ប្រទេសឥណ្ឌា ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទសរាយការណ៍ថា យន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline បានហោះទៅបុកសត្វស្លាបកវែងមួយហ្វូង ក្នុងអំឡុងពេលយន្តហោះនេះត្រៀមចុះចតនៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងបុមបៃ ប្រទេសឥណ្ឌា ។ ហេតុការណ៍នេះបណ្តាលឱ្យសត្វស្លាបងា.ប់ យ៉ាងហោចណាស់ ចំនួន៣៦ក្បាល ។
សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុងបុមបៃ ប្រទេសឥណ្ឌាថា ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី២០ ខែឧសភា កន្លងមក គឺយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ដែលជារបស់សហព័ន្ធអារ៉ាប់រួម បានហោះបុកសត្វស្លាបកងវែង១ហ្វូង មុនពេលយន្តហោះនេះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងបុមបៃ ។
មន្ត្រីក្រុមហ៊ុនអាកាសចរណ៍ Emirates Airline បញ្ជាក់ថា ជើងហោះហើរ EK508 បានធ្វើដំណើរចាកចេញពីទីក្រុងឌូបៃ មកកាន់ទីក្រុងបុមបៃ និងមានអ្នកដំណើរជាង៣០០នាក់ បានចុះចតដោយសុវត្ថិភាពនៅប្រទេសឥណ្ឌា ។ ប៉ុន្តែអាកាសយានិកចាំបាច់ត្រូវតែចតយន្តហោះនេះមួយកន្លែងសិន ក្រោយពីខូចខាតដោយសារបុកសត្វស្លាប ។
មន្ត្រីក្រុមហ៊ុនអាកាសចរណ៍បន្តថា ៖ «យន្តហោះបានចុះចតដោយសុវត្ថិភាព ខណៈអ្នកដំណើរ និងបុគ្គលិកបម្រើការក្នុងយន្តហោះទាំងអស់បានចុះពីយន្តហោះ ហើយ
គ្មានអ្នកណាម្នាក់រងរបួសទេ ។ ប៉ុន្តែវាគួរឱ្យសោកស្តាយខ្លាំងណាស់ ដែលបាត់បង់សត្វស្លាបកវែងអស់មួយចំនួន ហើយក្រុមហ៊ុនអាកាសចរណ៍បានសហការជាមួយអាជ្ញាធរឥណ្ឌាក្នុងរឿងនេះ» ។
សត្វស្លាបកវែងរាប់ម៉ឺនក្បាលបានហើរមកកាន់ទីក្រុងបុមបៃ រដ្ឋ Maharashtra ហើយពួកវាតែងតែប្រមូលផ្តុំនៅតាមតំបន់ទឹកជាច្រើនកន្លែង ។ គេសន្និដ្ឋានថា សត្វទាំងនេះត្រូវបានយន្តហោះបុក ក្នុងអំឡុងពេលពួកវាកំពុងហើរទៅកាន់រដ្ឋ Gujarat ដែលជាកន្លែងសម្បូរចំណីអាហារ និងជាកន្លែងបន្តពូជ ។
លោក ស៊ីរ៉ាម៉ារ៉ាវ ជាមន្ត្រីរដ្ឋបាលព្រៃឈើជាន់ខ្ពស់របស់ឥណ្ឌានិយាយថា ក្រុមការងារបានចុះមកកាន់កន្លែងកើតហេតុ និងចាប់ផ្តើមស៊ើបអង្កេតករណីនេះ ដើម្បីស្វែងរកមូលហេតុការងាប់របស់សត្វស្លាប ។ រីឯលោក ថាយ៉ាណាន់ ស្តាលីន ជាមន្ត្រីបរិស្ថាននៅទីក្រុងបុមបៃ និយាយថា វាបណ្តាលមកពីខ្សែភ្លើងនៅដែនជម្រកសត្វព្រៃ ៕










