បរទេស៖ ថ្មីៗនេះប្រទេសអ៊ីតាលីបានចេញច្បាប់មួយដោយហាមអ្នកទេសចរទាំងអស់លួចខ្សាច់ ក្រួស ថ្ម និងសំបកសមុទ្រពីឆ្នេរសមុទ្រនៅលើកោះ Sardinia របស់ប្រទេស ប្រសិនបើនរណាម្នាក់ល្មើសច្បាប់អាចប្រឈមមុខនឹងការជាប់ពន្ធនា.គារ ឬពិន័យជាប្រាក់រហូតដល់ ៣,០០០ អឺរ៉ូ (ប្រមាណជាង ៣,២០០ ដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់ Euro News។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានអ្នកទេសចរជាច្រើនមកលេងកោះ Sardinia ភាគនិរតីនៃប្រទេសអ៊ីតាលីដោយសម្ងាត់ដោយពួកគេបាននាំយកខ្សាច់ ក្រួស ថ្ម និងសំបកសមុទ្រជាច្រើនត្រឡប់ទៅផ្ទះវិញ ដែលការធ្វើបែបនេះត្រូវបានផ្តន្ទាទោសពីបទលួចទ្រព្យសម្បត្តិជាតិ ដូច្នេះអ្នកទេសចរនឹងប្រឈមមុខនឹងការជាប់ពន្ធនាគារ ឬពិន័យជាប្រាក់រហូតដល់ ៣,០០០ អឺរ៉ូ ។
Pierluigi Cocco អ្នកវិទ្យាសាស្ត្របរិស្ថានក្នុងស្រុក បាននិយាយថា ការលួចខ្សាច់ និងក្រួសថ្ម “អាចមានផលវិបាកធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិ” ។ លោកបានបន្ថែមថា ភ្ញៀវដែលមកលេងកោះនេះជាច្រើននាក់តែងតែលួចខ្សាច់ គិតជាមធ្យម ៤០ គីឡូក្រាមក្នុងម្នាក់។ កោះនេះទទួលភ្ញៀវទេសចរប្រហែលមួយលាននាក់ក្នុងមួយឆ្នាំ គ្រាន់តែគុណនឹង ៥% នៃភ្ញៀវមួយលាននាក់ដែលយកខ្សាច់ ២០ គីឡូក្រាមមកផ្ទះ ចំនួនខ្សាច់ដែលបាត់គឺមានចំនួនច្រើនរួចទៅហើយ។ Cocco បានបន្តថា “ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ខ្សាច់ដែលបាត់បង់បានរួមចំណែកយ៉ាងសំខាន់ដល់ការរួមតូចនៃឆ្នេរសមុទ្រ” ។
គួររំលឹកដែរថា កាលពីដើមឆ្នាំនេះ ភ្ញៀវទេសចរមួយចំនួនត្រូវបានអជ្ញាធរចាប់ខ្លួន ខណៈដែលពួកគេរត់ពន្ធខ្សាច់ ថ្ម និងវត្ថុបុរាណពីកោះ។ អាជ្ញាធរក៏បានចោទអ្នកទេសចរជនជាតិបារាំងម្នាក់ថាបានព្យាយាមយកវត្ថុមានតម្លៃពីសមុទ្រទៅផ្ទះផងដែរ។ អ្នកទេសចរជនជាតិបារាំងនោះក៏ត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ូលិសបានរកឃើញក្រួស និងថ្ម ៤១ គីឡូក្រាមនៅក្នុងរថយន្តរបស់គាត់។ គួរបញ្ជាក់ដែរថា Sardinia គឺជាកោះដ៏ធំមួយ ដែលទាក់ទាញអ្នកទេសចរក្នុងប្រទេសអ៊ីតាលី ដោយសារឆ្នេរខ្សាច់ស និងទឹកពណ៌ខៀវថ្លា។ ប្រជាជនកោះនេះមានច្រើនជាង ១.៦ លាននាក់ ហើយជារៀងរាល់ឆ្នាំវាទទួលភ្ញៀវរហូតដល់ ១ លាននាក់៕










