ជុំវិញការលើកឡើងរបស់គណនីមួយឈ្មោះថា Kim Kalyan Sophea ថាខ្មែរមួយចំនួនសម្បូរលុយទៅជះនៅស្រុកគេ អួតម៉ូតសំលៀកបំពាក់បោកភ្នែកទស្សនិកជនក្នុងស្រុក ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម។ យ៉ាងណាមិញ ពាក្យបញ្ឆិតបញ្ឆៀងនេះបានធ្វើឱ្យអ្នកច្នៃម៉ូតល្បី អូលីវ៉ា គង់ ចេញមកឆ្លើយតបវិញដោយមិនសំចៃ ហើយការលើកឡើងនេះជាការវាយប្រហារមកលើអ្នកខំចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក។
Live ចេញពីប្រទេសបារាំង លោក ម៉ែន សីហា ហៅអូលីវ៉ា គង់ បានចេញមកឆ្លើយតបការលើកឡើងរបស់ម្ចាស់គណនី Kim Kalyan Sophea ដែលបានបោះសម្តីថា ខ្មែរយកលុយមកជះស្រុកគេ។ ការបង្ហោះនេះលោកថា មិនខុសនោះទេសម្រាប់គំនិតខ្លួនឯង ប៉ុន្តែមិនអាចនិយាយដាក់ដូចជាខ្លួនលោកជាដើមព្រោះការមកនេះគឺលោកមានក្តីសុបិន ឆន្ទៈរបស់ខ្លួនព្រោះកម្មវិធីមួយៗមានប្រទេសជាច្រើនចូលរួមទូទាំងពិភពលោក។ លោក បន្តថា ពេលខ្មែរមកដល់វាយប្រហារដោយបានចោទសួរវិញថាវិស័យកុនអត់ពាក់ព័ន្ធជាមួយអ្នកច្នៃម៉ូតទេឬយ៉ាងណា ឬមួយតួកុនថតរឿងដោយគ្មានសំលៀកបំពាក់?។
លោក អូលីវ៉ា គង់ ថា ពេលលោកចូលរួមនេះមានអ្នកទំនាក់ទំនងមកជាច្រើនដើម្បីបានម៉ូតអ្វីដែលប្លែកទាំងដែលប៉ងចង់ឱ្យមានប្រ៊េនខ្មែរឆាកអន្តរជាតិទាំងលោកមានប៊្រេនផ្ទាល់ខ្លួនបង្ហាញទៅកាន់អន្តរជាតិបែរមកវាយប្រហារយកលុយទៅជះ។ អ្នកច្នៃម៉ូតរូបនេះបានបង្ហាញថាការមកលើកនេះគឺគោលបំណងក្នុងនាមលោកជាអ្នកច្នៃម៉ូតលោកចង់ឱ្យប្រ៊េនលោកល្បីចង់ឱ្យមានខោអាវលោកដើរលើកម្រាលព្រំក្រហម ជាអត្ថប្រយោជន៍សម្រាប់លោក។ 
លោក ម៉ែន សីហា បន្ថែមទៀតថា បើខ្លួនយកលុយមកជះមែនលោកដើរទៅតាមទីក្រុងៗផ្សេងៗបាត់ហើយមិនមែនចំណាយលុយធ្វើឈុតសំលៀកបំពាក់ដកស្រង់ពីខ្មែរ បង្ហាញវប្បធម៌ខ្មែរពីភាពសម្បូរបែប ពីភាពជឿនលឿនរស់ក្រោមដំបូលសន្តិភាព។ លោក អូលីវ៉ា ថាគួររៀនបើកចិត្តទទួលយកចំណុចវិជ្ជមានដែលគេលះបង់។ លោកថា ការមកនេះចំណាយលុយពិតមែននៅលើប្រទេសគេ ប៉ុន្តែទទួលបានអត្ថប្រយោជន៍ ប្រជាជនខ្មែររង់ចាំមើលហើយកូនខ្មែរមួយចំនួនមិនទាន់ស្គាល់សិល្បៈវប្បធម៌ខ្មែរអស់នោះទេ ហើយអ្វីមិនទើសទាល់អ្នកបង្កើតមាតិកាប៉ះពាល់ដល់សង្គមមកទើសអ្នកផ្សព្វផ្សាយវប្បធម៌។
អ្នកច្នៃម៉ូតទទួលបានពានរង្វាន់អន្តរជាតិរូបនេះ បន្ថែមទៀតថា ការដែលអ្នកគ្រប់គ្នាបង្ហាញវត្តមានលើកម្រាលព្រំក្រហមសុទ្ធតែមានគោលបំណងរៀងៗខ្លួនមិនមែនមកសម្ញែងដូចការលើកឡើងនោះទេ។
គួរបញ្ជាក់ថា ឈុតទី២ដែលអ្នកច្នៃម៉ូតរូបនេះយកទៅដើរលើកម្រាលព្រំមានឈ្មោះថា ឈុតសមរាត្រីបរមវិស្ណុលោកដោយក្នុងនោះបានបង្ហាញអំពីល្ខោនស្បែកខ្មែរ និងរូបប្រាសាទអង្គរវត្ដនៅពេលព្រះអាទិត្យរះចំកំពូលនៃប្រាសាទអង្គរវត្ដ៕










