ជឿជាក់ថាព្រឹត្តិការណ៍ដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកានលើកទី៧៧ ទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាល្បីៗកម្ពុជាជាច្រើនរូបមានឱកាសបង្ហាញខ្លួននៅទីនេះ។ យ៉ាងណាមិញ ទន្ទឹមនឹងទស្សនិកជនបានឃើញពីភាពស្រស់ស្អាតរបស់សិល្បការិនីក្នុងឈុតសំលៀកបំពាក់លើកស្ទួយវប្បធម៌នោះយើងមកដឹងទាំងអស់គ្នាតើផលិតករភាពយន្តកម្ពុជាណាខ្លះបានចូលរួមមហោស្រពភាពយន្តទីក្រុងកានក្នុងឆ្នាំនេះ។
តាមការឱ្យដឹងពីលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តនៅលើបណ្តាញសង្គមហ្វេកប៊ុកបញ្ជាក់ថា ស្នាដៃភាពយន្តរឿង «ការណាត់ជួបជាមួយប៉ុល ពត» ( Rendezvous-Vous Avec Pol Pot) របស់ផលិតករភាពយន្ត លោក ប៉ាន់ រិទ្ធី ត្រូវបានជ្រើសរើសជាផ្លូវការ និងបានចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តទីក្រុងកាន ហើយត្រៀមចាក់បញ្ចាំងក្នុងប្រទេសបារាំងនាខែមិថុនា នេះផងដែរ។
ទី២នោះគឺជា កញ្ញា សាន ដានិច ផលិតករនៃផលិតកម្ម អេនធីអាខាយ (Anti Achieve) នឹងត្រូវចូលរួមដើម្បីធ្វើបទបង្ហាញស្នាដៃភាពយន្តខ្នាតវែងលើកដំបូងរបស់នាង គឺរឿង To Leave, To Stay ក្នុងកម្មវិធី Pitching ខណ:ដែលផលិតករវ័យក្មេងរូបនេះត្រូវបានអញ្ជើញចូលរួមក្នុងផ្នែកមួយនៃកម្មវិធី Cinefondation scriptwriting residency នៅក្នុងទីក្រុងប៉ារីស។ .png)
ផលិតករកូនខ្មែរដែលបានចូលរួមទៀតគឺជា កញ្ញា រិទ្ធី លំអរពេជ្រ ត្រូវបានអញ្ជើញចូលរួមក្នុងមហោស្រពភាពយន្តទីក្រុងកាន ក្នុងផ្នែកមួយនៃកម្មវិធី Director’s Factory Program របស់ហ្វីលីពីន ហើយភាពយន្តខ្លីដែលនាង ដែលសហការដឹកនាំរឿងជាមួយអ្នកដឹកនាំរឿង ហ្វីលីពីន គឺរឿង Silig នឹងត្រូវចាក់បញ្ចាំងផងដែរ។ ជាមួយនេះ កញ្ញា រិទ្ធី លំអរពេជ្រ នឹងត្រូវចូលរួមដើម្បីធ្វើបទបង្ហាញគម្រោងស្នាដៃភាពយន្តខ្នាតវែងគឺរឿង «រំដួល» ដែលមានកញ្ញា ឡរ៉ា ម៉មទេវី ជាផលិតករ នៅក្នុងកម្មវិធី Pitching ផងដែរ។ 
លោក បូរក្ស បានឱ្យដឹងទៀតថាលោក តែ ឡូយ ផលិតករនៃផលិតកម្ម កងចក្រ ភីកឈ័រ ត្រូវបានអញ្ជើញចូលរួមក្នុងនាមជា សហផលិតករ (associate producer) ក្នុងភាពយន្តរបស់វៀតណាម គឺរឿង Viet and Nam ដែលត្រូវបានជ្រើសរើសជាភាពយន្តសម្រាប់ការប្រកួតប្រជែង Un Certain Regard។ លើសពីបន្ទាប់ពីបានចាក់បញ្ចាំង ខ្សែភាពយន្តរឿង «អ្នកស្នងអាគារ»( Tenement) ដែលផលិតដោយផលិតកម្មកងចក្រភីកឈ័រ នៅក្នុងមហោស្រពជាច្រើនជុំវិញពិភពលោកដូចជានៅទីក្រុងរ៉ូស្ទឹដែម, ប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិកមកភាពយន្តខ្នាតធំមួយនេះក៏មានវត្តមាននៅក្នុងមហោស្រពភាពយន្តទីក្រុងកាន ជាមួយនឹងភ្នាក់ងារចែកចាយភាពយន្ត ក្រុមហ៊ុន «Reel Suspects» បាននាំយកខ្សែភាពយន្តនេះធ្វើកិច្ចព្រមព្រៀងជាច្រើន ដោយធានាបាននូវការចាក់បញ្ចាំងនៅជុំវិញពិភពលោក។ ភាពយន្តនេះមានគម្រោងចាក់ផ្សាយនៅចុងឆ្នាំនេះ។.png)
ប្រធាននាយកដ្ឋានភាពយន្ត បានបន្ថែមចុងក្រោយដែរថា ក្រៅពីផលិតករភាពយន្ត ក៏មានតារាសម្តែង និងអ្នកច្នៃម៉ូតសំលៀកបំពាក់កម្ពុជាបានចូលរួមនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកានលើកទី៧៧នេះផងដែរដែលគេដឹងថាមានដូចជា តារាសម្តែង ស៊ីន យូប៊ីន ស៊ីន ជេននី អ្នកច្នៃម៉ូត អូលីវ៉ា គង់ កញ្ញា មាន សូនីតា រួមជាមួយលោក ម៉ានិត៕.png)










