញ្ចក់ ហើយទុកក្នុងទូទឹកកក ដើម្បីឱ្យវាត្រជាក់ពេលលាប។ នៅពេលអ្នកចាប់ផ្តើមលាប ចូលលាងសម្អាតមុខជាមួយទឹកត្រជាក់ជាមុនសិន ហើយលាបក្នុងបរិមាណតិចតួច និងប្រើមួយថ្ងៃពីរដង ដើម្បីបង្កើនជាតិទឹក ធ្វើឱ្យស្បែកភ្លឺថ្លាតាមបែបធម្មជាតិ។
២.ធ្វើសេរ៉ូមទឹកឃ្មុំ និងក្រូចឆ្មា៖ ក្រូចឆ្មាមានផ្ទុកអាស៊ីតវីតាមីន C ជាច្រើនដែលជាសារធាតុចិញ្ចឹមជួយឱ្យស្បែកភ្លឺថ្លាតាមបែបធម្មជាតិ មានប្រសិទ្ធភាពបំបាត់ស្នាមអុចខ្មៅ និងពង្រឹងស្បែកឱ្យភ្លឺថ្លា។ រីឯទឹកឃ្មុំវិញគឺជាសារធាតុផ្តល់សំណើមធម្មជាតិដែលអាចរក្សាសំណើមដល់ស្បែក ខណៈពេលដែលក្រូចឆ្មាធ្វើឱ្យភ្លឺ និងធ្វើឱ្យស្បែកប្រសើរឡើង។ 
ដូច្នេះសម្រាប់រូបមន្ត Hailey បានបង្ហើបថា ជាដំបូងអ្នកត្រូវលាយទឹកឃ្មុំសុទ្ធ និងទឹកក្រូចឆ្មារច្របាច់ស្រស់ក្នុងសមាមាត្រ ១:១ រហូតដល់វាចូលគ្នាល្អ បន្ទាប់មកបន្ថែមប្រេងផ្កាឡាវេនឌ័រពីរបីដំណក់ ដើម្បីឱ្យក្លិនក្រអូបស្រាល រួចផ្ទេរសេរ៉ូមនេះទៅដាក់ក្នុងប្រអប់កែវស្អាតមួយ ហើយទុកក្នុងកន្លែងត្រជាក់ងងឹត។ បន្ទាប់មកទៀតលាបស្រទាប់ស្តើងលើស្បែក ហើយទុកចោល ១០-១៥ នាទី មុននឹងលាងចេញជាមួយទឹកក្តៅឧណ្ហៗ ដោយអ្នកត្រូវលាបជាប្រចាំ នោះអ្នកនឹងឃើញស្បែកភ្លឺថ្លា ទន់រលោង៕










