ប្រទេសអូទ្រីស ៖ លោក Herbert Nitsch បានកើតនៅប្រទេសអូទ្រីស ហើយជីវិតរបស់លោកប្រៀបដូចជាត្រី១ក្បាល ដែលតែងតែហែលក្នុងទឹកជាប្រចាំ ។ លោកបានឈ្នះកំណត់ត្រាពិភពលោក ផ្នែកការជ្រមុជទឹកដោយគ្មានប្រើប្រាស់ឧបករណ៍ជំនួយសម្រាប់ដកដង្ហើម មានន័យថា លោកអាចជ្រមុជទឹកក្នុងទឹកសមុទ្រជ្រៅ ដោយសារជំនាញពិសេសរបស់លោក ។
នៅពេលជម្រុជទឹកម្តងៗ លោក Herbert Nitsch អាចទប់ដង្ហើមបានរហូតដល់រយៈពេល៩នាទី និងជ្រមុជទឹកបានជ្រៅបំផុតស្មើនឹង២៥៣ម៉ែត្រ ។ ជម្រៅនេះ គឺជាកម្រិតមួយជ្រៅជាងច្រកសមុទ្រនៅប្រទេសអង់គ្លេសទៅទៀត ។
ការហ្វឹកហាត់ជម្រុជទឹកក្នុងទឹកសមុទ្រជ្រៅបំផុតរបស់លោក Herbert Nitsch ដោយពុំចាំបាច់ប្រើប្រាស់ឧបករណ៍ជំនួយដកដង្ហើមនេះ ហៅថា «គ្មានដែនកំណត់ ឬ No Limits» ។ លោកតែងតែងហ្វឹកហាត់ជម្រុជទឹកជ្រៅជាប្រចាំដោយប្រើជំនាញពិសេស រួចហើយ លោកបណ្តែតខ្លួនឡើងមកលើផ្ទៃទឹកវិញដោយសុវត្ថិភាព និងពុំត្រូវការឧបករណ៍ជំនួយអ្វីទាំងអស់ ។
ការហ្វឹកហាត់ជ្រមុជទឹកជ្រៅដោយគ្មានឧបករណ៍ជំនួយពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយអ្នកមានជំនាញជ្រមុជទឹកផ្សេងទៀតចាត់ទុកថា វាពិបាក និងគ្រោះថ្នាក់បំផុត ។ កន្លងមក អ្នកជ្រមុជទឹកជាច្រើននាក់បានស្លាប់ក្នុងអំឡុងពេលហ្វឹកហាត់ជ្រមុជទឹកគ្មានឧបករណ៍ជំនួយ ។
លោក Herbert Nitsch បានប្រើប្រាស់បច្ចេកទេសជាច្រើន រហូតដល់មានសេចក្តីរាយកាណ៍ថា សមត្ថភាពសួតរបស់លោកបានពង្រីករហូតដល់១៤លីត្រ ខណៈសមត្ថភាពសួតជាមធ្យមរបស់មនុស្សប្រុស ស្មើនឹង៦លីត្រ ។
កាលពីខែមិថុនា ឆ្នាំ២០០៧ លោក Herbert Nitsch បានឈ្នះកំណត់ត្រាពិភពលោក ដោយលោកបានជ្រមុជទឹកក្នុងជម្រៅ២១៤ម៉ែត្រ ។ ក្រោយមក នៅឆ្នាំ២០១២ លោកបានជ្រមុជទឹកជ្រៅជាងនេះ គឺស្មើរហូតដល់២៥៣ម៉ែត្រ ឬស្មើនឹងអគារកម្ពស់៧០ជាន់ នៅបរិវេណក្បែរកោះសាន់តូរីនី ប្រទេសក្រិក ៕










