ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងអនុញ្ញាតឱ្យពលរដ្ឋពេញវ័យមានសញ្ជាតិ២ ដើម្បីទាក់ទាញយុវជនមានជំនាញការងារត្រឡប់មកធ្វើការនៅប្រទេសកំណើតវិញ ។ យុវជនឥណ្ឌូណេស៊ីជាច្រើននាក់បានសម្រេចចិត្តទៅធ្វើការនៅប្រទេសជឿនលឿន ហើយពេលទទួលបានសញ្ជាតិប្រទេសនោះ ពួកគេពុំចង់ត្រឡប់មកឥណ្ឌូណេស៊ីវិញទេ ព្រោះខ្លាចរដ្ឋាភិបាលតម្រូវឱ្យបោះបង់សញ្ជាតិបរទេស ។
បច្ចុប្បន្ន ប្រទេសឥណ្ឌូណេស៊ីពុំអនុញ្ញាតឱ្យពលរដ្ឋពេញវ័យយកសញ្ជាតិ២ទេ ហើយច្បាប់សញ្ជាតិ ឆ្នាំ២០០៦ ចែងថា ៖ «កូនកើតចេញពីឪពុក និងម្តាយ ដែលម្នាក់ជាជនជាតិឥណ្ឌូណេស៊ី និងម្នាក់ទៀតជាជនបរទេស គឺអាចកាន់លិខិតឆ្លងដែន២ក្បាល រហូតដល់អាយុ១៨ឆ្នាំ ។ បន្ទាប់មក កូននោះនឹងមានពេល៣ឆ្នាំ ដើម្បីដាក់ពាក្យស្នើសុំសញ្ជាតិណាមួយដែលខ្លួនត្រូវការ» ។
គោលនយោបាយអនុញ្ញាតឱ្យពលរដ្ឋឥណ្ឌូណេស៊ីមានសញ្ជាតិ២ គឺក្នុងគោលបំណងទាក់ទាញយុវជនមានជំនាញការងារត្រឡប់មកធ្វើការនៅឥណ្ឌូណេស៊ីវិញ ខណៈពួកគេបានទៅធ្វើការនៅប្រទេសជឿនលឿន ដោយសារបានទទួលប្រាក់ខែខ្ពស់ជាង និងមានឱកាសច្រើនជាង ។ ហេតុនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងកំណត់គោលនយោបាយឱ្យពួកគេមកធ្វើការក្នុងប្រទេសកំណើតវិញ ហើយពុំចាំបាច់បោះបង់សញ្ជាតិបរទេស ។
ចំណែកប្រទេសគោលដៅដែលយុវជនឥណ្ឌូណេស៊ីចូលចិត្តទៅធ្វើការនោះ គឺសិង្ហបុរី ។ កន្លងមក រដ្ឋាភិបាលឥណ្ឌូណេស៊ីព្យាយាមអូសទាញយុវជនមានជំនាញការងារឱ្យមកធ្វើការនៅឥណ្ឌូណេស៊ី ដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះទាបបំផុតកាលពីឆ្នាំ២០២៣ ។
យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិឥណ្ឌូណេស៊ីបង្ហាញថា ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២២ មានពលរដ្ឋឥណ្ឌូណេស៊ីកាន់លិខិតឆ្លងដែនសិង្ហបុរី ជិតស្មើ៤.០០០នាក់ ក្នុងនោះភាគច្រើនជានិស្សិត ដែលមានអាយុចាប់ពី២៥ឆ្នាំ ទៅ៣៥ឆ្នាំ ។
TalentSquare Asia ជាក្រុមហ៊ុនស្វែងរកការងារឱ្យពលរដ្ឋឥណ្ឌូណេស៊ីឱ្យដឹងថា ការធ្វើដំណើរទៅក្រៅប្រទេសរបស់ពលរដ្ឋមានជំនាញខ្ពស់ គឺជាការគំរាមកំហែងយ៉ាងសំខាន់ដល់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ឥណ្ឌូណេស៊ី ។ វាបានក្លាយជាឧបសគ្គដើម្បីដើរឱ្យទាន់ការរីកចម្រើនសេដ្ឋកិច្ចពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។
គេសន្និដ្ឋានថា ការអនុញ្ញាតឱ្យពលរដ្ឋឥណ្ឌូណេស៊ីមានសញ្ជាតិ២ ប្រហែលជាពុំអាចរារាំងពលរដ្ឋកុំឱ្យធ្វើដំណើរទៅស្វែងរកឱកាសការងារល្អៗនៅក្រៅប្រទេសបានទេ ប៉ុន្តែវាអាចជួយឱ្យពលរដ្ឋខ្លះត្រឡប់មកបើកអាជីវកម្មនៅប្រទេសរបស់ខ្លួនវិញ ៕










